ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំសន្និសីទសារព័ត៌មាន ស្តីពី «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)»

នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ និង​ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន ស្តីពី «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)» នៅទីស្តីការក្រសួង​កសិកម្ម។ កម្មវិធីមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ទីប្រឹក្សា អង្គភាពជំនាញ​ពាក់ព័ន្ធ តំណាង​អង្គការ FAO តំណាងក្រុមហ៊ុន One Event និងអ្នកសារព័ត៌​មាន​មក​ពី២៧ស្ថាប័ន​ព័ត៌មាន។

ថ្លែងក្នុងអង្គសន្និសីទ ឯកឧត្តម ប្រាក់ ដាវីដ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ CAFE26 គឺជាគំនិតផ្ដួចផ្ដើមដោយឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ដើម្បីផ្សារភ្ជាប់​តួអង្គពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម រួមមាន៖ កសិករ អាជីវករ អ្នកផលិត អ្នកកែច្នៃ ពាណិជ្ជករ វិនិយោគិន អ្នកតាក់តែងគោលនយោបាយ ដៃគូ​អភិវឌ្ឍន៍​នានា និងសាធារណជន។ វេទិកានេះក៏នឹងបង្ហាញពីសក្តានុពល​នៃ​វិស័យ​​កសិកម្ម ដោយផ្តោតលើការលើកកម្ពស់ការកែច្នៃ ការប្រើប្រាស់បច្ចេកវិទ្យា​ទំនើប ការបង្កើតប្រព័ន្ធឌីជីថលដោះស្រាយបញ្ហាប្រឈម និងការបណ្តុះ​បណ្តាល​​​សមត្ថភាព​យុវជនជំនាន់ក្រោយផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា ការរៀបចំវេទិកា CAFE26 មិនមែនផ្តោតតែលើការតាំងពិព័រណ៍នោះទេ ប៉ុន្តែជាផ្នែកមួយ​នៃការជំរុញ​ការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការតភ្ពាប់ខ្សែច្រវាក់​តម្លៃ​ឱ្យបានពេញលេញ ត្រូវការកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ។

ឯកឧត្តមក៏បានលើកទឹកចិត្ត ដល់ស្ថាប័នព័ត៌មានទាំងអស់ ចូលរួមផ្សព្វផ្សាយ​ព្រឹត្តិការណ៍នេះ ឱ្យបានទូលំទូលាយ ទៅដល់​សាធារណជន និងអ្នកផលិតផ្ទាល់ ឱ្យត្រៀមខ្លួនចូលរួមក្នុងវេទិកា ដ៏មាន​សារសំខាន់នា​ពេល​ខាងមុខ។

សូមជម្រាបជូនថា «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» គឺជាព្រឹត្តិ​ការណ៍កសិកម្មដ៏ធំបំផុតលើកទី២ ដែលរៀបចំដោយក្រសួងកសិកម្ម សហការ​ជាមួយអង្គការ FAO ក្រុមហ៊ុន One Event និងដៃគូអភិវឌ្ឍន៍នានា។ ព្រឹត្តិ​ការណ៍ CAFE26 ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាពេល​ខាងមុខ មាន​គោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញការកែច្នៃ​ផលិផលកសិ-ស្បៀងអាហារកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ៕រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម