ដោយមានការចង្អុលបង្ហាញដឹកនាំពី ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងដោយមានការសម្របសម្រួលនីតិវិធីដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល។
កំលាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយការិយាល័យនិយ័តកម្មសុខាភិបាលនៃមន្ទីរសុខាភិបាលខេត្តកណ្តាល ដឹកនាំដោយលោក កូ តាត ប្រធានការិយាល័យនិយ័តកម្ម បានធ្វើការឃាត់រថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-8359 នៅចន្លោះគីឡូម៉ែត្រ23 ស្រុកមុខកំពូល ខេត្តកណ្តាល ដែលមានអ្នកបើកបរ ឈ្មោះ ភាព ស្រី ភេទប្រុស អាយុ37ឆ្នាំ មានទីលំនៅ ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។ ក្រោយការពិនិត្យពីការិយាល័យជំនាញនិយ័តកម្មសុខាភិបាលរួចមកឃើញថា ÷ ថ្នាំពេទ្យសរុបចំនួន45កេសធំ ដែលមានចំនួន120ប្រភេទ ត្រូវនឹង23400ប្រអប់ ពុំមានច្បាប់និងចុះបញ្ជីការត្រឹមត្រូវឡើយ ក្រោយមកថ្នាំពេទ្យខាងលើ ត្រូវបានយកមករក្សាទុកនៅការិយាល័យនិយ័តកម្មសុខាភិបាលខេត្ត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។រក្សាសិទ្ធដោយ៖សុទ្ធលី
























