ភ្នំពេញ៖ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ មានជនជាតិខ្មែរ និងបរទេសសរុប ៤,៨៣៤នាក់ ត្រូវបានឃាត់ខ្លួន និង ឃុំជាបន្តបន្ទាប់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ២៣កន្លែងទូទាំងប្រទេស។
ក្នុងពេលជាមួយគ្នា មានមន្ត្រីនគរបាលជាតិ ចំនួន ៧៧នាក់ ក៏ត្រូវបានដាក់ទណ្ឌកម្មវិន័យផងដែរ ជាប់ពាក់ព័ន្ធនឹងបទល្មើសនេះ។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា: ក្នុងចំណោមជនជាប់ឃុំទាំង ៤,៨៣៤នាក់ មានជនជាតិខ្មែរ ៤៩១នាក់ និងជនបរទេស ៤,៣៤៣នាក់ មកពី ២៧សញ្ជាតិផ្សេងៗគ្នា។
លោកបានមានប្រសាសន៍ថា: ជនជាប់ឃុំទាំងនេះ ត្រូវបានបែងចែកជា ៤ប្រភេទ តាមស្ថានភាពនីតិវិធីរបស់ពួកគេ។
ប្រភេទទី១ គឺ ជនត្រូវចោទ ៤,១៦៨នាក់ ដែលត្រូវបានតំណាងអយ្យការនៅតាមសាលាដំបូងរាជធានី-ខេត្ត ចោទប្រកាន់តាមនីតិវិធីច្បាប់។
ប្រភេទទី២ គឺ ជនជាប់ចោទ ៤៤១នាក់ ដែលកំពុងស្ថិតក្រោមការគ្រប់គ្រង និងដំណើរការនីតិវិធីស៊ើបសួររបស់តុលាការ។
ប្រភេទទី៣ គឺ ពិរុទ្ធជន ១៩៤នាក់ ដែលត្រូវបានតុលាការជំនុំជម្រះ និងសម្រេចផ្តន្ទាទោសរួច ប៉ុន្តែសាលក្រមមិនទាន់ចូលជាស្ថាពរ ដោយសារសាមីខ្លួននៅមានសិទ្ធិប្តឹងតវ៉ាតាមផ្លូវច្បាប់។
ចំណែកប្រភេទទី៤ គឺ ទណ្ឌិត ៣១នាក់ ដែលត្រូវបានតុលាការផ្តន្ទាទោសដោយសាលក្រមចូលជាស្ថាពរ និងកំពុងអនុវត្តទោសតាមការកំណត់របស់តុលាការ។
ពាក់ព័ន្ធនឹងទីតាំងឃុំឃាំង លោក ទូច សុឃៈ បានបញ្ជាក់ថា ក្នុងចំណោមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ២៣កន្លែងទូទាំងប្រទេស មាន ៥ទីតាំងដែលឃុំជនពាក់ព័ន្ធបទល្មើស Online Scams ច្រើនជាងគេ។
ទីតាំងទាំងនោះ រួមមាន ពន្ធនាគារខេត្តស្វាយរៀង ដែលមានចំនួនច្រើនជាងគេ បន្ទាប់មកមាន ពន្ធនាគារខេត្តព្រះសីហនុ ពន្ធនាគារខេត្តបន្ទាយមានជ័យ មណ្ឌលអប់រំកែប្រែទី១ (ម១) និងពន្ធនាគារខេត្តកោះកុង។
ដោយឡែក ចំពោះមន្ត្រីនគរបាលជាតិ ៧៧នាក់ដែលរងទណ្ឌកម្មវិន័យ លោក ទូច សុឃៈ បានបញ្ជាក់ថា: ក្រសួងមហាផ្ទៃបានអនុវត្តវិធានការផ្ទៃក្នុងយ៉ាងម៉ឺងម៉ាត់ ទៅតាមកម្រិតនៃកំហុស និងការពាក់ព័ន្ធរបស់មន្ត្រីនីមួយៗ។
ចំពោះករណីមិនធ្ងន់ធ្ងរ ក្រសួងអនុវត្តទណ្ឌកម្មតាម «ប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ឆ្នាំ២០២៤» រួមមានការព្រមាន ការបន្ថយឋានន្តរស័ក្តិ ការផ្អាកការងារ និងបៀវត្សរ៍ជាបណ្តោះអាសន្ន រហូតដល់ការដកហូត ឬបញ្ចប់មុខតំណែង និងការបណ្តេញចេញពីក្របខណ្ឌ។
លោកបានបន្ថែមថា: ប្រសិនបើមន្ត្រីណាម្នាក់ពាក់ព័ន្ធធ្ងន់ធ្ងរ និងឈានដល់បទល្មើសព្រហ្មទណ្ឌ សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ដោយគ្មានការលើកលែង។
ការបញ្ជាក់នេះបង្ហាញថា: ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនត្រឹមតែផ្តោតលើក្រុមជនសង្ស័យ និងបណ្តាញឆបោកប៉ុណ្ណោះទេ ប៉ុន្តែក៏រួមមានការពង្រឹងវិន័យ និងការទទួលខុសត្រូវរបស់មន្ត្រីអនុវត្តច្បាប់ដែលពាក់ព័ន្ធផងដែរ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN








