ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការពិនិត្យផ្ទៀងផ្ទាត់អត្តសញ្ញាណបេក្ខជន និងឆែករក​សំណៅឯកសារ ស​ម្ភារៈហាមឃាត់លើកទី២ មុនចូលបន្ទប់ប្រឡង

បេក្ខជនបាន​ចូលក្នុងបន្ទប់ប្រឡង ដោយមានការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងឆែករកសំណៅឯកសារ យ៉ាងយកចិត្តទុកដាក់ពីសំណាក់អនុរក្ស ក្រោមការត្រួតពិនិត្យដោយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃទី១ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ១០ សីហា ២០២៦។
បេក្ខជនទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់នូវបទប្បញ្ញត្តិ កម្រិតវិន័យសម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦។ ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវ សំណៅឯកសារនានា ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
ចំពោះដំណើរការសំណេរនាព្រឹកនេះ មាន២មុខវិជ្ជា គឺប្រវត្តិវិទ្យា និងជីវវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។

គួរជម្រាបជូនផងដែរថា យោងតាមទិន្នន័យពីក្រសួងអប់រំ យុវជន និងកីឡា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ នេះ មានមណ្ឌលប្រឡងសរុបចំនួន ២៤៤មណ្ឌល ស្មើនឹង ៦.១០៤បន្ទប់ និងមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៥១.១២៨ នាក់ ក្នុងនោះបេក្ខជននារីមានចំនួន ៨៤.៧៣៥នាក់។ ចំពោះការបែងចែកតាមកម្រិតថ្នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៣៧.៤៤៥នាក់ (ស្រី ២២.១៩៣នាក់) ដោយត្រូវប្រើប្រាស់មណ្ឌលប្រឡងចំនួន ៦៨មណ្ឌល ស្មើនឹង ១.៥២៦បន្ទប់។ ដោយឡែក សម្រាប់បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមវិញមានចំនួន ១១៣.៧៩៣នាក់ (ស្រី ៦២.៥៤២នាក់) ដោយត្រូវប្រើប្រាស់មណ្ឌលប្រឡងចំនួន ១៧៦មណ្ឌល ស្មើនឹង ៤.៥៧៨បន្ទប់។

ការប្រឡងនេះ ត្រូវបានរំពឹងថានឹងបន្តប្រព្រឹត្តទៅក្រោមគោលការណ៍ច្បាប់ តម្លាភាព និងយុត្តិធម៌ ដើម្បីធានាបាននូវគុណភាពអប់រំនៅកម្ពុជា៕ រក្សាសិទ្ធិដោយ៖សុទ្ធលី