ពោធិ៍សាត់ ៖
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា មានផ្លូវមានសង្ឃឹម គឺផ្លូវបង្កើតសង្ឃឹម ផ្លូវបង្កើតឱកាស ផ្លូវបង្កើតអនាគត និងកសាងបន្ថែមទៀត ដែលនេះជាមូលដ្ឋានយ៉ាងសំខាន់នៃការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់រាជរដ្ឋាភិបាល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨ គ.ម ដែលបានតភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ តុលា ២០២៦។
ផ្លូវជាតិលេខ១០ ជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធសំខាន់មួយ ដែលបានប្រែក្លាយអតីតតំបន់សមរភូមិសង្គ្រាមស៊ីវិល ឱ្យទៅជាតំបន់អភិវឌ្ឍន៍ និងជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍។ ផ្លូវជាតិលេខ១០ ជួយសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ទំនិញ ព្រមទាំងជំរុញសក្តានុពលទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមតំបន់។ ជាមួយគ្នានេះ ផ្លូវនេះក៏រួមចំណែកពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងតំបន់នានានៃប្រទេស។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១០ ជាជោគជ័យថ្មីមួយទៀត នៃយុទ្ធនាការពង្រីកប្រព័ន្ធដឹកជញ្ជូន និងពង្រឹងប្រព័ន្ធឡូជីស្ទីករបស់រាជរដ្ឋាភិបាល ឱ្យកាន់តែពេញលេញ និងឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការជាក់ស្ដែង នៃការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចជាតិ ស្របតាមទិសស្លោក «ផ្លូវគឺជាមូលដ្ឋាននៃការធ្វើសមាហរណកម្មផ្ទៃក្នុង និងការអភិវឌ្ឍនៅតាមសហគមន៍» សំដៅលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាព របស់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈ ការជំរុញការធ្វើសមាហរណកម្មវិស័យកម្មន្តសាលរបស់កម្ពុជា ជាពិសេស សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងតម្លៃតំបន់ និងសកល ក៏ដូចជា លើកកម្ពស់ភាពប្រកួតប្រជែង និងពិពិធភាពសេដ្ឋកិច្ចជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការតភ្ជាប់ប្រទាក់ក្រឡារវាងភូមិភាគពាយ័ព្យ និងតំបន់ឆ្នេរសមុទ្រភាគនិរតី នៃប្រទេសកម្ពុជា គឺជាយុទ្ធសាស្ត្រវែងឆ្ងាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍភូមិភាគពាយ័ព្យកម្ពុជា, ជាពិសេសខេត្តបាត់ដំបង, ពោធិ៍សាត់ និង ប៉ៃលិន, ឱ្យក្លាយជាតំបន់ប្រកបដោយសុខសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍស្របតាមទិសស្លោក «ផ្លូវបង្កើតក្តីសង្ឃឹម, ផ្លូវបង្កើតសកម្មភាពសេដ្ឋកិច្ច និងឱកាសផ្សេងៗសម្រាប់ប្រជាជន» តាមរយៈការទាក់ទាញវិនិយោគក្នុងវិស័យ ឧស្សាហកម្ម, កសិកម្ម, ទេសចរណ៍ និង ពាណិជ្ជកម្ម, កែលម្អសេដ្ឋកិច្ចមូលដ្ឋានផ្អែកលើកត្តទាយជ្ជទានដែលមានស្រាប់ និង បង្កើតការងារនៅតាមសហគមន៍ ជាពិសេស ការកាត់បន្ថយជាអតិបរមានូវការធ្វើចំណាកស្រុក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការសាងសង់ផ្លូវជាតិលេខ១០ គឺជាការគិតគូ និងជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចមហាបបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ប្រជាជន និង រដ្ឋាភិបាលចិន ដែលបានជួយសាងសង់ផ្លូវជាតិលេខ១០នេះ និង ជួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ និងនៅគ្រប់កាលៈទេសៈ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណថ្នាក់ដឹកនាំចិន ដែលបានសន្យាបន្តផ្តល់ជំនួយឥតសំណង និងឥណទានសម្បទានដល់កម្ពុជា ព្រមទាំងលើកកម្ពស់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែខ្លាំងក្លា ជាពិសេសជំរុញការបន្ស៊ីគ្នារវាង «គំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និង ផ្លូវ» និង «យុទ្ធសាស្ត្របញ្ចកោណ» សំដៅគាំទ្រដល់ «កិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ» ព្រមទាំងពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការល្អ ដែលនឹងរួមចំណែក ដល់ការគាំទ្រ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន» និង «ការកសាងសហគមន៍ ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី» ប្រកបដោយគុណភាពខ្ពស់, កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គម្រោងនេះ នឹងផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចខ្ពស់ តាមរយៈការកាត់បន្ថយពេល និងថ្លៃដឹកជញ្ជូន, ការតភ្ជាប់រវាងភូមិភាគពាយ័ព្យ និងតំបន់ឆ្នេរសមុទ្រភាគនិរតី នៃប្រទេសកម្ពុជា, ការជំរុញពាណិជ្ជកម្ម, ការអភិវឌ្ឍរបៀងទេសចរណ៍ និងការបង្កើតកាលានុវត្តភាព សេដ្ឋកិច្ចសម្រាប់សហគមន៍តាមបណ្ដោយផ្លូវ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គម្រោងខ្សែផ្លូវជាតិលេខ១០នេះ កាត់បន្ថយចម្ងាយផ្លូវធ្វើដំណើរ ឬដឹកជញ្ជូនប្រមាណ ៣០៦គីឡូម៉ែត្រ ប្រសិនគិតពីខេត្តបាត់ដំបង ទៅខេត្តកោះកុង, ប្រមាណ ២៣០គីឡូម៉ែត្រ ប្រសិនគិតពីខេត្តពោធិ៍សាត់ ទៅខេត្តកោះកុង និងប្រមាណ ៣៧២គីឡូម៉ែត្រ ប្រសិនគិតពីខេត្តប៉ៃលិន ទៅខេត្តកោះកុង៕ រក្សាសិទ្ធិដោយ៖សុទ្ធលី



































