ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា ថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោក Suphalak Ganjanakhundee អ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវ ដែលមានជំនាញខាងនយោបាយអន្តរជាតិ ជាពិសេសនៅក្នុងអាស៊ាន បានសរសេរក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»។
ខ្ញុំសូមចូលរួមចែករំលែកនូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងថៃ បានជ្រាបនិងយល់ដឹងបន្ថែម ដោយខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅលើអត្ថបទរបស់លោកនោះទេ សូមទុកឱ្យប្រជាជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារ អត្ថបទរៀបរាប់ទាំងស្រុង៖
«មនុស្សធម៌ខ្វះការអាណិតអាសូរ»
ផ្សាយលើគណនី Facebook : ประชาไท Prachatai.com:
ថ្ងៃទី១០ ខែសីហា ២០២៦
ភាពច្របូកច្របល់រវាងគោលការណ៍ «មនុស្សធម៌» និង «អធិបតេយ្យភាព» បានធ្វើឱ្យក្រសួងការបរទេសថៃរុញជម្លោះជាមួយកម្ពុជាចូលទៅកាន់វេទិកាអន្តរជាតិម្តងទៀត ដោយបានចេញថ្លែងការណ៍ឆ្លើយតបទៅកាន់លោក Tom Andrews អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
ការឆ្លើយតបនេះបានប្រើប្រាស់ខ្លឹមសារ និងព័ត៌មានដែលមិនស៊ីសង្វាក់គ្នា និងមិនសមហេតុផល រហូតបង្កជាការបារម្ភថា «អាចក្លាយជាចំណុចខ្សោយចោទជា បញ្ហាដល់ជំហរការទូត និងកិច្ចការអន្តរជាតិរបស់ថៃខ្លួនឯង» ដូចខាងក្រោម៖
ការអះអាងរបស់ថៃ៖ ចំពោះករណីដែលអ្នករាយការណ៍ពិសេសអះអាងថា មានជនភៀសខ្លួនកម្ពុជា (Internally Displaced Persons: IDPs) ចំនួន 650,000 នាក់នោះ ភាគីថៃសូមធ្វើការបកស្រាយថា ចំនួនដែលបានលើកឡើងនោះ តាមការពិតមួយផ្នែកគឺជាប្រជាជនកម្ពុជាដែលរស់នៅក្នុងតំបន់ដែលថៃ ធ្លាប់បានបើកជាមជ្ឈមណ្ឌលជ្រកកោនបណ្តោះអាសន្នកាលពីចុងទសវត្សរ៍ឆ្នាំ១៩៧០ ដែលជាការផ្តល់ជំនួយមនុស្សធម៌ពីភាគីថៃ។
ទោះជាយ៉ាងណា បន្ទាប់ពីស្ថានភាពបានធូរស្រាល ក្រុមបុគ្គលទាំងនោះមិនបានចាកចេញពីតំបន់នោះឡើយ ទោះបីជាភាគីថៃបានធ្វើការតវ៉ាទៅកាន់ភាគីកម្ពុជា ជាច្រើនលើកច្រើនសារក៏ដោយ។ ដូច្នេះពួកគេត្រូវបានចាត់ទុកថា ជាបុគ្គលដែលបានឈ្លានពានទឹកដីថៃ និងមិនរាប់បញ្ចូលក្នុងនិយមន័យនៃជនភៀសខ្លួនក្នុងស្រុក (IDPs) ឡើយ។
ចំណុចខ្សោយទី១៖ ជនភៀសខ្លួនក្នុងស្រុក (IDPs) តាមនិយមន័យរបស់អង្គការសហប្រជាជាតិ សំដៅលើ «បុគ្គលឬក្រុមមនុស្សដែលត្រូវបានបង្ខំ ឬចាំបាច់ត្រូវរត់ភៀសខ្លួនចោលផ្ទះសម្បែង ឬទីលំនៅធម្មតារបស់ខ្លួន ដើម្បីចៀសវាងពីផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធ អំពើហិង្សារាលដាល ការរំលោភសិទ្ធិមនុស្ស ឬគ្រោះមហន្តរាយធម្មជាតិ និងគ្រោះមហន្តរាយដែលកើតចេញពីមនុស្ស ដោយបុគ្គលទាំងនោះមិនបានឆ្លងកាត់ព្រំដែននៃរដ្ឋដែលទទួលស្គាល់ជាអន្តរជាតិនោះឡើយ»។
ការដែលហេតុការណ៍ប៉ះទង្គិចគ្នាតាមបណ្ដោយព្រំដែនរវាងទាហានថៃ និងកម្ពុជា បានបណ្តាលឱ្យប្រជាជនកម្ពុជាជាច្រើន (មិនថាក្នុងចំនួនប៉ុន្មានក៏ដោយ) ត្រូវភៀសខ្លួនចូលកាន់តែជ្រៅទៅក្នុងដែនដីកម្ពុជានោះគឺត្រឹមត្រូវតាមនិយមន័យទាំងស្រុង ដោយមិនចាំបាច់ឱ្យភាគីថៃលើកយកមកធ្វើជាប្រធានបទតស៊ូមតិ ឬប្រកែកជំទាស់នោះឡើយ។
ចំណុចខ្សោយទី២៖ អាជ្ញាធរថៃមិនបានធ្វើបញ្ជីជំរឿនប្រជាជនកម្ពុជានៅក្នុងតំបន់ទាំងនោះទាល់តែសោះ ដោយមិនអាចបញ្ជាក់បានច្បាស់លាស់ថា តើនរណា ភេទអ្វី អាយុប៉ុន្មាន និងមានចំនួនប៉ុន្មានប្រាកដ ដែលបានរស់នៅក្នុងតំបន់ដែលថៃអះអាងថា ធ្លាប់ជាមជ្ឈមណ្ឌលជ្រកកោនតាំងពីសម័យសង្គ្រាមស៊ីវិល រហូតមកដល់បច្ចុប្បន្ននោះឡើយ។
ការប្រើប្រាស់ពាក្យថា «មួយផ្នែក» គ្រាន់តែជាការសន្និដ្ឋានទាញចេញពីហេតុការណ៍ប្រវត្តិសាស្ត្រ ដែលតាមការពិតគ្មានទំនាក់ទំនងចាំបាច់អ្វីជាមួយហេតុការណ៍ប៉ះទង្គិច តាមបណ្ដោយព្រំដែនដែលទើបតែកើតឡើងនាពេលថ្មីៗនេះនោះទេ។
ចំណុចខ្សោយទី៣៖ ការអះអាងថា តំបន់ទាំងនោះ (តំបន់ជោគជ័យ-ណងចាន និងព្រៃចាន់-ណងយ៉ាកែវ) ជាដែនដីរបស់ថៃ គឺជាការអះអាងតែខាងភាគីថៃតែម្នាក់ឯងប៉ុណ្ណោះ។
អង្គហេតុជាក់ស្តែងគឺទាំងភាគីថៃ និងកម្ពុជា នៅតែមានទស្សនៈមិនត្រូវគ្នាស្តីពីទីតាំងបង្គោលព្រំដែនលេខ 42, 43, 46 និង 47 ដោយកំពុងរង់ចាំការបញ្ជាក់ខាង បច្ចេកទេសពីគណៈកម្មាធិការព្រំដែនរួម (JBC) នៅឡើយ។ ដូច្នេះវាមិនអាចរាប់បញ្ចូលថាជា «ដែនដីនៃរដ្ឋដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ» បាននោះឡើយ។
ចំណុចខ្សោយទី៤៖ សហគមន៍ជោគជ័យ និងព្រៃចាន់ ឬភូមិណងចាន និងណងយ៉ាកែវ តាមការយល់ឃើញរបស់ភាគីថៃ ត្រូវបានកាត់ផ្តាច់ដោយខ្សែព្រំដែនដែលភាគី ទាំង២អះអាងថា ត្រួតស៊ីគ្នានៅឡើយ។
នៅពេលពិនិត្យមើលស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាជននៅតំបន់នោះឃើញថា ប្រជាជនភាគច្រើនរស់នៅក្នុងដែនដីដែលហួសពីខ្សែព្រំដែន ដែលថៃទាមទារទៅទៀត។ ដូច្នេះការសន្និដ្ឋានជារួមថា ពួកគេរស់នៅក្នុងមជ្ឈមណ្ឌលជ្រកកោនដោយមិនព្រមចាកចេញ គឺជាការអះអាងដែលលើសពីការពិត។
ការអះអាងរបស់ថៃ៖ ថៃយល់ឃើញថា ប្រធានបទស្តីពីសិទ្ធិក្នុងការវិលត្រឡប់ទៅកាន់មាតុភូមិវិញ (right of return) មិនគួររបង្កើតឡើងដើម្បីប្រើប្រាស់ជាឧបករណ៍ ស្វែងរកផលប្រយោជន៍នយោបាយ ឬដើម្បីការផ្សព្វផ្សាយបែបឃោសនា ជារឿងសំខាន់ជាងការគិតគូរដល់គោលការណ៍មនុស្សធម៌ពិតប្រាកដនោះឡើយ។
ចំណុចខ្សោយ៖ ការតស៊ូមតិនេះស្តាប់ទៅហាក់ដូចជា មានហេតុផលខ្លាំងណាស់ ប៉ុន្តែខ្វះទម្ងន់ ព្រោះថៃខ្លួនឯងក៏បានធ្វើទង្វើបែបនោះដែរ ដោយការយករឿងអធិបតេយ្យភាព និងបូរណភាពទឹកដីមកធ្វើជាប្រធានបទ រហូតក្លាយជាការជិះជាន់លើរឿងមនុស្សធម៌ដែលថៃអះអាងថា ប្រកាន់ខ្ជាប់នោះទៅវិញ។
គោលការណ៍សំខាន់របស់អង្គការសហប្រជាជាតិគឺ «សិទ្ធិមនុស្ស/មនុស្សធម៌គ្មានព្រំដែន» នោះទេ។ សិទ្ធិក្នុងការវិលត្រឡប់ទៅកាន់មាតុភូមិ សំដៅលើទីកន្លែងដែលធ្លាប់រស់នៅ កើត ឬធំធាត់ឡើង ប៉ុន្តែមិនចាំបាច់ទាមទារឱ្យមានកម្មសិទ្ធិ ឬជាពលរដ្ឋនៃរដ្ឋនោះជានិច្ចនោះទេ។
មនុស្សជាច្រើននៅលើពិភពលោកនេះ កើតមកដោយមិនដឹងខ្លួនឯងថា ជាពលរដ្ឋនៃរដ្ឋណាមួយឡើយ (ជនអនាថាក្រៅស្រុក/stateless) ប៉ុន្តែពួកគេនៅតែមានសិទ្ធិរស់នៅលើពិភពលោកនេះ ឬវិលត្រឡប់ទៅកាន់ទីកន្លែងដែលពួកគេធ្លាប់ស្គាល់។ រដ្ឋដែលអះអាងថាគោរពគោលការណ៍មនុស្សធម៌ត្រូវតែគោរព និងអនុញ្ញាតឱ្យពួកគេរស់នៅទីនោះ។
លើសពីនេះ តាមការពិត រដ្ឋថៃក៏ធ្លាប់អាស្រ័យលើគោលការណ៍មនុស្សធម៌ អនុញ្ញាតឱ្យពួកគេរស់នៅបានអស់ជាច្រើនទសវត្សរ៍មកហើយ។ ដូច្នេះ គ្មានហេតុផលអ្វីដែលត្រូវបណ្ដេញពួកគេចេញនៅពេលនេះឡើយ។
រឿងដែលសំខាន់បំផុតគឺជារឿងដែលត្រូវបែងចែកឱ្យបានច្បាស់លាស់ថា «អធិបតេយ្យភាពគឺជាប្រធានបទរវាងរដ្ឋនិងរដ្ឋ»។ការដែលប្រទេសថៃអនុញ្ញាតឱ្យបុគ្គលណាម្នាក់ រស់នៅលើដែនដីដែលបានឈ្មោះថានៅក្រោមអធិបតេយ្យភាពថៃ ក៏មិនបានបង្កឱ្យបាត់បង់អធិបតេយ្យភាព ឬបូរណភាពដែនដីទៅឱ្យរដ្ឋផ្សេងទៀតឡើយ។
ករណីនេះក៏ដូចគ្នាប្រទេសថៃឱ្យប្រជាជនកម្ពុជាមួយចំនួនរស់នៅលើដែនដីដែលជឿថា ស្ថិតនៅក្រោមអធិបតេយ្យភាពថៃអស់រយៈពេលជាយូរ ក៏មិនបានធ្វើឱ្យកម្ពុជាក្នុងនាមជារដ្ឋមួយ អាចមកទាមទារអធិបតេយ្យភាពលើដែនដីនោះបានដែរ ហើយក៏មិនអាចប្រើប្រាស់គោលការណ៍នៃការកាន់កាប់ផ្ទុយក្រោម ច្បាប់ស៊ីវិលថៃ ដើម្បីទាមទារសិទ្ធិរបស់ខ្លួនបានដែរ។
ការអះអាងរបស់ថៃ៖ ចំពោះករណីពលករកម្ពុជាដែលធ្វើដំណើរចេញពីប្រទេសថៃ ដែលអ្នករាយការណ៍ពិសេសអះអាងថាមានចំនួន 900,000 នាក់នោះ ភាគីថៃសូមធ្វើការបកស្រាយថា ពលករកម្ពុជាដែលធ្វើដំណើរត្រឡប់ទៅប្រទេសវិញបន្ទាប់ពីកើតមានជម្លោះនៅតំបន់ព្រំដែនថៃ-កម្ពុជា រួមមានទាំងអ្នកដែលមានច្បាប់ អនុញ្ញាតធ្វើការត្រឹមត្រូវ និងអ្នកដែលលួចចូលមកធ្វើការដោយខុសច្បាប់។ ហើយពលករទាំងនោះបានធ្វើដំណើរត្រឡប់ទៅកម្ពុជាដោយស្ម័គ្រចិត្ត បន្ទាប់ពីមានការអំពាវនាវពីរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលថៃបានផ្តល់ការប្តេជ្ញាចិត្តជាបន្តបន្ទាប់ថា តែងតែយកចិត្តទុកដាក់លើសុវត្ថិភាពរបស់ពលករកម្ពុជាទាំងអស់នៅក្នុងប្រទេសថៃ ហើយមិនដែលប្រកាន់យកគោលនយោបាយបណ្តេញពលករកម្ពុជាចេញពីប្រទេសនោះឡើយ។
ចំណុចខ្សោយ៖ ប្រទេសថៃបានបិទច្រកព្រំដែនតាំងពីខែមិថុនា ឆ្នាំ២០២៥ ហើយទើបតែបានប្រកាសពីការពន្យារពេលក្នុងការបន្តលិខិត អនុញ្ញាតការងារសម្រាប់ពលករ កម្ពុជាជិត 100,000 នាក់កាលពីខែធ្នូ ឆ្នាំ២០២៥ ដែលជាហេតុធ្វើឱ្យពលករទាំងនោះមិនអាចត្រឡប់មកធ្វើការនៅក្នុង ប្រទេសថៃវិញបាន។ ទោះបីជាមិនមានគោល នយោបាយដេញពួកគេត្រឡប់ទៅវិញដូចការអះអាងក៏ដោយ ប៉ុន្តែទង្វើនេះមិនបានបង្កើតបរិយាកាសអំណោយផលដល់ការដែលពួកគេអាចធ្វើការនៅក្នុងប្រទេសថៃ បានទៀតនោះទេ។
សេចក្តីសន្និដ្ឋាន៖ ទោះបីជាការចេញថ្លែងការណ៍ឆ្លើយតបទៅកាន់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដែលបានបំពេញភារកិច្ចតាមវិសាលភាព មុខងាររបស់ខ្លួនគឺជាសិទ្ធិរបស់រដ្ឋាភិបាលថៃដែលអាចធ្វើបានក៏ដោយ ប៉ុន្តែវាក៏មិនបានផ្តល់ប្រយោជន៍អ្វីនោះដែរ។ លើសពីនេះការជ្រើសរើសផ្តល់ព័ត៌មានមិន គ្រប់ជ្រុងជ្រោយ ឬការកាត់យករឿងរ៉ាវយកមកនិយាយត្រឹមតែមួយផ្នែក ដូចដែលក្រសួងការបរទេសថៃបានប្រព្រឹត្តនោះ មើលទៅហាក់បីដូចជាការកាត់បន្ថយភាព គួរឱ្យទុកចិត្តខាងការទូត និងកិច្ចការអន្តរជាតិរបស់ប្រទេសថៃខ្លួនឯងទៅវិញទេ។
អត្ថបទ៖ ដោយលោក Suphalak Ganjanakhundee
អ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវ ដែលមានជំនាញខាងនយោបាយអន្តរជាតិ ជាពិសេសនៅក្នុងអាស៊ាន៕រក្សាសិទ្ធិដោយ៖សុទ្ធលី



