ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធមិត្ត ៤៩១គ្រួសារ នៅស្រុករមាសហែក ដោយគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចតេជោ និងសម្តេចធិបតី

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខបងប្អូន ជាមួយសមាជិក សមាជិកា សមាគមអតីតយុទ្ធជននិងនិវត្តន៍ជនកម្ពុជា និងអតីតយុទ្ធមិត្តចំនួន ៤៩១គ្រួសារ ដែលបានរៀបចំឡើងនៅទីតាំងដីសម្បទានសង្គមកិច្ច ភូមិជីកដី ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។

មានប្រសាសន៍សំណេះសំណាល សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​ ជូនដល់អង្គពិធីទាំងមូលដោយសេចក្តីនឹងរលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។

សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា៖ ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តែងតែគិតគូរជាប្រចាំអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដោយសម្តេចបានបញ្ជាក់ថា «អតីតយុទ្ធជនគឺជាអ្នកដែលមានគុណូបការៈដ៏ធំធេងចំពោះជាតិ និងប្រជាជន មិនដែលបំភ្លេចចោលនូវការលះបង់របស់យុទ្ធជនឡើយ» រួមជាមួយនឹងការផ្តល់ដីសម្បទានសង្គមកិច្ច សង់ផ្ទះជូនអតីតយុទ្ធជនដោះស្រាយជីវភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែមានភាពប្រសើរឡើង។ ទន្ទឹមនឹងនោះផងដែរ រាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយភាពប៉ិនប្រសប់របស់​សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រី បានប្តេជ្ញាចិត្តបន្តបេសកកម្មយ៉ាងសកម្មក្នុងការលើកកម្ពស់ប្រព័ន្ធគាំពារសង្គម និងកម្រិតជីវភាពរបស់អតីតយុទ្ធជន ដោយបានណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ និងសមាគមអតីតយុទ្ធជន ពង្រីកសេវាថែទាំសុខភាព ការផ្តល់ប្រាក់របបសន្តិសុខសង្គមឱ្យបានទៀងទាត់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់អភិវឌ្ឍន៍សង្គមកិច្ច។

ដើម្បីបន្តរួមចំណែកអភិវឌ្ឍន៍ និងថែរក្សាសុខុមាលភាពគ្រួសារ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តល់នូវមតិផ្តាំផ្ញើដ៏ខ្ពង់ខ្ពស់ចំនួន ៤ចំណុច៖

១. បន្តរួមសាមគ្គីភាព និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យបានល្អប្រសើរ។

២. សូមឱ្យបងប្អូនអតីតយុទ្ធមិត្ត និងគ្រួសារទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាព រស់នៅមានអនាម័យ ហូបស្អាត ផឹកស្អាត។

៣. ត្រូវខិតខំបង្កបង្កើនផលបន្ថែមលើដីធ្លីដែលមាន តាមរយៈការដាំដុះដំណាំរួមផ្សំ និងការចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងកាត់បន្ថយចំណាយក្នុងជីវភាពប្រចាំថ្ងៃ។

៤. ជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាក្នុងខេត្តស្វាយរៀង បន្តចុះតាមដាន សួរសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈម ឬតម្រូវការចាំបាច់របស់អតីតយុទ្ធជននិងនិវត្តន៍េះឱ្យបានទាន់ពេលវេលា ដោយមិនត្រូវទុកឱ្យអ្នកណាម្នាក់រស់នៅក្នុងភាពឯកោឡើយ។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំយកអំណោយឧបត្ថម្ភ និងសម្ភារៈប្រើប្រាស់ចែកជូនដល់អតីតយុទ្ធមិត្តទាំង ៤៩១គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ១០គីឡូក្រាម ត្រីខ ១០កំប៉ុង ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប មី ១កេស ទឹកសុទ្ធ ១កេស ភួយ ១ និងថវិកាមួយចំនួន៕រក្សាសិទ្ធិដោយ៖សុទ្ធលី