ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានរកឃើញថា នគរបាលអន្តោប្រវេសន៍ គឺ លោក អនុសេនីយ៍ទោ ភេ ផាត់ផេង អាយុ៣០ឆ្នាំ បានទទួលប្រាក់យ៉ាងតិចណាស់ ២០២,១០៧ដុល្លារ ពីការរត់ការ និង សម្របសម្រួលឱ្យជនបរទេសដែលជាប់បញ្ជីខ្មៅ និងមុខសញ្ញាពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចូលកម្ពុជាដោយខុសច្បាប់ ដើម្បីទៅធ្វើការនៅទីតាំង Online Scams លើដីរបស់មេឃុំព្រែកខ្សាច់ ខេត្តកោះកុង។
ACU បានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ថា: ចំនួនប្រាក់នេះត្រូវបានរកឃើញលើ ៣០១ ករណី ក្នុងអំឡុងខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ ខណៈការប្រមូលភស្តុតាងនៅមិនទាន់បញ្ចប់នៅឡើយ។
ការស៊ើបអង្កេតបានចាប់ផ្តើមពីករណីមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដែលត្រូវបាន ACU សង្ស័យថា: បានអនុញ្ញាតឱ្យក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបន្តប្រតិបត្តិការលើដីទំហំប្រមាណ៥ហិកតារបស់ខ្លួន បន្ទាប់ពីទីតាំងផ្សេងៗត្រូវបានសមត្ថកិច្ចបង្ក្រាប។
បើតាម អង្គភាព ACU លោក អនុសេនីយ៍ទោ ភេ ផាត់ផេង បានធ្វើការឱ្យឈ្មោះ ឆៃ យ៉ូវយៀន ជនជាតិចិន ដែលត្រូវបានស្គាល់ថាជាមេក្លោងដឹកនាំទីតាំង Online Scams នៅលើដីរបស់មេឃុំព្រែកខ្សាច់។ តួនាទីរបស់ ភេ ផាត់ផេង គឺសម្របសម្រួលឱ្យជនបរទេស និងសមាជិកក្រុមឆបោកចូលកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិតេជោ។
ACU បានចោទថា: ភេ ផាត់ផេង បានប្រើប្រាស់តួនាទីរបស់ខ្លួនផ្ទុយពីគោលការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយរៀបចំឱ្យជនបរទេសដែលមានឈ្មោះក្នុងបញ្ជីខ្មៅ អ្នកប្រើលិខិតឆ្លងដែនក្លែងក្លាយ និងក្រុមជនបរទេសដែលត្រូវការអ្នកសម្របសម្រួលនៅព្រលានយន្តហោះ អាចចូលកម្ពុជាបានដោយរលូន ជាថ្នូរនឹងប្រាក់។
បើតាម ACU សេវាខុសច្បាប់ដែល ភេ ផាត់ផេង រៀបចំ មានតម្លៃខុសៗគ្នា។ ការរត់ការចូលកម្ពុជាតាម Business Visa ត្រូវបង់ប្រមាណ ៤២០ដុល្លារ ខណៈអ្នកកើតមុនឆ្នាំ១៩៨៩ ត្រូវបង់៣៨០ដុល្លារ។
សម្រាប់ E-Commerce Entry ត្រូវបង់៩០០ដុល្លារ និង Tourist Visa ១២០ដុល្លារ ខណៈសេវា VIP Fast Track មានតម្លៃ៤៥០ដុល្លារ។
ACU បានរកឃើញថា អតិថិជនត្រូវផ្ញើសំបុត្រយន្តហោះ លិខិតឆ្លងដែន និងអត្តសញ្ញាណបណ្ណជាមុន ដើម្បីឱ្យ ភេ ផាត់ផេង រៀបចំឯកសារ និងការសម្របសម្រួលនៅពេលពួកគេមកដល់កម្ពុជា។
ក្នុងចំណោមភស្តុតាងដែល ACU ប្រមូលបាន នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ភេ ផាត់ផេង បានទទួលប្រាក់ ២,៥០៧ដុល្លារ ពាក់ព័ន្ធនឹងការរៀបចំទិដ្ឋាការសម្រាប់អតិថិជនជាច្រើននាក់។ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ លោកក៏បានទទួលប្រាក់ ១,៤៨០ដុល្លារ ពីការរៀបចំ E-Commerce Visa និង Visa ប្រភេទផ្សេងទៀតសម្រាប់ជនបរទេសពីរនាក់។
ACU ក៏បានរកឃើញថា ប្រាក់ដែលបានមកពីសកម្មភាពខុសច្បាប់ជាង២០ម៉ឺនដុល្លារ ត្រូវបានយកទៅទិញរថយន្ត និងបង់រំលោះផ្ទះនៅបុរី L Village Residence ដែលមានតម្លៃប្រមាណ៧៨,០០០ដុល្លារ។
លើសពីនេះ ACU បានរកឃើញថា ភេ ផាត់ផេង មានក្រុមសន្ទនាតាមបណ្តាញសង្គមជាភាសាចិនជាច្រើន សម្រាប់សម្របសម្រួលការចូលប្រទេសរបស់ជនបរទេស។ ក្នុងនោះមានក្រុម “អ្នកសម្របសម្រួលទាំងស្រុងនៅព្រលានភ្នំពេញ Yong Ping” ដែលមានសមាជិក១១នាក់ រួមទាំងឈ្មោះ ឆៃ យ៉ូវយៀន និងមេក្រុម Online Scams ផ្សេងទៀត។
ACU ក៏បានរកឃើញក្រុម “Bavet T-E” ដែលមានតួនាទីសម្របសម្រួលនាំជនជាតិចិនពីក្រុងព្រះសីហនុ ដើម្បីប្តូរទិដ្ឋាការប្រភេទ T ទៅប្រភេទ E ព្រមទាំងក្រុមទំនាក់ទំនងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងក្រុម Taixing។
បច្ចុប្បន្ន ភេ ផាត់ផេង ត្រូវបានក្លាយជាជនត្រូវចោទក្នុងសំណុំរឿងព្រហ្មទណ្ឌរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទរំលោភអំណាចមានប្រសិទ្ធភាព បទសមគំនិតក្នុងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឆ្នាំ២០២៦ និងបទសម្អាតប្រាក់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN







