ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលគ្រឿងញៀនចំនួន ៦០កញ្ចប់ ស្មើប្រមាណ ៦០គីឡូក្រាម ពីប្រជានេសាទម្នាក់ ដែលបានប្រទះឃើញ និង បានស្រង់ពីផ្ទៃសមុទ្រ នៅតំបន់កោះសេះ ក្នុងក្រុងកំពង់សោម កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។
តាមសមត្ថកិច្ចកងរាជអាវុធហត្ថ, ប្រជានេសាទឈ្មោះ ស៊ី សឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ និង មានទីលំនៅក្នុងភូមិគីឡូ១២ សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត បានប្រទះឃើញគ្រឿងញៀនចំនួន ៣បាវ ដែលមានចំនួន ៦០កញ្ចប់ នៅលើផ្ទៃសមុទ្រ ក្បែរតំបន់កោះសេះ ហើយបានស្រង់យកមកប្រគល់ជូនសមត្ថកិច្ច។
កាលពីវេលាម៉ោង ១០៖៣០នាទីព្រឹក ថ្ងៃទី២៤ ខែកញ្ញា កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលគ្រឿងញៀនទាំងនេះ ដើម្បីធ្វើកំណត់ហេតុ និងចាត់ចែងតាមនីតិវិធី។
បើតាមមន្ត្រីអាវុធហត្ថ គ្រឿងញៀនដែលប្រជានេសាទប្រទះឃើញនេះ ត្រូវបានសង្ស័យថា ជាគ្រឿងញៀនដែលក្រុមជនសង្ស័យបានលួចទម្លាក់ចូលសមុទ្រ ខណៈកម្លាំងនគរបាលនាយកដ្ឋានការពារព្រំដែនទឹក បើកប្រតិបត្តិការបង្ក្រាបបទល្មើសនៅតំបន់កោះសេះ កាលពីយប់រំលងអធ្រាត្រ ថ្ងៃទី២៣ ខែកញ្ញា។
ក្រោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅវេលាម៉ោង ៣៖០០នាទីរសៀលថ្ងៃដដែល លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានប្រគល់គ្រឿងញៀនទាំង ៦០កញ្ចប់ ទៅលោកវរសេនីយ៍ឯក អិន សំអុល នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី តាមផ្លូវច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN







