ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យជាមួយសិង្ហបុរី

រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី១៤ សីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៦១ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសិង្ហបុរី រៀបចំដោយស្ថានទូតសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ក្រោមការ​ដឹកនាំរបស់ ឯកឧត្តម Steven PANG Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា និង​មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម លោកជំទាវ សមាជិកអង្គទូតប្រចាំកម្ពុជា តំណាងក្រសួងស្ថាប័នរដ្ឋ តំណាងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិធីនេះ ដែលឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ ព្រមទាំងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលឹកថា កម្ពុជាជាប្រទេសដំបូងគេមួយដែលបានទទួលស្គាល់ឯករាជ្យរបស់សិង្ហបុរីក្នុងឆ្នាំ១៩៦៥ ហើយកិច្ចសហប្រតិបត្តិការនេះត្រូវបានពង្រឹងកាន់តែជិតស្និទ្ធមកទល់ពេលបច្ចុប្បន្ន តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការកម្រិតខ្ពស់ ជាពិសេសទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់សិង្ហបុរីក្នុងឆ្នាំ២០២៤ និងទស្សនកិច្ចរបស់ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី មកកាន់កម្ពុជាក្នុងឆ្នាំ២០២៥។ បច្ចុប្បន្ន ទំនាក់ទំនងដៃគូនេះបានឈានដល់កម្រិតថ្មីមួយ តាមរយៈការកើនឡើងនៃវិនិយោគសិង្ហបុរីនៅកម្ពុជា ការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនជាមួយនឹងជើងហោះហើរត្រង់ ៥០ជើងក្នុងមួយសប្តាហ៍ ព្រមទាំងកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្មថាមពលឆ្លងដែន សំដៅគាំទ្រដល់បណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid)។

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្ស ដែលជាសសរស្តម្ភដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយតាមរយៈមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី (CSCC) មន្ត្រីរាជការកម្ពុជាជិត ១៩.០០០នាក់ ទទួលបានការបណ្តុះបណ្តាលចាប់តាំងពីឆ្នាំ២០០០ មក។ ក្នុងក្របខ័ណ្ឌតំបន់ កម្ពុជាបានសម្តែងនូវការគាំទ្រចំពោះសិង្ហបុរីក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៧ ដោយជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងមិត្តភាពប្រវត្តិសាស្ត្ររវាងកម្ពុជា និងសិង្ហបុរី នឹងបន្តលូតលាស់កាន់តែរឹងមាំ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរួមនៅក្នុងតំបន់៕រក្សាសិទ្ធដោយ៖សុទ្ធលី