(ភ្នំពេញ)៖ នាល្ងាចថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីសមោសរនៃជំនួបសហគ្រិនហ្វ្រង់កូហ្វូនីលើកទី៦ (REF 2026) ដោយមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក Ahmed CISSÉ ប្រធានសម្ព័ន្ធអង្គការនិយោជកហ្វ្រង់កូហ្វូនី (Alliance des Patronats Francophones) ព្រមទាំងគណៈប្រតិភូ និងធុរជនកម្ពុជា និងហ្វ្រង់កូហ្វូនី។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំនួបសហគ្រិនហ្វ្រង់កូហ្វូនី ដែលរៀបចំឡើងជាលើកដំបូងនៅតំបន់អាស៊ីអាគ្នេយ៍នេះ បានប្រមូលផ្តុំទាំងក្រុមហ៊ុនធំៗដែលមានបទពិសោធន៍យូរឆ្នាំ និងសហគ្រាសដែលកំពុងរីកចម្រើន។ បទពិសោធន៍ និងឯកទេសចម្រុះរបស់សហគ្រាសទាំងនេះក្នុងវិស័យកសិកម្ម ឧស្សាហកម្មផលិតកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសេវាកម្ម បើកឱកាសឱ្យធុរជនស្វែងរកដៃគូដែលមានជំនាញបំពេញបន្ថែមឱ្យគ្នា ដើម្បីពង្រីកទីផ្សារ និងពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់។
លោកជំទាវរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ទំនុកចិត្តរវាងដៃគូអាជីវកម្ម និងបរិយាកាសធុរកិច្ចដែលអាចព្យាករបាន ជាមូលដ្ឋានសម្រាប់ការសម្រេចចិត្តវិនិយោគ និងការកសាងទំនាក់ទំនងពាណិជ្ជកម្មយូរអង្វែង។ ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចក៏រួមចំណែកបង្កើនការយោគយល់គ្នា និងពង្រឹងស្ថិរភាពក្នុងចំណោមប្រទេសហ្វ្រង់កូហ្វូនីផងដែរ។
ក្នុងន័យនេះ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យធុរជនទាញយកប្រយោជន៍ពីជំនួបធុរកិច្ចទ្វេភាគី (B2B) ក្នុងក្របខ័ណ្ឌ REF 2026 ដើម្បីស្វែងយល់ពីតម្រូវការរបស់ដៃគូ និងកំណត់ឱកាសសហការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ លោកជំទាវរដ្ឋមន្ត្រី ក៏បានបង្ហាញក្តីសង្ឃឹមថា ជំនួបនៅរាជធានីភ្នំពេញនេះនឹងជួយឱ្យសហគ្រិនវ័យក្មេង និងសហគ្រាសដែលដឹកនាំដោយស្ត្រី អាចពង្រីកបណ្តាញដៃគូអាជីវកម្មរបស់ខ្លួនបានកាន់តែទូលំទូលាយ៕រក្សាសិទ្ធដោយ៖សុទ្ធលី











