ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងផែនការ លោក វី ហៀង អាយុ៧៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបើករថយន្តបុកដូនជីអាយុ៨២ឆ្នាំម្នាក់ បណ្តាលឱ្យស្លាប់ ខណៈកំពុងដើរទៅវត្ត នៅខណ្ឌ៧មករា រាជធានីភ្នំពេញ។
ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្លូវលេខ១៦៩ ប្រសព្វផ្លូវលេខ១៦៤ ស្ថិតក្នុងភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា។
យោងតាមរបាយការណ៍របស់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រថយន្ត Land Cruiser ពណ៌ស ពាក់ផ្លាកលេខរដ្ឋ 14-20051 ដែលបើកបរដោយលោក វី ហៀង បានធ្វើដំណើរតាមផ្លូវលេខ១៦៩ ក្នុងទិសដៅពីជើងទៅត្បូង។
នៅពេលមកដល់ចំណុចកើតហេតុ រថយន្តបានបុកអ្នកថ្មើរជើងម្នាក់ ដែលកំពុងដើរឆ្លងផ្លូវពីទិសកើតទៅលិច បណ្តាលឱ្យរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យព្រះកុសមៈ។
ជនរងគ្រោះត្រូវបានសមត្ថកិច្ចស្គាល់ថា ឈ្មោះ វើក សារី អាយុ៨២ឆ្នាំ មានទីលំនៅក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្រោយកើតហេតុ កម្លាំងនគរបាលចរាចរណ៍បានឃាត់ខ្លួនលោក វី ហៀង ភ្លាមៗ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយCEN







