ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៦ បានបើកសវនាការ ជំនុំជម្រះ យុវជនជាប់ចោទម្នាក់ ពីបទ: ឃាតកម្ម ជាប់ពាក់ព័ន្ធនឹង ការវ៉ៃ សម្លាប់ បុរសវ័យ ៤០ ឆ្នាំ ម្នាក់ ដោយសារតែ ជម្លោះ ជំពាក់ប្រាក់ ថ្លៃគ្រោះថ្នាក់ចរាចរណ៍ ចំនួន ៦ ម៉ឺនរៀល (ប្រមាណ$15) ហើយ មិនមានលុយសង ប្រព្រឹត្ត នៅក្នុង សង្កាត់ចោមចៅ១ រាជធានីភ្នំពេញ កាលពី អំឡុងខែ មករា ឆ្នាំ ២០២៦។
ប្រធានចៅក្រមប្រឹក្សា លោកប៊ុន រតនៈ បានថ្លែងឱ្យដឹងនៅអង្គសវនាការថា: ជនជាប់ចោទ រូបនេះ មានឈ្មោះ ជ័យ ពន្លឺ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ជាកម្មករកាត់ដេរ មានទីកន្លែងកំណើតភូមិឈើទាលខ្ពស់ ឃុំកំពង់លើ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះជួលបន្ទប់លេខ៨ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ចំណែកឯ ជនរងគ្រោះ មានឈ្មោះ
សុវណ្ណ រ៉ា ភេទ ប្រុស អាយុ ៤០ ឆ្នាំ មុខរបរ កម្មករឃ្លាំងឥដ្ឋការ៉ូ មានទី លំនៅ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកចៅក្រម បានថ្លែងថា: ជាប់ចោទ ឈ្មោះ ជ័យ ពន្លឺ ត្រូវបានជាប់ចោទ ពីបទ: ឃាតកម្ម តាមបញ្ញត្តិ មាត្រា ១៩៩ នៃ ក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចដីឡូត៍គ្មានលេខ តាមបណ្ដោយផ្លូវបេតុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ។
ជនជាប់ចោទ អាចប្រឈមនឹងការ ជាប់ទោស ពី១០ ទៅ ១៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពិរុទ្ធភាព។
យោងតាម អង្គហេតុ នៃ សំណុំរឿងនេះ ជនជាប់ចោទ បាន សម្លាប់ ជនរងគ្រោះ ដោយផ្តើមចេញពី ជម្លោះ នៃ គ្រោះថ្នាក់ចរាចរណ៍ រួច អូសសាកសព ទៅបោះចោល នៅ ក្នុងដីឡូត៍មួយកន្លែង ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានក្មេងបង្ហោះខ្លែងប្រទះឃើញ និង បានរាយការណ៍ សមត្ថកិច្ចនគរបាល ។
នៅយប់កើតហេតុនោះ, ជនជាប់ចោទ បានជិះដល់ចំណុចម្ដុំអគ្គិសនីសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ក៏ត្រូវម៉ូតូរបស់ជនរងគ្រោះម៉ាក C125 (មិនចាំផ្លាកលេខ) មកបុកម៉ូតូរបស់ខ្លួនបណ្តាលឲ្យបែកកាបាំងខាងឆ្វេង ខ្លួនក៏ទារសំណងពីជនរងគ្រោះចំនួន៦ម៉ឺនរៀល ។
ជនរងគ្រោះបានឆ្លើយថាព្រមសង តែមិនទាន់ មានប្រាក់ ចាំទៅយកពីប្រពន្ធនៅផ្ទះ ខ្លួនក៏បានជិះម៉ូតូតាមពីក្រោយទៅផ្ទះជនរងគ្រោះ ដើម្បីយកប្រាក់។
ដោយសារតែ ជនរងគ្រោះស្រវឹងខ្លាំងជិះរកផ្ទះមិនឃើញ ក៏ចូលទៅផឹកទឹកត្នោតជូរនៅក្បែរកន្លែងកើតហេតុ។
ជនជាប់ចោទ ក៏បានយកម៉ូតូរបស់ខ្លួនទៅផ្ញើ ហើយខ្លួនក៏បានអង្គុយចាំជនរងគ្រោះយកប្រាក់មកឱ្យនៅខាងមុខហាង ។
ពេលជនរងគ្រោះចេញពីផឹកវិញមិនមានប្រាក់ឲ្យម្ចាស់ហាង គេក៏ឃាត់ម៉ូតូជនរងគ្រោះទុកនៅហាង ហើយជនរងគ្រោះក៏ដើរចេញមកខ្លួនក៏ដើរតាមជាប់ ។
ដោយសារស្រវឹងពេក ខ្លួននិងជនរងគ្រោះ បានទៅដេកនៅលើស្មៅនៅចំណុចដីឡូត៍គ្មានលេខ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
លុះដល់វេលាម៉ោងប្រហែល០០និង៣០នាទីអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ជនរងគ្រោះបានភ្ញាក់ឡើងនោម ខ្លួនក៏ភ្ញាក់ឡើងដែរ ពេលនោះជនរងគ្រោះបានវាយ មកលើខ្លួន១ដៃចំទ្រូង ធ្វើឲ្យខ្លួនខឹងជាខ្លាំង ក៏បានប្រតាយប្រតប់គ្នាទៅវិញទៅមក ។ ខ្លួនក៏ស្រវាបានដុំថ្ម១ដុំនៅក្បែរនោះ វាយទៅលើជនរងគ្រោះចំក្បាលខាងក្រោយ បណ្តាលឲ្យជនរងគ្រោះដួល ហើយខ្លួនក៏បានយកដុំថ្ម១ដុំធំផ្សេងទៀតដែលនៅក្បែរនោះ វាយម្តងទៀតចំក្បាលខាងក្រោយជនរងគ្រោះ ដេកដួលបាត់មាត់ស្ងាត់ឈឹង ។
ពេលនោះខ្លួនគិតថា ជនរងគ្រោះស្លាប់ ខ្លួនក៏អូសជនរងគ្រោះមកដាក់កៀនរបងដីឡូត៍កន្លែងកើតហេតុ ហើយក៏បានដើរមកដេកនៅបន្ទប់ជួលរបស់ខ្លួនវិញ ដែលមានចម្ងាយប្រ ហែល៣គីឡូម៉ែត្រពីកន្លែងកើតហេតុ ។
នាពេលសវនាការ, ជនជាប់ចោទ បានទទួលស្គាល់ អំពីកំហុសរបស់ខ្លួន និង សុំ តុលាការ បន្ធូរបន្ថយទោស។
សំំណុំរឿងក្តីនេះ តុលាការរាជធានីភ្នំពេញ បានលើកពេលទៅប្រកាសសាលក្រម នៅថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០២៦៕ រក្សាសិទ្ធិដោយ CEN




