នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងអំឡុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ឯកឧត្តម អ៊ិន តារា អនុរដ្ឋលេខាធិកា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ កម្រិតខ្ពស់ ក្រោមប្រធានបទថា «ការផ្តល់ហិរញ្ញប្បទានសម្រាប់អនាគត៖ ភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីវិនិយោគលើការអភិវឌ្ឍ»។
ក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តម តារា បានគូសបញ្ជាក់ថា ការផ្តល់ហិរញ្ញប្បទានសម្រាប់អនាគត ទាមទារឱ្យមានច្រើនជាងគ្រាន់តែការប្រមូលធនធានហិរញ្ញវត្ថុប៉ុណ្ណោះ ប៉ុន្តែទាមទារឱ្យមានការកសាងទំនុកចិត្តក្នុងការវិនិយោគ។ ស្ថាប័នរឹងមាំ បទប្បញ្ញត្តិច្បាស់លាស់ គោលនយោបាយដែលអាចព្យាករណ៍បាន និងភាពជាដៃគូប្រកបដោយទំនុកចិត្ត គឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយហានិភ័យ និងបើកផ្លូវសម្រាប់ការវិនិយោគពីវិស័យឯកជន ដើម្បីកំណើនប្រកបដោយចីរភាព។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ហិរញ្ញវត្ថុសាធារណៈ និងឯកជន មិនមែនជាជម្រើសជំនួសគ្នាទៅវិញទៅមកនោះទេ ប៉ុន្តែជាដៃគូដែលមិនអាចខ្វះបាន។
កម្ពុជាកំពុងប្រែក្លាយចក្ខុវិស័យនេះទៅជាសកម្មភាពជាក់ស្តែង តាមរយៈការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការជំរុញហិរញ្ញវត្ថុបៃតង និងការប្រមូលធនធានក្នុងស្រុក។ ខណៈដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩ កម្ពុជាមានមហិច្ឆតាច្បាស់លាស់មួយ គឺការផ្លាស់ប្តូរពីការពឹងផ្អែកលើជំនួយ ទៅជាការវិនិយោគ ពីភាពអាស្រ័យលើគេ ទៅជាភាពធន់ និងពីការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍធម្មតា ទៅជាការផ្តល់ហិរញ្ញប្បទានសម្រាប់ការផ្លាស់ប្តូរជាយុទ្ធសាស្ត្រ។រក្សាសិទ្ធិដោយ៖សុទ្ធលី





