ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋប្រមាណ ១ ៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យដែលរងផលប៉ះពាល់ដោយទឹកជំនន់ ទឹកភ្លៀងទទួលបានសម្ភារទឹកស្អាត និងអនាម័យ

ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បាននាំយកសម្ភារទឹកស្អាត និងអនាម័យ ដែលជាជំនួយរបស់អង្គការយូនីសេហ្វប្រចាំកម្ពុជា (UNICEF) តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់ចែកជូនប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់ ទឹកភ្លៀង នៅតាមទីទួលសុវត្ថិភាព នៅក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី និងក្រុងប៉ោយប៉ែតដែលសរុបមានប្រមាណ ១ ៥០០គ្រួសារ។
សម្ភារទាំងនោះរួមមាន (១). ធុងជ័រយួរដៃចំណុះ២០លីត្រ ចំនួន១ ៥០០ (២). ប៊ីដុងជ័របត់ចំណុះ២០លីត្រ ចំនួន១ ៥០០ និង (៣). សាប៊ូដុំចំនួន ៥ ០០០ដុំ។

សូមរំលឹកផងដែរថា នាថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជន់លិចនៅតំបន់មួយចំនួនក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ព្រមទាំងអាជ្ញាធរខេត្តទាំងពីរ ជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះអាជ្ញាធរខេត្ត ស្រុក-ក្រុង កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ និងកម្លាំងស្ម័គ្រចិត្តទាំងអស់ដែលបានរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងខេត្តទាំងពីរ ក៏ដូចជានៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេសដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ បានរហ័សទាន់ពេលវេលា ទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងអរគុណផងដែរចំពោះក្រុមការងារថ្នាក់ជាតិចុះជួយតាមបណ្តាខេត្ត គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំងអស់ដែលបានផ្តល់ការគាំទ្រដល់ការសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ។
ទន្ទឹមនឹងនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយម បន្តពង្រឹងការងារស្តារអាងទឹក និងគ្រប់គ្រងប្រតិបត្តិការអាងទឹកឱ្យមានប្រសិទ្ធភាព ជាពិសេសការរៀបចំផែនការដើម្បីបញ្ចៀសទឹកដោយធ្វើយ៉ាងណាកុំឱ្យមានការលិចលង់៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម