ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹង ស្ដីពីការបម្រេីសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនបង់ប្រាក់រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ។
រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការរថយន្តក្រុងចំនួន ៦០០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល៥ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦។
សេវាដឹកជញ្ជូនឥតគិតថ្លៃនេះ នឹងចាប់ផ្តើមពីថ្ងៃទី ៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ និងកម្មករ-និយោជិត ដែលត្រូវធ្វើដំណើរទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ រថយន្តក្រុងចំនួន ១០០គ្រឿង នឹងបម្រើការដឹកជញ្ជូននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងសេវារថយន្តក្រុងអាកាសយានដ្ឋានអន្តរជាតិតេជោ។
ដោយឡែក រថយន្តក្រុងចំនួន ៥០០គ្រឿង នឹងបម្រើការដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ តាមរយៈ ៦ខ្សែរត់សំខាន់ៗ។
រដ្ឋបាលរាជធានីភ្នំពេញក៏នឹងរៀបចំ ទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃ នៅក្នុងរថយន្តក្រុងតាមគោលដៅចេញដំណើរ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងអាជីវករដែលប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ សូមរក្សាតម្លៃសេវាឱ្យនៅដដែល និងកុំដំឡើងថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីចូលរួមកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។
រដ្ឋបាលរាជធានីភ្នំពេញក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ កម្មករ-និយោជិត និងអ្នកធ្វើដំណើរទាំងអស់ ឱ្យប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ និងធ្វើដំណើរដោយប្រុងប្រយ័ត្ន ដើម្បីឱ្យការធ្វើដំណើរទៅស្រុកកំណើត និងការជួបជុំក្រុមគ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រព្រឹត្តទៅដោយសុវត្ថិភាព និងផាសុកភាព។
រក្សាសិទ្ធិដោយ៖សុទ្ធលី














