ខេត្តកណ្តាល ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តកណ្តាល កាលថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៦ បានសម្រេចឃុំខ្លួន មន្ត្រីនគរបាល ជាអធិការរង ខណ្ឌជ្រោយចង្វារម្នាក់ ឈ្មោះ សំ រីណា និង គូកន ចំនួន ០២នាក់ ពីបទ: ហិង្សាដោយចេតនា និង ចាប់បង្ឃាំងមនុស្ស ដោយខុសច្បាប់ ជាប់ពាក់ព័ន្ធនឹង ការចាប់ខ្លួន មន្ត្រីនគរបាលចរាចរណ៍ជាប់កិច្ចសន្យាម្នាក់ ញាត់ចូលក្នុងឡាន បណ្តាលឱ្យ ជនរងគ្រោះ ភិតភ័យ និង រង នូវ សម្ពាធ ក៏ លោតចូល ក្នុងទឹក លង់ទឹកស្លាប់ នៅក្នុងទន្លេមេគង្គ។
ករណី ហិង្សានេះ បាន កើតឡើងនៅភូមិស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល កាលពីថ្ងៃ ទី១៧ ខែ មិថុនា ឆ្នាំ ២០២៦ ។
យោងតាម សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល បានឱ្យដឹងថា: នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ សាលាដំបូងខេត្តកណ្តាល បានទទួលចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ១៤៩៣ អ.ក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ដែលមានទាក់ទងនឹងករណីហិង្សាដោយចេតនា និងចាប់បង្ខាំងដោយខុសច្បាប់ ដែលបង្កឡើងដោយជនត្រូវចោទចំនួន៣នាក់ បានជិះរថយន្តម៉ាក Ford ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BU.5414 បានធ្វើសកម្មភាពចាប់ខ្លួនទៅលើជនរងគ្រោះឈ្មោះ ចាន់ ណារ៉ុង ចេញពីផ្ទះស្ថិតនៅភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល បានចាប់ក្របួច.កអាវជនរងគ្រោះ ដាក់ចូលទៅក្នុងឡាន និងប្រើប្រាស់ហិង្សាទៅលើជនរងគ្រោះ បន្ទាប់មកបានរួមដំណើរជាមួយជនរងគ្រោះ តាមកំពង់ចម្លងស្វាយជ្រំ លុះជិតដល់ត្រើយម្ខាងជ្រោយចង្វារ ស្រាប់តែជនរងគ្រោះ បានសុំចុះពីលើរថយន្ត ដើម្បីបត់ជើងតូច ខណៈពេលនោះ ជនរងគ្រោះក៏បានលោតចុះពីលើទូកដរ ចូលក្នុងទឹកបាត់ដំណឹងតែម្តង។
ទើបដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានរកឃើញសាកសពជនរងគ្រោះអណ្តែត នៅចំណុចមាត់ច្រាំងទន្លេមេគង្គ កោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សេចក្តីប្រកាសព័ត៌មាន បានថ្លែងថា: បន្ទាប់ពីបានពិនិត្យទៅឯកសារ នឹងភស្តុតាងនានា ដែលមាននៅក្នុងសំណុំរឿង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទចំនួន ៣នាក់ នៅពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធី៕ រក្សាសិទ្ធិដោយ CEN



