ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ចេញចេញលិខិតផ្លូវការមួយរបស់ក្រសួងយុត្តិធម៌ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ដើម្បីឆ្លើយតបចំពោះសំណើសុំអន្តរាគមន៍របស់លោក រ៉ុង ឈុន ពាក់ព័ន្ធនឹងសាលដីកាលេខ ៥០៧ XII ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ របស់តុលាការកំពូល។
ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ថា លិខិតផ្លូវការឆ្លើយតប ទៅ លោក រ៉ុង ឈុន៖
ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ ខ្ញុំសូមជម្រាបជូនសាធារណជនថា បន្ទាប់ពីបានពិនិត្យ សិក្សា និងស្រាវជ្រាវលើលិខិតស្នើសុំអន្តរាគមន៍ និងឯកសារពាក់ព័ន្ធលោក រ៉ុង ឈុន រួចមក, ក្រសួងយុត្តិធម៌ បានពិនិត្យ និងបានឆ្លើយតបទៅលោក រ៉ុង ឈុន ដូចមានលិខិតភ្ជាប់មកជាមួយ។
ខ្ញុំក៏សូមជម្រាបផងដែរថា លិខិតឆ្លើយតបរបស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ផ្ញើទៅលោក រ៉ុន ឈុន ត្រូវបានតំណាងរបស់លោក គឺលោកស្រី ព្រំ ចន្ថា ដែលអះអាងថាជាសហការី របស់លោក រុង ឈុន បានមកទទួលលិខិតនៅរដ្ឋបាលក្រសួងយុត្តិធម៌ នៅរសៀលនាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៣:០០នេះរួចហើយ។
ជូនសាធារណជនមេត្តាជ្រាបជាព័ត៌មាន។
ក្នុងលិខិតឆ្លើតបទៅលោក រ៉ុង ឈុន នោះ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងច្បាស់ថា បន្ទាប់ពីបានពិនិត្យ និងសិក្សាលើឯកសារពាក់ព័ន្ធយ៉ាងហ្មត់ចត់ ក្រសួងរកមិនឃើញភាពមិនប្រក្រតីណាមួយនៅក្នុងដំណើរការកាត់ក្តីសំណុំរឿងរបស់លោក រ៉ុង ឈុន នោះទេ។ ក្រសួងអះអាងថា ការសម្រេចសេចក្តីរបស់តុលាការគ្រប់ជាន់ថ្នាក់ ចាប់ពីសាលាដំបូងរាជធានីភ្នំពេញ រហូតដល់តុលាការកំពូល គឺសុទ្ធតែបានអនុវត្តយ៉ាងត្រឹមត្រូវតាមច្បាប់ និងនីតិវិធីជាធរមាន។
ក្រសួងយុត្តិធម៌បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗចំនួនបី៖
- ទី១-ការធានាសិទ្ធិការពារខ្លួន៖ ក្នុងគ្រប់ដំណាក់កាលនៃនីតិវិធី លោក រ៉ុង ឈុន ត្រូវបានផ្តល់សិទ្ធិការពារខ្លួនពេញលេញដោយមានមេធាវីចូលរួម និងមានសិទ្ធិប្តឹងតវ៉ាទៅតាមផ្លូវច្បាប់រហូតដល់តុលាការកំពូល។
- ទី២-សមត្ថកិច្ចក្នុងការកែប្រែទោស៖ ក្រសួងយុត្តិធម៌បានបញ្ជាក់ថា ខ្លួនមិនមានសមត្ថកិច្ចតាមផ្លូវច្បាប់ក្នុងការកែប្រែ ឬទម្លាក់ចោលទោសដែលតុលាការបានសម្រេចជាស្ថាពររួចហើយនោះទេ។ ហេតុដូច្នេះ ទោសដែលតុលាការបានប្រកាស គឺត្រូវតែអនុវត្តតាមច្បាប់។
- និងទី3-ផ្លូវច្បាប់សម្រាប់ការសើរើ៖ ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងបានបើកផ្លូវឱ្យលោក រ៉ុង ឈុន អនុវត្តសិទ្ធិរបស់ខ្លួនតាមរយៈការដាក់បណ្តឹងសើរើទៅកាន់តុលាការកំពូលដោយផ្ទាល់ ប្រសិនបើលោកមានអង្គហេតុថ្មី ឬភស្តុតាងថ្មីដែលបង្ហាញពីភាពស្អាតស្អំរបស់លោក។
ជាចុងក្រោយ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានរំលឹកពីកាតព្វកិច្ចរបស់ពលរដ្ឋក្នុងការគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដោយបញ្ជាក់ថា ការប្រើប្រាស់សិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធិ សេរីភាពរបស់អ្នកដទៃឡើយ។
គួរបញ្ជាក់ថា សាលដីកាស្ថាពររបស់តុលាការកំពូលកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចតម្កល់ទោសពន្ធនាគារ ៤ឆ្នាំរបស់លោក រ៉ុង ឈុន ប៉ុន្តែបានសម្រេចព្យួរទោសនេះសាកល្បង និងកែប្រែទោសបន្ថែមពីការដកហូតស្ថាពរ មកត្រឹមការដកហូតសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះ និងសិទ្ធិធ្វើសកម្មភាពនយោបាយនានាសម្រាប់រយៈពេល ៥ឆ្នាំ។ រក្សាសិទ្ធិដោយ៖សុទ្ធលី










