ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងខេត្តបន្ទាយមានជ័យ ទទួលមរណភាព ដោយសារ ជម្ងឺធ្ងន់ធ្ងរ ខណៈកំពុងស្ថិតក្រោមការសាកសួរពាក់ព័ន្ធទីតាំង Online Scam នៅប៉ោយប៉ែត ??

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានទទួលមរណភាពនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយសារជំងឺមហារីកធ្ងន់ធ្ងរ ខណៈប៉ុន្មានថ្ងៃមុននេះ លោកត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរ ពាក់ព័ន្ធនឹងការជួលទីតាំងឱ្យក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅក្រុងប៉ោយប៉ែត។

តាមមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ សុផល ត្រូវបាននាំខ្លួនទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត ចាប់ពីថ្ងៃទី២១ ខែកញ្ញា បន្ទាប់ពីកម្លាំងជំនាញចុះបង្ក្រាបទីតាំងចំនួន២ ដែលសង្ស័យពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ប្រតិបត្តិការនេះបានរកឃើញជនបរទេស និងជនជាតិខ្មែរសរុបជាង ២០០នាក់ នៅក្នុងអគារចំនួន២។ អគារទី១ មានកម្ពស់៥ជាន់ សរុប១៧២បន្ទប់ និង១ហាល ខណៈអគារទី២ មានកម្ពស់២ជាន់ សរុប៥៩បន្ទប់ និង១ហាល។

ក្នុងចំណោមអ្នកដែលត្រូវបានរកឃើញ មានជនជាតិថៃ ១៧៤នាក់ ក្នុងនោះស្ត្រី៦៧នាក់ បង់ក្លាដេស១០នាក់ ឥណ្ឌូនេស៊ី៨នាក់ ហ្វីលីពីន៣នាក់ ចិន២នាក់ ឥណ្ឌា២នាក់ និងម៉ាឡេស៊ីម្នាក់។

សមត្ថកិច្ចក៏បានរកឃើញជនជាតិខ្មែរ២៣នាក់ ក្នុងនោះមានស្ត្រី១៥នាក់។

ជនបរទេសទាំងនោះត្រូវបានបញ្ជូនទៅមណ្ឌលកងវ៉ា ខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតិវិធី ខណៈសម្ភារៈ និងឧបករណ៍មួយចំនួនដែលសង្ស័យពាក់ព័ន្ធនឹងសកម្មភាពឆបោក ត្រូវបានរឹបអូស និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីពិនិត្យ និងចាត់ការតាមច្បាប់។

អាជ្ញាធរក៏បានសម្រេចបិទទីតាំងអគារទាំងពីរជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។

មន្ត្រីនគរបាលបានបញ្ជាក់ថា ការនាំខ្លួនលោក អ៊ុ សុផល មកសាកសួរ គឺស្ថិតក្នុងដំណើរការស្រាវជ្រាវ និងប្រមូលភស្តុតាងពាក់ព័ន្ធនឹងទីតាំងខាងលើ។

គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា លោកនៅតែស្ថិតនៅស្នងការដ្ឋាន ដើម្បីផ្តល់ការបំភ្លឺ និងឆ្លើយសំណួររបស់សមត្ថកិច្ច។

បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និង ប្រមូលភស្តុតាង ដើម្បីកំណត់អ្នកពាក់ព័ន្ធ និងចាត់វិធានការតាមផ្លូវច្បាប់។

ការទទួលមរណភាពរបស់លោក អ៊ុ សុផល នៅថ្ងៃទី២៥ ខែកញ្ញា បានកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកត្រូវបាននាំទៅសាកសួរពាក់ព័ន្ធនឹងករណីនេះ។

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារ និងសាច់ញាតិរបស់លោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល និង សូមឱ្យវិញ្ញាណក្ខន្ធលោកបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>