លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញាវន្តខ្មែរ(KSILA) ត្រូវបានតុលាការកំពូលប្រកាសប្រកាសសាលដីកានៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយសម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ភ្នំពេញទុកជាបានការដដែលបន្ទាប់ពីបានបើកសវនាកាកាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លើបណ្តឹងសាទុក្ខចំពោះសេចក្តីសម្រេចលើសាលដីកាសាលាឧទ្ធរណ៍ភ្នំពេញកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ដែលបានតម្កល់សាលក្រមសាលាដំបូងរាធានីភ្នំពេញកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ទុកជាបានការ។ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២៣១៤ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានជំនុំជម្រះកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២៤ ក្រោមបទចោទពីបទមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម និងបទញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងបទល្មើសព្រហ្មទណ្ឌដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៨៨, មាត្រា៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមការចេញផ្សាយរបស់អង្គការអាដហុក។
នៅក្នុងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ តុលាការបានសម្រេចផ្តន្ទាទោសលោក កើត សារ៉ាយ ឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ និងពិន័យជាប្រាក់២លានរៀល។
សូមបញ្ជាកថា៖ លោក កើត សារ៉ាយ ត្រូវបានមន្ត្រីនគរបាលរាជធានីភ្នំពេញចូលចាប់ខ្លួនខណៈលោកកំពុងបំពេញការងារនៅការិយាល័យរបស់លោកនៅរាជធានៅភ្នំពេញ រួចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅវេលា ម៉ោង១៥.៤៥នាទី កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ដែលក្នុងដីកានោះបានត្រឹមបញ្ជាក់ថាពាក់ព័ន្ធករណីញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចូលទៅចាប់ខ្លួននេះក្រោយពេលលោក កើត សារ៉ាយ និងក្រុមការងារសមាគមបានចុះទៅជួបប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី នៅក្នុងស្រុកគូលេន ខេត្តព្រះវិហារ ដែលរងការបង្រ្កាបដោយហិង្សាពីសំណាក់អាជ្ញាធរ ខេត្តព្រះវិហារអំឡុងខែមីនា ឆ្នាំ២០២៤ រហូតឈានដល់ពលរដ្ឋរត់គេចទៅលាក់ខ្លួននៅក្នុងព្រៃនិងបានធ្វើសកម្មភាពអំពាវនាវឱ្យអាជ្ញាធរ មានការអត់ធ្មត់ ក្នុងការដោះស្រាយទំនាស់។
ក្នុងករណីនេះ អាដហុក បានផ្តល់មេធាវីក្នុងការតតាំងក្តី ក៏ដូចជាឃ្លាំមើលគ្រប់នីតិវិធី។រក្សាសិទ្ធដោយ៖សុទ្ធលី



