ខេត្តកែប៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរដ្ឋបាលតុលាការគ្រប់រូប ត្រូវយកចិត្តទុកដាក់បម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ដែលជាផ្នែកមួយដ៏សំខាន់នៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌។
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែបនៅរសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។
បន្ថែមពីនេះ, ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងនៅតាមបណ្តារាជធានី-ខេត្ត គឺជាការចាំបាច់ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាបន្តបន្ទាប់នូវការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ស្របពេលដែលមានការកើនឡើងជាលំដាប់នូវចំនួនសំណុំរឿង និងចំនួនមន្ត្រីនៅតាមសាលាជម្រះក្តី។ លើសពីនេះ, ដោយមានការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំពីសំណាក់រាជរដ្ឋាភិបាល នីតិកាលទី៧ ក៏ដូចជា រាជរដ្ឋាភិបាល នីតិកាលមុនៗ វិស័យយុត្តិធម៌បានដោះស្រាយជាបន្តបន្ទាប់នូវតម្រូវការចាំបាច់ក្នុងវិស័យយុត្តិធម៌ ពិសេស ការដោះស្រាយរកទីតាំងផ្ទាល់ខ្លួនរបស់សាលាជម្រះក្តី រហូតដល់ការសាងសង់អគារថ្មីៗនៃសាលាជម្រះក្តីនានាជាបន្តបន្ទាប់ ដែលអាចផ្តល់លទ្ធភាពឱ្យមន្រ្តីក្នុងវិស័យយុត្តិធម៌ អាចបំពេញមុខងាររបស់ខ្លួនកាន់តែមានភាពសកម្ម និង មានប្រសិទ្ធភាព ក៏ដូចជា លើកកម្ពស់នូវមុខមាត់នៃវិស័យយុត្តិធម៌ជារួមផងដែរ។ ទន្ទឹមនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការ ថ្លែងអំណរគុណជូនចំពោះរដ្ឋបាលខេត្តកែប ដែលបានផ្តល់ទីតាំងដីចំនួន ២កន្លែង រួមមាន ដីសម្រាប់សាងសង់នូវអគារសាលាដំបូងថ្មីនេះ និង មួយកន្លែងទៀតសម្រាប់ធ្វើជាឃ្លាំងរក្សាទុកវត្ថុតាង។
ឆ្លៀតក្នុងឱកាសនៃពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គពិធី អំពីទិសដៅកាងារកែទម្រងប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភិបាលនាតិកាលទី៧ នៃរដ្ឋសភា ដែលផ្តោតលើ សរសរស្តម្ភទចំនួន ២ រួមមាន៖ សសរស្តម្ភទី១- ការកែទម្រង់ការដោះស្រាយវិវាទក្នុងប្រព័ន្ធតុលាការ និង សសរស្តម្ភទី២-ការកែទម្រង់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ជាមួយគ្នានេះ, ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំ និងផ្ដាំផ្ញើ ជូនអង្គពិធីនូវចំណុចសំខាន់ៗមួយចំនួនផងដែរ ដូចខាងក្រោម៖
១-ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរដ្ឋបាលតុលាការគ្រប់រូប ត្រូវយកចិត្តទុកដាក់បម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ដែលជាផ្នែកមួយដ៏សំខាន់នៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌។
២-ត្រូវបន្តចូលរួមអនុវត្តឱ្យបានកាន់តែសកម្ម ស្វាហាប់ និង កុំឱ្យធ្លាក់ដៃនូវយុទ្ធនាការទាំង ២ គឺ យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដើម្បី ទទួលបានលទ្ធផលឱ្យកាន់តែល្អប្រសើរបន្ថែមទៀត
៣-ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ក្នុងការអនុវត្តការងាររបស់ខ្លួន និងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់ការសំណុំរឿងឱ្យបានម៉ឺងម៉ាត់ ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន និងត្រូវប្រើប្រាស់សិទ្ធិអំណាច និងឆន្ទានុសិទ្ធិរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយប្រកាន់ខ្ជាប់នូវ “ឧត្តមគតិយុត្តិធម៌” ក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។
៤- ក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបន្តលើកកម្ពស់ការអនុវត្តនូវគោលការណ៍ “គុណាធិបតេយ្យ”ក្នុងវិស័យយុត្តិធម៌។
៥-លើកទឹកចិត្តដល់ចៅក្រមទាំងអស់ ឱ្យធ្វើការសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទរវាងគូភាគី ចំពោះវិវាទណាដែលច្បាប់អនុញ្ញាតឱ្យធ្វើការសម្រុះសម្រួលផ្សះផ្សា៕រក្សាសិទ្ធិដោយ CEN





















