ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាង អយ្យការចោទ ប្រកាន់ម្ចាស់គណនី «Hok Nave» ពីបទ: ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងញុះញង់ បន្ទាប់ពី សំឡេងចម្រូងចម្រាស ពាក់ព័ន្ធនឹងវីរកងទ័ពជួរមុខ លេចធ្លាយលើបណ្តាញសង្គម !!

ភ្នំពេញ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់បុរសអាយុ វ័យ ៣៦ឆ្នាំ ដែលអាជ្ញាធរបញ្ជាក់ថា ជាម្ចាស់គណនីហ្វេសប៊ុក «Hok Nave» ពីបទ: ធ្វើឲ្យខូចទឹកចិត្តកងទ័ព និង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងការបែកធ្លាយ និង ចែកចាយសំឡេងមួយដែលត្រូវបានចោទថា មានខ្លឹមសារមើលងាយកងទ័ព និងប៉ះពាល់ដល់កិត្តិយសស្ត្រីម្នាក់។

ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែកញ្ញា បានសម្រេចឃុំខ្លួនជនត្រូវចោទ ឈ្មោះ គឹម ភិរម្យ ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ដើម្បីរង់ចាំការបន្តនីតិវិធីតាមផ្លូវច្បាប់។

លោក ឆាយ ហុង ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ឈ្មោះ គឹម ភិរម្យ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៧២ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

តាមការចោទប្រកាន់ខាងលើ ជនត្រូវចោទអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់ ៥ឆ្នាំ ប្រសិនបើតុលាការរកឃើញថាមានពិរុទ្ធភាព។

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនបុរសដែលអាជ្ញាធរបញ្ជាក់ថា ជាម្ចាស់គណនី «Hok Nave» កាលពីថ្ងៃទី២៣ ខែកញ្ញា បន្ទាប់ពីមានការបែកធ្លាយ និងចែកចាយសំឡេងមួយតាមបណ្តាញសង្គម។

លោកបានឱ្យដឹងថា សំឡេងនោះត្រូវបានចែកចាយយ៉ាងទូលំទូលាយ និងបង្កឱ្យមានការជជែកវែកញែកនៅលើបណ្តាញសង្គម ដោយអាជ្ញាធរចាត់ទុកថា ខ្លឹមសារមួយចំនួនប៉ះពាល់ដល់កិត្តិយស និងទឹកចិត្តរបស់កងទ័ព ព្រមទាំងប៉ះពាល់ដល់កិត្តិយសស្ត្រីម្នាក់។

ជាមួយគ្នានេះ លោកលី សុផល ដែលជាគ្រូបង្រៀននៅវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ បានលើកឡើងថា: ក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមនឹងភាពតានតឹងពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ កងទ័ពដែលឈរជើងនៅជួរមុខត្រូវបានប្រជាពលរដ្ឋចាត់ទុកថា ជាអ្នកដែលកំពុងបំពេញភារកិច្ចការពារទឹកដី និងប្រជាពលរដ្ឋ។

លោកបាននិយាយថា: ការលើកទឹកចិត្ត និងការគាំទ្រដល់កងទ័ព គឺជារឿងសំខាន់ ខណៈលោកអំពាវនាវឱ្យប្រជាពលរដ្ឋចៀសវាងការប្រើពាក្យសម្តី ឬផ្សព្វផ្សាយខ្លឹមសារដែលអាចប៉ះពាល់ដល់ទឹកចិត្តរបស់កងទ័ពដែលកំពុងបំពេញបេសកកម្មការពារជាតិ។.រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>