ខេត្តឧត្តរមានជ័យ៖ កម្លាំងនគរបាលស្រុកត្រពាំងប្រាសាទ បានបើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដោយឃាត់ខ្លួនបុរសម្នាក់ និង រឹបអូស បានថ្នាំញៀនប្រភេទ ICE ចំនួន ៤៨កញ្ចប់ និងយ៉ាម៉ា ១៩គ្រាប់។
សមត្ថកិច្ចនគរបាល បានឲ្យដឹងថា: ជនសង្ស័យ រូបនេះ មាន ឈ្មោះ ប៉ុល តន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិត្រាំចាន ឃុំព្រះប្រឡាយ។
សមត្ថកិច្ចនគរបាល បានបញ្ជាក់ថា: នៅក្នុងប្រតិបត្តិការ នោះ សមត្ថកិច្ចបានរកឃើញ និង ដកហូតវត្ថុតាង រួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ៤៨កញ្ចប់ ក្នុងនោះ ៣កញ្ចប់ធំ និង ៤៥កញ្ចប់តូច ព្រមទាំងថ្នាំញៀនប្រភេទយ៉ាម៉ា (WY) ពណ៌ផ្កាឈូក ចំនួន ១៩គ្រាប់។
សមត្ថកិច្ចក៏បានដកហូតឧបករណ៍ប្រើប្រាស់ និងសម្ភារៈសម្រាប់វេចខ្ចប់សារធាតុញៀនមួយចំនួនទៀត។
ក្រោយឃាត់ខ្លួន ជនសង្ស័យ ព្រមទាំង វត្ថុតាងត្រូវបាននាំយកទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចាត់ការតាមនីតិវិធីច្បាប់បន្ត៕រក្សាសិទ្ធិគ្រប់ យ៉ាងដោយ CEN






