នាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជឺ ចំណាន អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ជឺ ចំណាន បានជម្រាបជូនភាគីពាក់ព័ន្ធអំពីការផ្សព្វផ្សាយបញ្ជី បោះឆ្នោតផ្លូវការឆ្នាំ២០២៥ អំពីស្ថិតិប្រជាពលរដ្ឋ ចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន និងការបិទផ្សាយ បញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត ព្រមទាំងលទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ដែលលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការ បោះឆ្នោត បានសហការជាមួយអាជ្ញាធរឃុំ សង្កាត់ និងមេភូមិចុះចែកដល់លំនៅឋានរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ជី ចំណាន បានមានប្រសាសន៍ថា ការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត គឺជាដំណើរការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ស្របតាមច្បាប់ និងគោលការណ៍ ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្ត្រៃយ៍ សំដៅពង្រឹងគុណភាពបញ្ជីបោះឆ្នោតឱ្យកាន់តែមានភាពពេញលេញ ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាព ព្រមទាំងធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពចំពោះទិន្នន័យ អត្តសញ្ញាណរបស់អ្នកបោះឆ្នោត។ សម្រាប់ឆ្នាំ២០២៦ នេះ គ.ជ.ប នឹងបន្តធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត លើទិន្នន័យជីវមាត្រ បន្ទាប់ពី គ.ជ.ប បានសម្រេចបន្ថែមការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្ររបស់ អ្នកបោះឆ្នោតដែលបានចុះឈ្មោះបោះឆ្នោតហើយយ៉ាងតិច ១០ឆ្នាំ ក្នុងដំណើរការនៃការពិធីសបញ្ជីឈ្មោះ ប្រកបដោយគុណភាព និងធានាសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់រូប។
និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ក្នុងគោលបំណងធានាឱ្យបញ្ជីបោះឆ្នោតកាន់តែមានភាពប្រសើរឡើង
អំពីការផ្សព្វផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ឯកឧត្តម ជី ចំណាន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ មានចំនួន ១០,១៦២,២៣២ នាក់ ក្នុង នោះស្ត្រីមានចំនួន ៥,៣៩៣,៣០៩ នាក់ ហើយថា នៅមុនពេលបើកដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ គ.ជ.ប ត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥ តាមរយៈការចែកលិខិតអញ្ជើញអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៥ ចាប់ពី ថ្ងៃទី៧ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ បិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ នៅតាម សាលាឃុំ សង្កាត់ និងនៅទីប្រជុំជនណាមួយក្នុងឃុំ សង្កាត់ យ៉ាងតិច ១០ (ដប់) ថ្ងៃ មុនពេលចាប់ផ្តើម ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដោយក្នុងនោះ ការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥ ត្រូវធ្វើនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦។ លើសពីនេះបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ផ្សព្វផ្សាយ នៅលើអាសយដ្ឋានវេប គ.ជ.ប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH។
ឯកឧត្តម ជី ចំណាន បានបញ្ជាក់អំពីការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការនេះថា គោលបំណង ដើម្បីឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ទៅពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនឡើងវិញ។ ប្រសិនបើទិន្នន័យក្នុងបញ្ជីបោះឆ្នោតមិនត្រឹមត្រូវតាមទិន្នន័យក្នុង អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ (ដែលមានឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត) ឬអាចប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ ឬផ្លាស់ប្តូរ ឯកសារចុះឈ្មោះបោះឆ្នោត។ ចំពោះអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលមិន ធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (គឺថតរូប និងផ្តិតមេដៃឡើងវិញ) ក្នុងបញ្ជីបោះឆ្នោត សាមីខ្លួន អាចស្នើសុំកែតម្រូវ ឬធ្វើបច្ចុប្បន្នភាពទិន្នន័យជាមួយក្រុមចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅ ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ចំពោះការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ ចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន និងការបិទផ្សាយ បញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត ឯកឧត្តម ជឺ ចំណាន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើង មានចំនួន ១១,៣៧៤,៩៥៣ នាក់ ក្នុងនោះ ស្ត្រីមានចំនួន ៥,៩៥៤,៧៨១ នាក់។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ មាន ចំនួន ១០,១៦២,២៣២ នាក់។ ចំនួនប្រជាពលរដ្ឋទើបដល់អាយុ ១៨ឆ្នាំ មានចំនួន ១៩៤,៨២៣ នាក់។ ចំនួនប្រជាពលរដ្ឋប៉ាន់ស្មានដែលអាចមកចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២៦ មានចំនួន ៤១២,៣៤៥ នាក់។ ចំនួនប្រជាពលរដ្ឋត្រូវធ្វើបច្ចុប្បន្នភាពជីវមាត្រមានចំនួន ៤,២៧៤,៩៥៣ នាក់។ ចំនួនអ្នកដែលនឹងត្រូវ លុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ៩៧,៣៧៥ នាក់ និងចំនួនការិយាល័យបោះឆ្នោកបានស្មាន ឆ្នាំ២០២៦ មានចំនួន ២៤,៣៥៣ ការិយាល័យ។ ឯកឧត្តម បានមានប្រសាសន៍បន្តថា ចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន និងបញ្ជីឈ្មោះទីតាំងការិយាល័យការិយាល័យបោះឆ្នោត នឹងត្រូវធ្វើការផ្សព្វផ្សាយនៅលើអាសយដ្ឋានវេប គ.ជ.ប www.nec.gov.kh និង កម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH ហើយនិងមានបិទផ្សាយព្រមគ្នាជាសាធារណៈនៅតាមសាលា ឃុំ សង្កាត់ និងនៅទីប្រជុំជនមួយចំនួនក្នុងឃុំ សង្កាត់ផងដែរ។ គណបក្សនយោបាយ សមាគម និងអង្គការ មិនមែនរដ្ឋាភិបាល អ្នកសង្កេតការណ៍បោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន មានសិទ្ធិស្នើសុំពី គ.ជ.ប នូវបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោតនៃឃុំ សង្កាត់មួយ ឬច្រើន ដោយត្រូវបង់ថ្លៃត្រឹមតម្លៃផលិត។
ឯកឧត្តម ជឺ ចំណាន បានជម្រាបជូនអំពីលទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ថា ការចែកលិខិតអញ្ជើញជូនអ្នកមានឈ្មោះក្នុងបញ្ជី បោះឆ្នោតផ្លូវការឆ្នាំ២០២៥ នៅតាមភូមិក្នុងឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ៣០ថ្ងៃ គឺចាប់ពី ថ្ងៃទី៧ ខែកញ្ញា រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។ គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ គ.ជ.ប តាមរយៈ លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ដែលសហការអនុវត្តដោយផ្ទាល់ជាមួយអាជ្ញាធរឃុំ សង្កាត់ ជាពិសេសមេភូមិ បានចុះចែកលិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋបានចំនួន ៧.១១៣.២០៨ នាក់ ស្មើនឹង ៧០% (ភាគរយ) នៃចំនួនលិខិតអញ្ជើញដែល គ.ជ.ប បានបោះពុម្ព។ ការចែកលិខិតអញ្ជើញនេះ នៅតែបន្តរហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។
ពាក់ព័ន្ធនឹងការងារចែកលិខិតអញ្ជើញខាងលើ ឯកឧត្តម ជឺ ចំណាន បានអំពាវនាវទៅដល់ លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង ២៥ ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ជាពិសេស មេភូមិ ដែលជាអ្នកអនុវត្តផ្ទាល់ សូមមេត្តាយកចិត្តទុកដាក់ទៅលើការងារចែកលិខិតអញ្ជើញនេះឱ្យមាន ប្រសិទ្ធភាពខ្ពស់ស្របតាមការណែនាំរបស់ គ.ជ.ប។ ហើយ ឯកឧត្តម ក៏បានសំណូមពរដល់គ្រប់ភាគី ពាក់ព័ន្ធទាំងអស់ សូមចូលរួមសហការជាមួយនឹង គ.ជ.ប ធ្វើយ៉ាងណាសម្របសម្រួលដល់កិច្ចសហការ នេះឱ្យមានប្រសិទ្ធភាព ដើម្បីឱ្យការចែកលិខិតអញ្ជើញនេះបានដល់ដៃប្រជាពលរដ្ឋគ្រប់រូបដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត។
ក្នុងកិច្ចប្រជុំនោះ គ.ជ.ប បានឆ្លើយបំភ្លឺទៅនឹងសំណួររបស់ភាគីពាក់ព័ន្ធដែលមានវត្តមានក្នុង កិច្ចប្រជុំអំពីការចែកលិខិតអញ្ជើញ ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ និងការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោត។ ជាពិសេស គ.ជ.ប បានបញ្ជាក់បន្ថែមថា ការចែកលិខិតអញ្ជើញមិនប្រកាន់និន្នាការទេ ឆ្នាំនេះចែកលិខិតអញ្ជើញបានល្អប្រសើរ បើប្រៀបធៀបទៅនឹងការចែកលិខិតអញ្ជើញឆ្នាំមុនៗ ពីព្រោះ មកដល់ពេលនេះលទ្ធផលបណ្តោះអាសន្ន គ.ជ.ប ចែកបាន ៧០% ហើយនៃចំនួនលិខិតអញ្ជើញដែល គ.ជ.ប បានបោះពុម្ព។
មុននឹងបញ្ចប់ តាងនាម គ.ជ.ប ឯកឧត្តម ជឺ ចំណាន អនុប្រធាន គ.ជ.ប បានហាវនាវដល់ គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងភាគីពាក់ព័ន្ធដទៃទៀត ដែលមានវត្តមានក្នុងកិច្ចប្រជុំ មេត្តាជួយផ្សព្វផ្សាយបន្ត និងជំរុញ ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ឱ្យទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន ក្នុងលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៥ ឬទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យ របស់ខ្លួនក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥។ ចំពោះប្រជាពលរដ្ឋខ្មែរដែលទើបដល់អាយុ ១៨ឆ្នាំ គិតដល់ ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ គឺអ្នកកើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩ និងអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុន ឬប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់ ឬប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ដែលមានបំណងកែតម្រូវទិន្នន័យជីវប្រវត្តិ ឬធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្តិតមេដៃ) ដែលមិនធ្លាប់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតពីមុនមក សូមអញ្ជើញទៅជួប ក្រុមចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ ឬការិយាល័យ ចុះឈ្មោះបោះឆ្នោតចល័តតាមភូមិក្នុងឃុំ សង្កាត់ ដែលសាមីខ្លួនត្រូវបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
ជាទីបញ្ចប់ ឯកឧត្តម ជឺ ចំណាន បានថ្លែងអំណរគុណចំពោះ តំណាងក្រសួង ស្ថាប័ន តំណាង គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ ដែលបានចំណាយពេលវេលាអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដើម្បីត្រៀមចូលរួម និងសហការអនុវត្ត សំដៅជំរុញ និងធានាឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ទទួលបានជោគជ័យ និងត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធី និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធជាធរមាន។
ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ មានសមាសភាពមកពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ តំណាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តំណាងអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងមហា ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា តំណាងក្រសួងព័ត៌មាន តំណាងគណបក្សនយោបាយចំនួន ២១ គណបក្ស តំណាង សមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៦ ព្រមទាំងអ្នកសារព័ត៌មានសរុបទាំងអស់ចំនួន ប្រមាណ ១០០ នាក់៕រក្សាសិទ្ធដោយ៖សុទ្ធលី






















