ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បង្ក្រាបទីតាំងលក់ម៉ូតូ YAMAHA PG-1 ខុសច្បាប់ ៥កន្លែង នៅក្រុងសួង និងស្រុកមេមត់ ដកហូតបាន ៩គ្រឿង

(ខេត្តត្បូងឃ្មុំ)៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងអាជីវកម្មលក់ម៉ូតូ YAMAHA PG-1 ដែលសង្ស័យថានាំចូលខុសច្បាប់ ចំនួន ៥កន្លែង នៅក្រុងសួង និងស្រុកមេមត់ ដោយដកហូតម៉ូតូបានសរុបចំនួន ៩គ្រឿង ដើម្បីរក្សាទុក និងបន្តនីតិវិធីតាមផ្លូវច្បាប់។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងមានការសម្របសម្រួលនីតិវិធីពីលោក កែវ ភក្តី និងលោក សួន ទី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានចុះត្រួតពិនិត្យទីតាំងអាជីវកម្មចំនួន ៥កន្លែង ក្នុងនោះមាន ២ទីតាំងនៅក្រុងសួង និង ៣ទីតាំងនៅស្រុកមេមត់ ដោយបានដកហូតម៉ូតូម៉ាក YAMAHA PG-1 សរុបចំនួន ៩គ្រឿង។

ម៉ូតូទាំង ៩គ្រឿង ត្រូវបានដឹកជញ្ជូនទៅរក្សាទុកជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីបន្តនីតិវិធី និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ចំពោះអ្នកពាក់ព័ន្ធ។

បើតាមសមត្ថកិច្ច ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីទទួលបានបណ្តឹងផ្លូវការពីក្រុមហ៊ុន ខេ អេស ជី អាយ (ខេមបូឌា) ឯ.ក (KSGI Cambodia Co., Ltd.) ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខម៉ូតូម៉ាក YAMAHA នៅកម្ពុជា ពីក្រុមហ៊ុន YAMAHA HATSUDOKI KAISHA នៃប្រទេសជប៉ុន និងបានចុះបញ្ជីសិទ្ធិផ្តាច់មុខនៅក្រសួងពាណិជ្ជកម្មត្រឹមត្រូវតាមច្បាប់។

ការចាត់វិធានការនេះមានគោលបំណងពង្រឹងការអនុវត្តច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា និងការពារសិទ្ធិអាជីវកម្មស្របច្បាប់ ព្រមទាំងទប់ស្កាត់ការគេចវេះពន្ធ និងសារពើពន្ធ ដែលអាចបង្កការខាតបង់ចំណូលថវិការដ្ឋ និងប៉ះពាល់ដល់ការប្រកួតប្រជែងដោយស្មោះត្រង់ក្នុងទីផ្សារ។ ជាមួយគ្នានេះ ក៏ដើម្បីការពារផលប្រយោជន៍ និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ពីការទិញផលិតផលនាំចូលខុសច្បាប់ ដែលអាចខ្វះការធានាគុណភាព និងសេវាថែទាំត្រឹមត្រូវ។

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់អាជីវករទាំងអស់ដែលកំពុងដាក់តាំងលក់ ឬផ្សព្វផ្សាយលក់ម៉ូតូម៉ាក YAMAHA PG-1 ម៉ូដែល YAMAHA ផ្សេងទៀត ឬម៉ូតូម៉ាកដទៃទៀតដែលនាំចូលខុសច្បាប់ សូមបញ្ឈប់សកម្មភាពជាបន្ទាន់ និងអនុវត្តតាមច្បាប់ជាធរមាន។

សមត្ថកិច្ចបានបញ្ជាក់ថា នឹងបន្តសហការជាមួយស្ថាប័នអយ្យការ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ បង្ក្រាប និងដកហូតផលិតផលដែលពាក់ព័ន្ធនឹងបទល្មើសបន្ថែមទៀត ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គល និងទីតាំងដែលប្រព្រឹត្តល្មើស ដោយគ្មានការលើកលែង៕ រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>