ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃការចូលរួមរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក។
តាមការចាត់តាំងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨១ (UNGA 81) ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល អ.ស.ប. នាទីក្រុងញូវយ៉ក ក្រោមមូលបទ “ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែល សម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា»។
កិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប. លើកទី៨១ បានប្រមូលផ្តុំថ្នាក់ដឹកនាំពិភពលោកក្នុង កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងដោះស្រាយបញ្ហាប្រឈមសកល ដែលកំពុងកើនឡើង រួមមាន ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ការប្រែប្រួលអាកាសធាតុ វិសមភាព និង ការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។ ក្នុងបរិបទនេះ បណ្តារដ្ឋសមាជិកបានបញ្ជាក់ជាថ្មីពីភាព ចាំបាច់ដាច់ខាតនៃការស្តារទំនុកចិត្តលើស្ថាប័នពហុភាគី ការគោរពតាមគោលបំណង និងគោលការណ៍នៃ ធម្មនុញ្ញ អ.ស.ប. និងការធានាថា អ.ស.ប. នៅតែជាស្ថាប័នដែលប្រកាន់ខ្ជាប់នូវគោលការណ៍ តំណាងឲ្យ ទាំងអស់គ្នា មានប្រសិទ្ធភាព និងមានសមត្ថភាពក្នុងការផ្តល់ជូននូវសន្តិភាព សន្តិសុខ ការអភិវឌ្ឍ ប្រកបដោយចីរភាព និងវិបុលភាពរួមសម្រាប់ទាំងអស់គ្នា។
ក្នុងការថ្លែងបទអន្តរាគមន៍ជាតិរបស់កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះ ឯកឧត្តម បណ្ឌិត Khalilur Rahman ក្នុងឱកាសដែលត្រូវបានជ្រើសតាំងជាប្រធានមហាសន្និបាត អ.ស.ប. លើកទី៨១ និងបានសម្តែងការគោរពចំពោះ ឯកឧត្តម António Guterres អគ្គលេខាធិការ អ.ស.ប ចំពោះ ការដឹកនាំដ៏ខ្ជាប់ខ្ជួន និងការប្តេជ្ញាចិត្តចំពោះពហុភាគីនិយម។ ដោយផ្អែកលើបទពិសោធន៍របេសកម្មជាចង ប្រែក្លាយជម្លោះទៅជាសន្តិភាពយូរអង្វែង តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសន្ទនា ការផ្សះផ្សាជាតិ ស្រាយជម្លោះដោយសន្តិវិធី។ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យមានការអនុវត្ត បានពេញលេញ និងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ រួមមាន សេចក្តីប្រកាសរួមទីក្រុង កូឡាឡាំពួរ កិច្ចព្រមព្រៀងកុងសង់ស៊ីសហ៊ូសៀន (Fuxian Consensus) និងសេចក្តីថ្លែងការណ៍រួម ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងការបន្តសកម្មភាពខណ្ឌសីមានិងវាស់វែងព្រំដែននៃគណៈកម្មការព្រំដែនរួម (JBC) ជាប្រញាប់។ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីការខូចខាតបេតិកភណ្ឌវប្បធម៌ ការបារម្ភចំពោះការគំរាម កំហែងដែលបង្កដោយយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្ថានភាពមនុស្សធម៌របស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាជាង ២០,០០០ នាក់ ដែលត្រូវបានភៀសសឹក និងមិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញបាន។ ចំពោះការ ទាមទារដែនសមុទ្រ ឯកឧត្តមបានបញ្ជាក់ជាថ្មីពីផ្តួចផ្តើមរបស់កម្ពុជាក្នុងដំណើរការនីតិវិធីផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីភាគីថៃបានលុបអនុស្សរណៈនៃ ការយោគយល់គ្នា ឆ្នាំ២០០១ ដោយឯកតោភាគី ដើម្បីការពារសិទ្ធិដែនសមុទ្រអធិបតេយ្យរបស់កម្ពុជា ស្រប តាមច្បាប់អន្តរជាតិ។
លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការ ប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន រួមទាំងតាមរយៈការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការសហការជាមួយការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងបទល្មើស (UNODC) និងអង្គការប៉ូលីសអន្តរជាតិ (INTERPOL) ព្រមទាំង បានប្រកាសពីភាពត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ឯកឧត្តម ក៏បានបញ្ជាក់ជាថ្មីពីការចូលរួមចំណែក យ៉ាងយូរអង្វែងរបស់កម្ពុជាក្នុងបេសកកម្មរក្សាសន្តិភាព អ.ស.ប. ដោយបានបញ្ជូនកងកម្លាំងមួកខៀវកម្ពុជា ជាង ១០,០០០ នាក់ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។
តាមរយៈការចូលរួមយ៉ាងសកម្ម និងប្រកបដោយស្មារតីស្ថាបនានៅក្នុងមហាសន្និបាត អ.ស.ប. លើកទី៨១ កម្ពុជាបានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងពហុភាគីនិយម ការពារធម្មនុញ្ញអង្គការ សហប្រជាជាតិនិងច្បាប់អន្តរជាតិ ការពារអធិបតេយ្យនិងបូរណភាពដែនដីរបស់ខ្លួន ព្រមទាំងធ្វើការយ៉ាង ស្ថាបនាជាមួយដៃគូអន្តរជាតិ ដើម្បីឈានទៅសម្រេចបាននូវសណ្តាប់ធ្នាប់អន្តរជាតិមួយដែលមានសន្តិភាព បរិយាប័ន្ន ភាពធន់ និងផ្អែកលើវិធានច្បាប់។
នៅក្រៅកិច្ចពិភាក្សាទូទៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគី ជាមួយរដ្ឋមន្ត្រីការបរទេស និងតំណាង នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ហ្វីលីពីន អាស៊ែបៃហ្សង់ រវ៉ាន់ដា អ៊ីរ៉ង់ នីហ្សេ និងសហរដ្ឋអាម៉េរិក ក៏ដូចជាជាមួយ ឯកឧត្តម António Guterres និង លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិផ្លង់កូហ្វូនី (OIF)។ ជំនួបទាំងនេះបានផ្តល់ឱកាសក្នុង ការផ្លាស់ប្តូរយោបល់លើទំនាក់ទំនងទ្វេភាគី ការវិវត្តនៃសភាពការណ៍តំបន់ និងអន្តរជាតិ និងវិស័យដែលមាន ផលប្រយោជន៍ទៅវិញទៅមក។ ឯកឧត្តម ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ច ពិគ្រោះយោបល់នយោបាយ រវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម និងអនុស្សរណៈនៃការយោគ
យល់គ្នាស្តីពីការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជណាចក្រកម្ពុជា និងសាធរណរដ្ឋនីហ្សេ ផងដែរ៕ រក្សាសិទ្ធិដោយ៖សុទ្ធលី








