ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរនិងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ) បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង គ.អ.ច.ទ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារជាក់ស្តែង នៃការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន និងវាយតម្លៃអំពីចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ក្នុងរយៈពេល ប្រមាណជិត២ខែនេះ (១៥ មិថុនា – ១៤ សីហា) ដើម្បីស្វែងរកដំណោះស្រាយសមស្របក្នុងការជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់។ កិច្ចប្រជុំនេះបានធ្វើឡើងនាទីស្តីការក្រសួងទេសចរណ៍ រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦៊
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, តំណាងទីស្តីការគណៈរដ្ឋមន្ត្រី, រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, អគ្គស្នងការដ្ឋាននគរបាលជាតិ, ក្រសួង ស្ថាប័នពាក់ព័ន្ធ, និងវិស័យឯកជន ដែលមានសហព័ន្ធទេសចរណ៍កម្ពុជា, សមាគមទេសចរណ៍កម្ពុជា, សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា សរុប ៤២រូប ។
ជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែង តាមរយៈកិច្ចប្រជុំកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦, រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ ក្នុងការបង្កើត «បញ្ជរព័ត៌មាន» នៅតាមច្រកទ្វារអន្តរជាតិ ដើម្បីសម្របសម្រួល និងផ្តល់ព័ត៌មានជូនភ្ញៀវទេសចរនៅក្នុងអំឡុងពេលនៃការអនុវត្តគោលនយោបាយសាកល្បង និង ប្រើប្រាស់យន្តការគ.អ.ច.ទ. ដឹកនាំ និងសម្របសម្រួលការងារនេះឱ្យប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។
យោងរបាយការណ៍របស់គ្រឹះស្ថានអង្គរ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ ថ្ងៃទី១២ ខែសីហា ទេសចរចិនដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានការកើនឡើងប្រមាណ ១៣,២៣% ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។ តួលេខនេះ ពិតជាបានបង្ហាញអំពីទំនុកចិត្ត និងភាពជឿជាក់របស់ទេសចរនិងវិនិយោគិនចិន មកលើកម្ពុជាដែលជាគោលដៅទេសចរណ៍សុខសុវត្ថិភាព មានភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅ។
សូមជម្រាបជូនថា ដំណើរការសាកល្បងនៃការលើកលែងទិដ្ឋាការជូនដល់ពលរដ្ឋចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា គឺជាជំហានយុទ្ធសាស្ត្រមួយក្នុងការទាក់ទាញលំហូរភ្ញៀវទេសចរ និងវិនិយោគិនចិនមកកាន់កម្ពុជាឱ្យបានកាន់តែច្រើន។ រក្សាសិទ្ធដោយ៖សុទ្ធលី













