ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបង្ហាញសកម្មភាពលម្អិត ជាប់ ពាក់ព័ន្ធនឹង ឈ្មោះ ជិន សុភាន់ អតីតអធិការរងនគរបាលស្រុកគិរីសាគរ និង លោក រៀម រុំ អតីត មេឃុំព្រែកខ្សាច់ ខេត្តកោះកុង ដែលត្រូវបានចោទប្រកាន់ថា: បានសមគំនិតគ្នាជួយការពារ និងជម្លៀសក្រុមជនជាតិចិនដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកអនឡាញ មុនពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាប នៅក្នុងទីតាំងដី ទំហំ ៥ ហិកតា របស់ លោកមេឃុំ។
ក្នុងសេចក្ដីប្រកាសព័ត៌មានភាគទី២ ចេញផ្សាយថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ អង្គភាព ACU បានបញ្ជាក់ថា ឈ្មោះ ជិន សុភាន់ ដែលជាប្អូនថ្លៃរបស់ ឈ្មោះ រៀម រុំ ដំបូងបានបដិសេធថា: មិនបានដឹង ឬ ចូលរួមក្នុងសកម្មភាពខុសច្បាប់ឡើយ ប៉ុន្តែក្រោយ ACU បង្ហាញភស្តុតាង លោកបានទទួលស្គាល់សកម្មភាពមួយចំនួន។
តាម ACU នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឈ្មោះ ជិន សុភាន់ បានដឹងជាមុនថា: កម្លាំងសមត្ថកិច្ចនឹងចុះបង្ក្រាបទីតាំងអនឡាញស្គេមនៅឃុំព្រែកខ្សាច់ ហើយបានផ្ញើរព័ត៌មានទៅ ឈ្មោះ រៀម រុំ តាម Telegram។
ឈ្មោះ រៀម រុំ បានឆ្លើយថា: ខ្លួនក៏បានដឹងដែរ និងបានណែនាំឱ្យជនជាតិចិនចូលព្រៃ ដើម្បីគេចពីការបង្ក្រាប។
ក្រោយប្រតិបត្តិការ អង្គភាព ACU បានរាយការណ៍ថា: ជនជាតិចិនត្រូវបានជម្លៀសចេញពីទីតាំងរួច ខណៈសមត្ថកិច្ចបានឃាត់ខ្លួន ជា សុទ្ធ ហៅ លី ម៉េង និងរកឃើញគ្រាប់កាំភ្លើង ៩មម ចំនួន ៨៩គ្រាប់។
ACU ក៏បានបង្ហាញថា: ឈ្មោះ ជិន សុភាន់ ធ្លាប់ជួយសម្របសម្រួលការផ្លាស់ទីក្រុមអនឡាញស្គេមទៅទីតាំងផ្សេងៗ និងទទួលប្រាក់ពី $100 ទៅ $150 ក្នុងមួយរថយន្ត។
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ACU បានបញ្ជូនសំណុំរឿងទៅអយ្យការ។
ឈ្មោះ រៀម រុំ ត្រូវបានចោទប្រកាន់ពីបទស៊ីសំណូក សម្អាតប្រាក់ និងសមគំនិតរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកអនឡាញ ខណៈ ឈ្មោះ ជា សុទ្ធ និង ជា វាសនា ក៏ត្រូវបានចោទប្រកាន់ ពីបទ: សមគំនិត ក្នុង អំពើ
ស៊ីសំណូក សម្អាតប្រាក់ និងការរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកអនឡាញ នៅខេត្តកោះកុង៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






