ភ្នំពេញ: អ្នកនាំពាក្យ នៃ ក្រសួងយុត្តិធម៌ កាលពីពេលថ្មីៗនេះ បានធ្វើការពន្យល់បំភ្លឺ និង ឆ្លើយតបទៅនឹងការទាមទារ របស់ អង្គការអ្នកកាសែតគ្មានព្រំដែន (RFS) និង អង្គការសង្គមស៊ីវិលមួយចំនួន ដែលសុំឱ្យ រដ្ឋាភិបាលកម្ពុជា ទម្លាក់បទចោទប្រកាន់ និង
ដោះលែង អ្នកកាសែតឈ្មោះ លួត សុផល ពី ពន្ធនាគារ ជាប់ពាក់ព័ន្ធនឹង បទល្មើស ធ្វើឱ្យខូចទឹកចិត្តកងទ័ព និង បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តតាមបណ្តាញសង្គម។
លោកឯម ច័ន្ទមករា រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យ នៃ ក្រសួងយុត្តិធម៌ មានប្រសាសន៍ថា: ពាក់ព័ន្ធនឹងការទាមទាររបស់អង្គការអ្នកកាសែតគ្មានព្រំដែន (RSF) ក៏ដូចជាអង្គការសង្គមស៊ីវិលមួយចំនួន ឱ្យទម្លាក់ចោលការចោទប្រកាន់ និងដោះលែងលោក លួត សុផល, ខ្ញុំសូមបញ្ជាក់ជូនថា កម្ពុជាគឺជាប្រទេសនីតិរដ្ឋ ដែលប្រកាន់ខ្ជាប់នូវគោលការណ៍បែងចែកអំណាចយ៉ាងច្បាស់លាស់។ មិនមានបុគ្គលណា ឬស្ថាប័នណា មានសិទ្ធិអំណាច ឬលទ្ធភាពណាមួយក្នុងការលូកដៃចូលក្នុងកិច្ចការ ឬកាត់ក្តីជំនួសស្ថាប័នអំណាចតុលាការនោះឡើយ។
លោកច័ន្ទមករា បានមានប្រសាសន៍ថា: ការចាត់វិធានការផ្លូវច្បាប់របស់សមត្ថកិច្ច និងតុលាការលើបុគ្គល លួត សុផល គឺធ្វើឡើងដោយផ្អែកលើនីតិវិធីនៃច្បាប់ និងមានមូលដ្ឋានលើភស្តុតាងជាក់ស្តែងនៃបទល្មើស មិនមែនដោយសារតែវិជ្ជាជីវៈសារព័ត៌មាននោះទេ។
ប្រសិនបើមានការមិនសុខចិត្ត ភាគីពាក់ព័ន្ធត្រូវតែប្រើប្រាស់សិទ្ធជាផ្លូវការតាមផ្លូវតុលាការ តាមរយៈមេធាវី ស្របតាមនីតិវិធីច្បាប់ជាធរមាន មិនមែនតាមរយៈការដាក់សម្ពាធខាងក្រៅឡើយ។
លោកបានបន្តថា: រាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលតែងតែការពារ និងលើកកម្ពស់សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានស្របតាមរដ្ឋធម្មនុញ្ញ។ ប៉ុន្តែ សេរីភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយក្រមសីលធម៌វិជ្ជាជីវៈ និងការគោរពច្បាប់។ ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានអុចអាលក្នុងកាលៈទេសៈរសើប ដែលប៉ះពាល់ដល់សន្តិសុខសង្គម ស្មារតីកងកម្លាំងប្រដាប់អាវុធ និងសណ្តាប់ធ្នាប់សាធារណៈ គឺជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌ ដែលសង្គមនិងច្បាប់មិនអាចអត់ឱនឱ្យបានទេ។
លោកបានបញ្ជាក់ថា: រាល់សេចក្តីថ្លែងការណ៍ ឬការអំពាវនាវពីសំណាក់អង្គការបរទេសដែលព្យាយាមវិនិច្ឆ័យ ឬដាក់សម្ពាធលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា គឺជាការជ្រៀតជ្រែកចូលក្នុងអធិបតេយ្យភាពជាតិ និងឯករាជ្យភាពនៃប្រព័ន្ធតុលាការកម្ពុជា។
លោកបន្ថែមថា: គេមិនអាចយកឈ្មោះជា “អ្នកសារព័ត៌មាន” មកបិទបាំងការប្រព្រឹត្តបទល្មើសដើម្បីគេចវេសពីការទទួលខុសត្រូវចំពោះមុខច្បាប់នោះឡើយ។
គួររំលឹកថា: ចៅក្រមជំនុំជម្រះ នៃ សាលាដំបូងខេត្តឧត្តរមានជ័យ លោកប៉ាវ ឈុនហួរ កាលពី ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៦ បានប្រកាសសាលក្រម និង សម្រេចផ្តន្ទាទោស ជនជាប់ចោទ ឈ្មោះ លួត សុផល ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ អ្នកយកព័ត៌មាន អោយសារព័ត៌ ស្រទាប់យុវវ័យ ប្រចាំខេត្តឧត្តរមានជ័យ និង ជាអតីតអ្នកប្រដាល់គុនខ្មែរ ម្នាក់ ដាក់ពន្ធនាគារ កំណត់ ០២ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ បង្ហោះសារលើប្រព័ន្ធបណ្ដាញសង្គមរិះគន់ រដ្ឋាភិបាលថា: ទាហានខ្មែរនៅជួរមុខ ខ្វះខាតស្ទើរគ្រប់បែបយ៉ាង សូម្បីតែ ទឹកផឹក ឬ ទឹកងូត ក៏ខ្វះខាតដែរ ប្រព្រឹត្ត នៅក្នុង សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២៦។
លួត សុផល ជាប់ចោទពីបទ: បទធ្វើឱ្យខូចទឹកចិត្តកងទ័ពនិង បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៧២, ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ នៃ ព្រះរាជាណាចក្រកម្ពុជា។
ជនជាប់ចោទ ត្រូវចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចកងរាជអាវុធហត្ថ តាមដីកាតុលាការ កាលពីថ្ងៃ ០៨ ខែ កុម្ភៈ ឆ្នាំ ២០២៦ បន្ទាប់ពី គាត់ បាន បង្ហោះខ្លឹមសារ ដូចមាននៅក្នុងអង្គហេតុ នៅក្នុងសំណុំរឿងក្តីនេះ នៅលើគណនីហ្វេសប៊ុក (Facebook account) ផ្ទាល់ខ្លួន របស់គាត់ ដែលមានឈ្មោះថា: SOPHAL O’SMACH កាលពីថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២៦ និង បានប៉ះពាល់ ដល់ ទឹកចិត្តកងទ័ពជួរមុខ នៅតាមព្រំដែន ខណៈដែល ស្ថានភាពព្រំដែន រវាងប្រទេសទាំងពីរ កំពុងតែ តានតឹង។
លោកអែម ចន្ថា សហមេធាវី ការពារក្តី ឱ្យជនជាប់ចោទ លួត សុផល បានសម្តែងការខកចិត្ត ចំពោះ សេចក្តីសម្រេមច របស់តុលាការ និង ថ្លែងថា: សេចក្តីសម្រេចនេះ វាអយុត្តិធម៌ ចំពោះកូនក្តី ពីព្រោះ អ្វីដែលគាត់បានធ្វើ គឺមិនមានចេតនា ដើម្បីធ្វើឱ្យខូចទឹកចិត្ត ដល់កងទ័ពទេ។ តែ ផ្ទុយ ទៅវិញ គឺ គាត់គ្រាន់តែ បាន ឈឺឆ្អាលនឹងកងទ័ពជួរមុខ និង ដើម្បីជួយដល់កងទ័ពជួរមុខតែ ប៉ុណ្ណោះ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





