ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងបង្ហាញពីសក្តានុពលដ៏អស្ចារ្យក្នុងការសម្រួលកិច្ចការរដ្ឋបាល ដើម្បីបង្កើនប្រសិទ្ធភាពការងារ តែក្រើនរំលឹកកុំឱ្យពឹងផ្អែកហួសកម្រិត

វិមានរដ្ឋសភា÷ក្នុងគោលដៅជំរុញការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្ពោះទៅរកស្ថាប័នឌីជីថល អគ្គលេខាធិការដ្ឋានរដ្ឋសភា កាលពីថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០២៦ ម្សិលមិញនេះបានបើកវគ្គបណ្តុះបណ្តាលស្តីពី «អភិបាលកិច្ចឌីជីថល» វគ្គទី២ ក្រោមប្រធានបទ «ការណែនាំអំពីបញ្ញាសិប្បនិម្មិត និងការអនុវត្ត» ជូនដល់មន្ត្រីរាជការរដ្ឋសភាចំនួន ៥០រូប។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានដឹកនាំសម្របសម្រួលផ្ទាល់ដោយក្រុមអ្នកស្រាវជ្រាវនៃ AI Forum រួមមាន លោកបណ្ឌិត រស់ សយម្ភូ លោក សយ វិជ្ជា និងលោក ប៉ុង ពេជ្រ។

ទោះបីជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងបង្ហាញពីសក្តានុពលដ៏អស្ចារ្យក្នុងការសម្រួលកិច្ចការរដ្ឋបាលក៏ដោយ ក្រុមអ្នកជំនាញបានគូសបញ្ជាក់យ៉ាងច្បាស់ថា ការប្រើប្រាស់ឧបករណ៍ទាំងនេះចាំបាច់ត្រូវផ្សារភ្ជាប់ជាមួយនឹងការទទួលខុសត្រូវ និងការប្រុងប្រយ័ត្នខ្ពស់បំផុត។

ថ្លែងនៅក្នុងវគ្គបណ្តុះបណ្តាល លោកបណ្ឌិត រស់ សយម្ភូ បានពន្យល់ពីដែនកំណត់ និងហានិភ័យនៃ AI ដោយលើកឡើងថា ប្រព័ន្ធ AI ដំណើរការដោយពឹងផ្អែកលើទិន្នន័យដែលមនុស្សផ្តល់ឱ្យ ហេតុនេះវាអាចបង្កើតជាលទ្ធផលដែលមានភាពលម្អៀង (Bias) ឬបង្កើតព័ត៌មានមិនពិត (Hallucination)។

លោកបណ្ឌិតបានក្រើនរំលឹកយ៉ាងមុតមាំថា៖ «ការពឹងផ្អែកលើ AI ហួសកម្រិត អាចធ្វើឱ្យចុះខ្សោយនូវសមត្ថភាពគិតពិចារណារបស់មនុស្ស។ ដូច្នេះ អ្នកប្រើប្រាស់ត្រូវមានការផ្ទៀងផ្ទាត់ជានិច្ច និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាចម្បង»។

ទន្ទឹមនឹងការគ្រប់គ្រងហានិភ័យ វគ្គនេះក៏បានបំពាក់បំប៉ននូវជំនាញអនុវត្តជាក់ស្តែងផងដែរ ការប្រើប្រាស់ GenAI ក្នុងកិច្ចការរដ្ឋបាល។ លោក សយ វិជ្ជា បានបង្ហាញពីវិធីសាស្ត្រទាញយកផលប្រយោជន៍ពី GenAI សម្រាប់ជំនួយក្នុងការតាក់តែងសេចក្តីព្រាងរបាយការណ៍ សេចក្តីព្រាងសុន្ទរកថា និងការបកប្រែភាសា។ លោកក៏បានចែករំលែកនូវរូបមន្តបញ្ជា (Prompt Engineering) ចំនួន ៥ សំខាន់ៗ ដើម្បីឱ្យលទ្ធផលចេញមកមានភាពច្បាស់លាស់ រួមមាន៖ ការកំណត់តួនាទី បរិបទ ឧទាហរណ៍ រចនាបទ និងទម្រង់នៃការឆ្លើយតប។

លោក ប៉ុង ពេជ្រ បានធ្វើបទបង្ហាញលើការអនុវត្តជាក់ស្តែងតាមរយៈប្រព័ន្ធ Gemini និង NotebookLM ដោយបានសង្កត់ធ្ងន់ថា AI គ្រាន់តែជា «ជំនួយការ» ដ៏មានសក្តានុពលក្នុងការរៀបចំ និងវិភាគឯកសារប៉ុណ្ណោះ វាមិនអាចមកជំនួសការសម្រេចចិត្តរបស់មនុស្សបានឡើយ។ មុននឹងយកទិន្នន័យដែលបង្កើតដោយ AI ទៅប្រើប្រាស់ក្នុងកិច្ចការផ្លូវការ ការត្រួតពិនិត្យភាពត្រឹមត្រូវគឺជាកាតព្វកិច្ចដែលមិនអាចខ្វះបាន។

សូមបញ្ជាក់ថាការរៀបចំវគ្គបណ្តុះបណ្តាលនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការកសាងសមត្ថភាពមន្ត្រីរាជការឱ្យដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាថ្មីៗ ដោយមិនត្រឹមតែចេះប្រើប្រាស់ដើម្បីបង្កើនល្បឿន និងផលិតភាពការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចេះថ្លឹងថ្លែងប្រកបដោយស្មារតីត្រិះរិះពិចារណា ដើម្បីរក្សាបាននូវភាពត្រឹមត្រូវ គុណភាព និងសេចក្តីទុកចិត្តនៃឯកសារផ្លូវការរបស់ស្ថាប័ននីតិប្បញ្ញត្តិដែលជាស្ថាប័នកំពូលរបស់ជាតិផងដែរ៕រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>