ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម សោម សូរីដា ជឿជាក់យ៉ាង មុតមាំថា គ្រប់គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នឹងចូលរួមដាក់តំណាង របស់ខ្លួនដើម្បីសង្កេតមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីប្រកាសព័ត៌មានស្តីពី
កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធអំពីសភាពការណ៍ទូទៅ មុនការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។

នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាព ឯកឧត្តម សោម សូរីដា សមាជិក គ.ជ.ប ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយ ការងារសន្តិសុខ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ និងសភាពការណ៍ទូទៅមុនចាប់ផ្តើម ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សោម សូរីដា បានជម្រាបជូនថា ការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ឆ្នាំនេះមានរយៈពេល ៥៥ថ្ងៃ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ដើម្បីឱ្យដំណើរការនេះប្រព្រឹត្តទៅដោយរលូនល្អ និងទទួល បានជោគជ័យស្ថិតក្នុងបរិយាកាសនយោបាយស្ងប់ស្ងាត់ ប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ គ.ជ.ប ក៏បានចេញសេចក្តីណែនាំលេខ ០៣៣ គ.ជ.ប.ស.ណ.ន ស្តីពីកិច្ចសហការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ជូនដល់លេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប លេខាធិការដ្ឋាន រាជធានី ខេត្តរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីសហការ អនុវត្តតាមគោលការណ៍ និងវិធានការចាំបាច់មួយចំនួន។

អំពីការងារសន្តិសុខ ឯកឧត្តម សោម សូរីដា បានមានប្រសាសន៍ថា គណៈបញ្ជាការសន្តិសុខ អចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត និង គ.ជ.ប បានបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតឆ្នាំ២០២៦។ ឯកឧត្តម បានបញ្ជាក់ជូនអំពីមុខសញ្ញាសំខាន់ៗ
ដែលត្រូវការពារ គោលដៅសំខាន់ៗដែលត្រូវការពារ និងការរៀបចំយន្តការរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោត និងការរៀបចំកម្លាំងការពារនៅថ្នាក់រាជធានី ខេត្ត។ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ដែលមានស្រាប់ ត្រូវបានកំណត់ និងប្រើប្រាស់ជាយន្តការរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតរាជធានី ខេត្ត ហៅថា គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍រាជធានី ខេត្តសម្រាប់ការបោះឆ្នោត ត្រូវបំពេញមុខងារតាម ឋានៈ តួនាទី និងការទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរាជធានី ខេត្តរៀងៗខ្លួន ដែលមានស្នងការដ្ឋាន នគរបាលរាជធានី ខេត្តធ្វើជាសេនាធិការ ត្រូវគ្រប់គ្រង ដឹកនាំ និងបញ្ហាគ្រប់យន្តការរចនាសម្ព័ន្ធសន្តិសុខ និងមន្ត្រីអនុវត្តច្បាប់នៅក្រោមឱវាទ ដោយសហការជាមួយ គ.ជ.ប ឬ/និង លធ.ខប ឬ/និង កប.យស ត្រួតពិនិត្យការរៀបចំកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ ដើម្បីការពារតាមផែនការ និង សេចក្តីណែនាំផ្សេងៗដែលបានកំណត់។ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬ/និងកម្លាំងកងរាជអាវុធហត្ថ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានី ខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ ត្រូវបាន រៀបចំជាភ្នាក់ងារសន្តិសុខបោះឆ្នោត តាមសំណូមពរចាំបាច់របស់ គ.ជ.ប ឬ/និង លធ.ខប ឬ/និង កប.ឃស។

ចំពោះការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ឯកឧត្តម សោម សូរីដា បានមានប្រសាសន៍ថា គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ មានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួនមួយចំនួនតាមការចាំបាច់របស់គណបក្ស ដើម្បី សង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ ឬតាម ការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលបានកំណត់ដោយ គ.ជ.ប។ គណបក្សនយោបាយ ដែលមានបំណងចាត់តាំងភ្នាក់ងាររបស់ខ្លួន ត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួនទៅក្រុមប្រឹក្សា ឃុំ សង្កាត់ ៧ថ្ងៃ មុនថ្ងៃចាប់ផ្តើមដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតរហូតដល់ ១០ថ្ងៃ មុនថ្ងៃបញ្ចប់ដំណើរការនេះ។ កាលបរិច្ឆេទនៃការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ចាប់ផ្តើម ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ និងបញ្ចប់នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៧។ ពាក្យសុំចុះឈ្មោះភ្នាក់ងារ តាមទម្រង់បែបបទលេខ ១០០៧ ផ្តល់ជូនដោយ គ.ជ.ប ដោយឥតគិតថ្លៃ ឬអាចទាញយកពីអាសយដ្ឋានវេប គ.ជ.ប www.nec.gov.kh។ ចំពោះអភិបាល អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មេភូមិ ជំនួយការមេភូមិ និងកម្លាំង ប្រដាប់អាវុធ មិនត្រូវបានអនុញ្ញាតឱ្យធ្វើជាភ្នាក់ងារគណបក្សនយោបាយដើម្បីសង្កេតមើលដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឡើយ។

ឯកឧត្តម សោម សូរីដា បានមានប្រសាសន៍បន្តទៀតថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ គណបក្សនយោបាយចំនួន ចំនួន ១២ បានធ្វើការផ្ទេរសិទ្ធិជូនតំណាងរបស់ខ្លួន ដើម្បីចុះហត្ថលេខាលើ ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (ទ.១០០៧) សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ គណបក្សអំណាចប្រជាពលរដ្ឋ គណបក្សខ្មែរតែមួយគណបក្សប្រជាធិបតេយ្យជឿនលឿន គណបក្សខ្មែររួបរួមជាតិ គណបក្សសន្តិភាពជាតិ គណបក្សឆន្ទៈខ្មែរ គណបក្សជំនាន់ថ្មី និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
ចំពោះសភាពការណ៍ទូទៅ មុនចាប់ផ្ដើមដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតនៅតាមឃុំ សង្កាត់ ឯកឧត្តម សោម សូរីដា បានមានប្រសាសន៍ថា ការរៀបចំបញ្ជីបោះឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧. ត្រូវអនុវត្ត តាមច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ សេចក្តីសម្រេច ផែនការមេ និងប្រតិទិនដែលបានកំណត់។ ដោយសារកត្តាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមល្អ បានធ្វើឱ្យ គ.ជ.ប មានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំចាត់ចែងដំណើរការន ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ។ មកដល់ពេលនេះ គ.ជ.ប បានបំពេញ ភារកិច្ចមួយចំនួនរួចហើយមានដូចជា ការបណ្តុះបណ្តាលដល់ភាគីពាក់ព័ន្ធនៅថ្នាក់ គ.ជ.ប និងថ្នាក់ លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ការប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពី ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតជាដើម។
ក្នុងកិច្ចប្រជុំនោះ គ.ជ.ប បានឆ្លើយបំភ្លឺទៅនឹងសំណួររបស់ភាគីពាក់ព័ន្ធដែលមានវត្តមានក្នុងកិច្ចប្រជុំ ដោយ គ.ជ.ប បានពន្យល់បន្ថែមអំពីការបំពេញពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (ទ.១០០៧) ឆ្លើយបញ្ជាក់អំពីកាលបរិច្ឆេទនៃការបំពេញតួនាទីជាភ្នាក់ងារគណបក្សនយោបាយ មិនមែនត្រឹមតែក្នុង
ការិយាល័យចុះឈ្មោះបោះឆ្នោតទេ គឺអាចសង្កេតមើលដំណើរការចុះឈ្មោះបោះឆ្នោតទាំងមូលរហូតដល់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៧។ ករណីមួយទៀត អំពីការផ្ទេរសិទ្ធិរបស់គណបក្សនយោបាយ គ.ជ.ប បានជូនដំណឹងទៅគប់លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត រួចបន្តទៅដល់ក្រុមប្រឹក្សាឃុំ សង្កាត់ រួចហើយ។
ជាទីបញ្ចប់ ក្នុងនាម គ.ជ.ប ឯកឧត្តម សោម សូរីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ តំណាងក្រសួង ស្ថាប័ន គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ឯកឧត្តម សង្ឃឹម និងជឿជាក់យ៉ាង មុតមាំថា គ្រប់គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នឹងចូលរួមដាក់តំណាង របស់ខ្លួនដើម្បីសង្កេតមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នេះ។ ហើយ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះ បោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ មានសមាសភាពមកពីតំណាងអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាន នគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងក្រសួងព័ត៌មាន តំណាងគណបក្សនយោបាយចំនួន ២០ គណបក្ស តំណាងសមាគម និងអង្គការ មិនមែនរដ្ឋាភិបាលចំនួន ៩ អង្គការ សមាគម ព្រមទាំងអ្នកសារព័ត៌មានស៊ីរុបទាំងអស់ចំនួនប្រមាណ ១០០ នាក់៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>