ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេតនាក្រុមប្រឆាំងជ្រុលនិយមក្រៅប្រទេសក្នុងបំណងបំផ្លាញទំនាក់ទំនងកម្ពុជា-អាមេរិក

វាជារឿងមួយដ៏គួរឱ្យសោកស្តាយជាខ្លាំងដែលក្រុមប្រឆាំងជ្រុលនិយមកម្ពុជានៅក្រៅប្រទេស ត្រូវបានគេយកទៅប្រើប្រាសជាឧបករណ៍នយោបាយដើម្បីទាញយកឥទ្ធិពលនៅក្រៅប្រទេស និងដើម្បីប្រយោជន៍បុគ្គលដោយទាំងខ្លួនមិនដែលបានធ្វើអ្វីសោះសម្រាប់ប្រទេសជាតិក្រៅតែពីរិះគន់រដ្ឋាភិបាល និងបំផ្លាញកេរ្ត៍ឈ្មោះរបស់ប្រទេសខ្លួន។ ថ្មីៗនេះ ការបង្ហោះលើបណ្តាញសង្គម ដោយក្រុមប្រឆាំង ដែលបានគូសបញ្ជាក់ពីជំនួបរវាងលោកស្រី មូរ សុខហួរ ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ និងលោកស្រី គឹម ហុនធិត ជាមួយសមាជិកសភាអាមេរិក បានបង្ហាញពីចេតនាយ៉ាងច្បាស់នៃក្រុមនេះ ដែលតែងតែលើកឡើងពីបញ្ហារបស់កម្ពុជា និងធ្វើនយោបាយតូបនីយកម្មបញ្ហាឆបោកអនឡាញ ដើម្បីចិញ្ចឹមឆ្នាំងបាយនយោបាយនិងបក្សពួករបស់ខ្លួន។ ការបង្ហោះរបស់ពួកគេ គឺមានគោលបំណងជំរុញឱ្យរដ្ឋាភិបាលវ៉ាស៊ីនតោន មើលមកកម្ពុជាតាមរយៈពាក្យស្លោកអវិជ្ជមានដូចជា «រដ្ឋបោកប្រាស់» (Scam State) និង «រចនាសម្ព័ន្ធរដ្ឋបោកប្រាស់» (Scam State Architecture) ដែលបញ្ហាទាំងអស់នេះមិនមែនកើតចេញពីកម្ពុជា ហើយវាគឺជាបញ្ហាតំបន់ដែលទាមទារឱ្យមានការដោះស្រាយ និងស្មារតីទទួលខុសត្រូវរួមគ្នា។ ការព្យាយាមបង្កើតនិទានកថាបែបនេះ កើតឡើងចំពេលដែលឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាថ្មី គឺលោក Christopher Anderson កំពុងត្រៀមខ្លួនមកបំពេញបេសកកម្មការទូតនៅភ្នំពេញ ដែលជាឱកាសដ៏សំខាន់សម្រាប់ប្រទេសទាំងពីរក្នុងការបង្កើតទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ នៅក្នុងសាររបស់លោក Christopher Anderson លោកបានបង្ហាញពីចេតនាក្នុងការពង្រីកពាណិជ្ជកម្មនិងវិនិយោគ ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលុបបំបាត់បណ្តាញឆបោកនៅកម្ពុជា។
បណ្តាញឧក្រិដ្ឋជនឆបោកអនឡាញនៅក្នុងតំបន់ បានធ្វើប្រតិបត្តិការលើទឹកដី បង្កើតហេដ្ឋារចនាសម្ព័ន្ធឆបោក និងបំផ្លាញសេដ្ឋកិច្ចនិងមុខមាត់កម្ពុជា ព្រមទាំងបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជនរងគ្រោះនៅជុំវិញពិភពលោក។ កម្ពុជាក៏ជាប្រទេសរងគ្រោះ ក៏ប៉ុន្តែការព្យាយាមលើកឡើងថា បទល្មើសឆបោកអនឡាញ គឺបង្កើតឡើងដោយប្រព័ន្ធនយោបាយផ្ទៃក្នុង ឬសេដ្ឋកិច្ចរបស់កម្ពុជានោះ គឺជាការបំភ្លៃនិងការមើលរំលងភាពស្មុគស្មាញនៃបញ្ហាដែលមានលក្ខណៈឆ្លងដែន និងមានការបង្កើតជាបណ្តាញដ៏ឆ្លាតវៃ។ ការលើកឡើងរបស់ក្រុមជ្រុលនិយមខាងលើ បានធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់ទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិក តាមរយៈទម្លាក់កំហុសមកលើរដ្ឋាភិបាលកម្ពុជានិងបំភ្លៃនូវកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មដែលរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបង្កើនកិច្ចសហការជាមួយដៃគូអន្តរជាតិដូចជាសហរដ្ឋអាមេរិក ព្រីនថេន កូរ៉េខាងត្បូង វៀតណាម ចិន និងដៃគូជាច្រើនទៀត ដើម្បីបង្រ្កាបនិងលុបបំបាត់បណ្តាញឧក្រិដ្ឋកម្មទាំងនេះចេញពីកម្ពុជា។ ការលើកឡើងរបស់ក្រុមជ្រុលនិយមខ្មែរនៅបរទេសទាំងនោះ ហាក់បីដូចជាការផ្តល់ឱកាសឱ្យបរទេសប្រើប្រាស់បញ្ហាសកលមួយនេះ ធ្វើជាឧបករណ៍នយោបាយ ដើម្បីបិទបាំងអំពើអសកម្ម និងវិបត្តិផ្ទៃក្នុងសង្គមរបស់ខ្លួន ដោយរុញទម្លាក់កំហុសមកលើប្រទេសកម្ពុជាទៅវិញ។
កម្ពុជាទទួលស្គាល់នូវភាពខុសគ្នានៃទស្សននយោបាយគឺជាការអនុវត្តសិទ្ធិស្របច្បាប់ ហើយការរិះគន់លើការដឹកនាំ របស់រដ្ឋាភិបាលក៏មានកន្លែងនៅក្នុងសង្គមផងដែរ ប៉ុន្តែការរិះគន់ទាំងអស់នោះគួរតែជាការរិះគន់ប្រកបដោយបញ្ញាញាណ ប្រកបដោយការស្ថាបនា និងដើម្បីប្រយោជន៍ប្រជាជនកម្ពុជាជារួម មិនមែនជាការរិះគន់តាមអារម្មណ៍ ខ្លួន គំនុំគុំគួន និងប្រយោជន៍បក្សពួកមនុស្សមួយក្រុមតូចនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ការយកបញ្ហាប្រឈមសន្តិសុខជាតិទៅធ្វើជាឧបករណ៍កៀរគរនយោបាយនៅបរទេស គឺជាការមិនគោរពដល់ដួងព្រលឹងដូនតានិងផ្តល់តម្លៃជាតិសាសន៍ ដែលបានផ្តល់កំណើតដល់ខ្លួន និងបង្ហាញពីភាពអកត្តញូលើរដ្ឋាភិបាលកម្ពុជាដែលបានខិតខំកសាង និងអភិវឌ្ឍប្រទេសឱ្យមានភាពជឿនលឿន និងស្មើមុខស្មើមាត់ជាមួយបរទេសនៅលើឆាកអន្តរជាតិ។
ពីសារនយោបាយ ឈានទៅរកការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់

ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាឧក្រិដ្ឋកម្មឆ្លងដែនដែលទាមទារការទទួលខុសត្រូវរួមគ្នារវាងបណ្តាប្រទេសលើពិភពលោក ហើយក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការបង្ក្រាបការបោកប្រាស់តាមអនឡាញជាអាទិភាពចម្បងមួយនៃការអនុវត្តច្បាប់ ដែលសម្តេចធិបតី បានគូសបញ្ជាក់ជាច្រើនលើកថា បញ្ហានេះគឺជា «ខ្សែបន្ទាត់ក្រហម» ដែលជាការព្រមានយ៉ាងច្បាស់ថា មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែចាត់វិធានការដាច់ខាត ដោយមិនត្រូវអត់ឱន ដល់ជនល្មើសប្រព្រឹតទាំងក្នុងទម្រង់តូចឬធំ និងមន្រ្តីដែលជាប់ពាក់ព័ន្ធឬសម្រួលដល់សកម្មភាពខុសច្បាប់ទាំងនេះ។ យុទ្ធនាការអនុវត្តច្បាប់របស់រដ្ឋាភិបាល បានរួមបញ្ចូលទាំងប្រតិបត្តិការចុះបង្ក្រាបទ្រង់ទ្រាយតូចនិងធំ និងការបិទទីតាំងបោកប្រាស់ មជ្ឈមណ្ឌលល្បែងស៊ីសង និងទីតាំងខុសច្បាប់រាប់រយកន្លែងនៅកម្ពុជា។ អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យរាប់ម៉ឺននាក់ចំរុះជាតិសាសន៍ដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញ និងបានបញ្ជូនជនបរទេសទាំងនោះទៅកាន់ប្រទេសរបស់ពួកគេវិញ។ អាជ្ញាធរកម្ពុជាក៏បានបង្កើនការតានដាន និងកំណត់គោលដៅនៃប្រព័ន្ធលាងលុយខ្មៅនៅលើហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដែលទ្រទ្រង់បណ្តាញឧក្រិដ្ឋជនទាំងនេះ រួមមានការបង្កកទ្រព្យសម្បត្តិជនដែលសង្ស័យ ការចាត់វិធានការលើកាស៊ីណូដែលពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ និងការរឹតបន្តឹងលើល្បែងស៊ីសងអនឡាញខុសច្បាប់ និងការដកអាជ្ញាបណ្ណធនាគារមួយចំនួនផងដែរ។ កម្ពុជាក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិ និងអង្គការអន្តរជាតិនានាដូចជា INTERPOL និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) តាមរយៈកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ការផ្លាស់ប្តូរព័ត៌មាន ការស៊ើបអង្កេតនិងកំណត់គោលដៅ និងយន្តការផ្សេងៗទៀត។ វិធានការទាំងនេះបានបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលទទួលស្គាល់កាន់តែខ្លាំងឡើងថា បទល្មើសបោកប្រាស់តាមប្រព័ន្ធអនឡាញគឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សេដ្ឋកិច្ច កិត្តិយស និងកិត្យានុភាពអន្តរជាតិរបស់កម្ពុជា និងមិនមែនជាបញ្ហាដែលកម្ពុជាអាចដោះស្រាយបានតែម្នាក់ឯងនោះទេ។ ហេតុដូច្នេះហើយ ការអនុវត្តច្បាប់ដែលមានប្រសិទ្ធភាព ចាំបាច់ត្រូវផ្អែកលើកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ជាក់ស្តែង ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល សមត្ថកិច្ចកម្ពុជាបានស្រាវជ្រាវ និងបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៦៦៥ ទីតាំង (ក្នុងនោះ ៥៨២ ទីតាំងជាកន្លែងប្រព្រឹត្តបទល្មើស និង ៨៣ ទីតាំងជាជម្រកលាក់ខ្លួន) ព្រមទាំងបានបិទទីតាំងចំនួន ៥៣៧ មិនឱ្យមានសកម្មភាពទៀតឡើយ។ បន្ថែមពីនេះ តាមរយៈការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់លើកាស៊ីណូអាជ្ញាបណ្ណសរុប ១៩៥ អាជ្ញាធរកម្ពុជាបាន ដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន ១៩ និងព្យួរអាជ្ញាបណ្ណចំនួន ៣០ ដែលមានការពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការបោកប្រាស់តាមប្រព័ន្ធអនឡាញ ដែលនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់កម្ពុជាក្នុងការសហការជាមួយនឹងសហគមន៍អន្តរជាតិ។ ការប្រមូលផ្តុំអ្នករៀបចំគោលនយោបាយ មន្ត្រីអនុវត្តច្បាប់ និងអ្នកជំនាញសន្តិសុខសាយប័រ ក្រោមប្រធានបទ «រួមគ្នាធ្វើសកម្មភាពដើម្បីកាត់ផ្តាច់ខ្សែ
សង្វាក់ និងលុបបំបាត់ការបោកប្រាស់តាមប្រព័ន្ធអនឡាញ» មកពី ៣០ប្រទេសនិងអង្គការ បានបង្ហាញពីសារៈសំខាន់នៃការចាត់ទុកបញ្ហានេះជាបញ្ហាសន្តិសុខរួមក្នុងតំបន់ និងអន្តរជាតិ។ ដូច្នេះ ការយកចិត្តទុកដាក់គួរតែផ្តោតលើការពង្រឹងយន្តការសហប្រតិបត្តិការទាំងនេះ ជំនួសឱ្យការកាត់បន្ថយបញ្ហាដ៏ស្មុគស្មាញនេះមកត្រឹមស្លាកសញ្ញានយោបាយ។
សម្រាប់ទាំងកម្ពុជា និងសហរដ្ឋអាមេរិក វិធីសាស្ត្រដែលមានលក្ខណៈស្ថាបនាជាងនេះ គឺការប្រពន្ធ័ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាជាងបណ្តោយឱ្យបញ្ហាឆបោកអនឡាញក្លាយជាប្រភពនៃការសង្ស័យនិងបង្កើនកម្ដៅនយោបាយថ្មីមួយទៀតនាពេលអនាគត។ ទាំងសហរដ្ឋអាមេរិក និងកម្ពុជានឹងទទួលបានផលប្រយោជន៍រួមក្នុងការរក្សានិងពង្រឹងទំនាក់ទំនងនេះ តាមរយៈការពង្រីកសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនរួមគ្នា។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏នឹងអាចជួយកម្ពុជាបន្ថែមទៅក្នុងការចាប់ឧក្រិដ្ឋជនដែលកំពុងធ្វើប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ មិនឱ្យកេងប្រវ័ញ្ចលើពលរដ្ឋអាមេរិក និងប្រព័ន្ធហិរញ្ញវត្ថុ របស់ខ្លួន។ ដូច្នេះ កម្ពុជានិងសហរដ្ឋអាមេរិកនៅមានលំហយ៉ាងទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការផ្អែកលើផលប្រយោជន៍រួម។ ការផ្តោតតែលើបញ្ហាឆបោកអនឡាញតែមួយមុខ ក៏មានផលវិបាកហួសពីទំនាក់ទំនងនយោបាយ និងយុទ្ធសាស្រ្តរវាងរដ្ឋនិងរដ្ឋផងដែរ។ វាអាចប៉ះពាល់ដល់ទំនុកចិត្ត និងភាពជឿជាក់ចំពោះកម្ពុជាក្នុងចំណោមវិនិយោគិន ទេសចរ និងអាជីវកម្មអន្តរជាតិ ដែលអាចបង្កជាផលប៉ះពាល់ដល់ប្រជាជន កម្មករ និងសហគមន៍ទាំងឡាយណាដែលជីវភាពរស់នៅរបស់ពួកគេពឹងផ្អែកលើសកម្មភាពសេដ្ឋកិច្ចស្របច្បាប់។

ទន្ទឹមនឹងនេះ ការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់របស់កម្ពុជា មិនមែនមានន័យថាមើលរំលងពីក្តីបារម្ភពីការឆបោកអនឡាញ ការជួញដូរមនុស្ស អភិបាលកិច្ច ឬប្រសិទ្ធភាពនៃការអនុវត្តច្បាប់នោះទេ។ បញ្ហាទាំងនេះទាមទារឱ្យមានការតាមដាន តម្លាភាព និងគណនេយ្យភាពជាបន្តបន្ទាប់ ជាពិសេសការប្តេជ្ញារបស់ក្រុងវ៉ាស៊ីនតោន ក្នុងការជួយកម្ពុជា។ គោលបំណងគួរតែជាការពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហា មិនមែនជាដាក់សម្ពាធ ឬការវាយតម្លៃប្រទេសទាំងមូលដោយសារតែបញ្ហានេះនោះទេ។
អនាគតនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក គួរតែផ្តោតទៅលើភាពជឿជាក់ កិច្ចសហការដែលផ្តល់ប្រយោជន៍រួម និងការជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ គឺការផ្តោតលើការអនុវត្តច្បាប់ដែលអាចវាស់វែងបាន គណនេយ្យភាព ការស៊ើបអង្កេតហិរញ្ញវត្ថុ ការការពារជនរងគ្រោះ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ សម្រាប់កម្ពុជាផ្ទាល់ ក៏គួរតែបន្តបង្ហាញការប្តេជ្ញារបស់ខ្លួនតាមរយៈសកម្មភាពជាក់ស្តែង ថាបណ្តាញឧក្រិដ្ឋជននឹងមិនត្រូវបានអត់ឱនឱ្យឡើយ ខណៈដែលដៃគូអន្តរជាតិគួរតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដែលពង្រឹងការអនុវត្តច្បាប់ និងការបង្រ្កាបក្រុមឧក្រិដ្ឋជនឆ្លងដែន។ ការអនុវត្តច្បាប់ប្រកបដោយចីរភាព គ្រឹះស្ថាប័នរឹងមាំ និងកិច្ចសហប្រតិបត្តិការអន្តរជាតិពិតប្រាកដ គឺជាមូលដ្ឋានគ្រឹះដែលមានលក្ខណៈស្ថាបនា ជាងការធ្វើនយោបាយតូបនីយកម្មលើបញ្ហាឆបោកអនឡាញ។រក្សាសិទ្ធដោយ៖លោក ថុង ម៉េងដាវិត អ្នកវិភាពភូមិសាស្រ្តនយោបាយ និងសន្តិសុខអន្តរជាតិ

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>