ថ្ងៃ១៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃអាទិត្យទី២៨ ខែមិថុនា ឆ្នាំ២០២៦ គឺជាទិវាដ៏មហានក្ខត្តឫក្សរំឭកអធិកអធមក្រៃលែងគម្រប់ខួប៧៥ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានបុព្វការីជនរបស់ខ្លួន បក្សប្រជាជនបដិវត្តន៍ខ្មែរ ហើយដែលត្រូវបានប្រជាជនកម្ពុជាហៅដោយរត់មាត់ និងគោរពស្រលាញ់ចេញពីបេះដូងថា៖គណបក្សទេវតាៗ រីឯបស្ចឹមលោក ឬបណ្តាប្រទេសលោកខាងលិចហៅ គណបក្សកាន់អំណាចដ៏យូរឆ្នាំ និងដ៏រឹងមាំចេញពីឬសគល់មួយនេះថា៖ គណបក្ស ហ៊ុន សែន ឬ Hun Sen Party, Hun Sen Party! ។

រយៈពេល៧៥ឆ្នាំកន្លងមកនេះគណបក្សប្រជាជនកម្ពុជា ឬហៅកាត់នាមជាភាសាអង់គ្លេសថា CPP (ស៊ីភីភី) នៅតែរក្សាបាននូវសារជាតិ និងឧត្តមគតិដើមរបស់ខ្លួនគឺ៖ អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជនក្នុងក្របខ័ណ្ឌនៃសាមគ្គីភាពជាមួយនឹងប្រទេសជិតខាង ប្រទេសក្នុងតំបន់ និងសាមគ្គីអន្តរជាតិ តាមស្ថានការណ៍ និរន្តន៍ជាក់ស្តែងនៃដំណើរការជីវភាពនយោបាយជាតិ តំបន់ និងអន្តរជាតិ។
CPP ត្រូវបានបង្កើតឡើងដោយបណ្តាជនស្នេហាជាតិខ្មែរ នៃត្រកូលកសិករ ដែលទទួលបានការអប់រំតាមទស្សនវិជ្ជាព្រះពុទ្ធសាសនា ខ្លួនទីពឹងខ្លួន អំពើល្អជាកុសលត្រូវសាងឡើងនៅគ្រប់កាលវេលា។ CPP ចាប់បដិសន្ធិឡើងលើទឹកដីនៃមាតុភូមិអង្គរផ្តើមចេញពីចលនាស្នេហាជាតិ ប្រយុទ្ធប្រឆាំងនឹងអាណានិគម បំភ័ន្តស្មារតីជាតិកម្ពុជាឱ្យមើលឃើញថា ខ្មែរមិនល្អ ខ្មែរអន់ថយ ហើយផ្ទុយទៅវិញ គឺអ្វីៗដែលល្អ ដែលជឿនលឿន ស៊ីវិល័យគឺបស្ចឹមលោក។ ចលនានយោបាយនោះគឺ គណៈជាតិមុត្តិគាហាលើទឹកដីនៃស្រុកឈូក ខេត្តកំពត នាពាក់កណ្តាល និងចុងទសវត្សឆ្នាំ១៩៤០។

រយៈពេល៧៥ឆ្នាំកន្លងមក ជាពិសេសគិតចាប់ពីថ្ងៃបដិសន្ធិរហូតដល់ខែមករា ឆ្នាំ១៩៧៩ កម្មាភិបាលយុទ្ធជន យុទ្ធនារី និងប្រជាជនយ៉ាងច្រើនឥតគណនា បានតស៊ូធ្វើពលីកម្មប្រកបដោយវីរភាពខ្ពស់នៅច្រើនដំណាក់កាលដើម្បីប្រជាជនកម្ពុជាមានសេរី មានឯករាជ្យ មានហូបចុកស្លៀកពាក់ ជម្រក ជាពិសេសសុភមង្គល និងសុខដុមរមនាក្នុងសង្គមគ្រួសារ និងសង្គមជាតិកម្ពុជាយើង។ CPP នាបច្ចុប្បន្ននេះ សូមលំឱនកាយ ក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងឡាយណា ជាពិសេស ខេមរជនលើមាតុភូមិអង្គរដែលបានធ្វើពលីកម្មដូចបានពោលខាងលើ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សរំឭកនេះ ទួលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សមាជិកសមាជិកា CPP ទាំងនៅក្នុង និងក្រៅប្រទេស សូមសម្តែងនូវគារវភក្តី និងកត្តញ្ញូតាធម៌ដ៏ប្រពៃថ្លៃថ្លាបំផុតថ្វាយចំពោះហ្លួងម៉ែ នរោត្តមមុនីនាថសីហនុ ព្រះរាជាខ្មែរ នរោត្តម សីហមុនី ជាទីសក្ការៈបំផុតដែលព្រះអង្គទាំងទ្វេបានប្រោសប្រទានដល់យើងខ្ញុំនូវយុត្តិធម៌ក្នុងខណៈជាកម្លាំងថែរក្សាការពារព្រះរាជបល្ល័ង្កដ៏ធំធេងជាងគេក្នុងចំណោមកម្លាំងជាតិដទៃៗទៀត។
CPP ដែលជាកម្លាំងស្នូលនៃការស្ថាបនារាជានិយមឡើងវិញនៅលើទឹកដីអង្គរធ្លាប់ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធាន CPP ប្រកាសជាឱឡារិកថា រាជរដ្ឋាភិបាលដែលដឹកនាំដោយ CPP នៅតែបន្តជាដរាបនូវព្រះរាជតម្រឹះព្រះបរមរតនកោដ្ឋក្នុងការបង្រួបបង្រួមជាតិកម្ពុជាយើង និងស្ថាបនាព្រះរាជាណាចក្រទី២តាមលំអាននៃសង្គមរាស្ត្រនិយមបែបជាក់ស្តែងនិយម មិនអចិន្តភាព រវើរវាយ Facebook និយម ជេរប្រមាថនិយម បាត់អស់នូវសារជាតិថ្លៃថ្នូរនៃពូជសាសន៍ខ្មែរ ដែលជាអ្នកកសាងប្រាសាទសិលាកំបាំងកណ្តាលទ្រូងព្រៃនោះឡើយ។

គណបក្សប្រជាជនកម្ពុជា ឬ CPP នាបច្ចុប្បន្ននេះ ដែលដឹកនាំដោយសម្តេចប្រធានតេជា ហ៊ុន សែន សម្តេចប្រធានកិត្តិយស CPP សម្តេចអនុប្រធាន CPP រួមមាន សម្តេច ស ខេង សម្តេច សាយ ឈុំ សម្តេច ទៀ បាញ់ សម្តេច ម៉ែន សំអន និងសម្តេច ហ៊ុន ម៉ាណែត រចនាសម្ព័ន្ធគណៈអចិន្ត្រៃយ៍៥៩រូប និងមន្ត្រីគណបក្សតាមលំដាប់លំដោយនៃរចនាសម្ព័ន្ធដឹកនាំរបស់បក្សកំពុងបំពេញភារកិច្ច កាតព្វកិច្ចនយោបាយ ដឹកនាំរដ្ឋ ដឹកនាំរដ្ឋាភិបាល រដ្ឋបាលជាតិប្រកបដោយសតិសម្បជញ្ញៈជាតិ ការទទួលខុសត្រូវខ្ពស់ចំពោះជីវភាពរស់នៅរបស់ពលរដ្ឋម្ចាស់ឆ្នោត ពលរដ្ឋទូទៅ និងជោគវាសនានៃជាតិមាតុភូមិកម្ពុជា។
សមាជិកសមាជិកា CPP គ្រប់ជាន់ថ្នាក់ត្រូវចងចាំ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនជាដរាបនូវប្រសាសន៍នែនាំរបស់សម្តេចពុកតេជោ ហ៊ុន សែន ប្រធាន CPP មន្ត្រីជាខ្ញុំបម្រើរបស់ប្រជាជន មន្ត្រីមិនមែនជាចៅហ្វាយនាយរបស់ប្រជាជនទេ។ រយៈពេល៧៥ឆ្នាំកន្លងមក (២៨ មិនថុនា ១៩៥១-២៨ មិថុនា ២០២៦) បានឆ្លងកាត់ព្យុះព្យោមារនៃដំណើរនយោបាយជាតិកម្ពុជា តស៊ូ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងរាប់ទាំងការបូជាអាយុជីវិតឈាមស្រស់ស្បែកស្រស់ដោយដណ្តើមបាននូវសមិទ្ធផល និងឧត្តមប្រយោជន៍ដ៏ច្រើនសម្បើមសម្រាប់ជាតិ និងមាតុភូមិកម្ពុជា។
ឧត្តមប្រយោជន៍ដែល CPP បាននាំមកជូនមាតុភូមិ និងប្រជាជនរបស់ខ្លួននារយៈពេល៧៥ឆ្នាំកន្លងមករួមមាន៖

- ការរំដោះប្រទេសជាតិចេញពីនឹមអាណានិគមនិយមបរទេស
- ការវាយកម្ចាត់សត្រូវឈ្លានពានបរទេស និងបរិវា
- បានរំដោះប្រជាជនកម្ពុជារាប់លាននាក់ឱ្យរួចផុតពីការកាប់សម្លាប់នៃរបបប្រលៃពូជសាសន៍ប៉ុលពតនៅថ្ងៃមហាជ័យជម្នះ៧មករា ១៩៧៩ ដោយបានការជួយឧបត្ថម្ភគាំទ្រយ៉ាងធំធេង និងស្មោះស្ម័គ្រពីសំណាក់កងទ័ពស្ម័គ្រវៀតណាម
- ការចរចាស្វែងរកសន្តិភាពតាមរយៈវេទិកាអន្តរជាតិជាច្រើនជាមួយនឹងភាគីបដិបក្សរហូតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ និងការយាងសម្តេចព្រះនរោត្តម សីហនុ និងព្រះអគ្គមហេសីមកកាន់ព្រះនគរវិញនៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ១៩៩១។
- ការបញ្ចប់សង្គ្រាមស៊ីវិល ឯកភាពទឹកដីតាមគោលនយោបាយឈ្នះៗ ដែលផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ប្រធាន CPP នាំមកនូវសន្តិភាពពេញលេញបរិបូរណ៍លើផ្ទៃប្រទេសកម្ពុជាទាំងមូលនៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨
- សមាហរណកម្មកម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ កសាងប្រទេស និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនាំមកនូវជីវភាពរស់នៅប្រពៃថ្លៃថ្លាសុភមង្គលជូនប្រជាជនកម្ពុជានាសព្វថ្ងៃនេះ។
នារយៈពេល២ឆ្នាំចុងក្រោយនេះ CPP បានខិតខំប្រឹងប្រែងជាអតិបរមាដឹកនាំរាជរដ្ឋាភិបាលអាណត្តទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងការទប់ស្កាត់ និងតតាំងជាមួយនឹងកងទ័ពថៃដឹកនាំដោយរដ្ឋទីក្រុងបាងកក ដែលបានរំលោភបំពានឈ្លានពានបូរណភាពទឹកដីកម្ពុជាតាមបណ្តោយព្រំដែននៃកម្ពុជា-ថៃ។
សម្តេចតេជោ ហ៊ុន សែន ប្រធាន CPP បានអះអាងជាសាធារណៈ នៅចំពោះមុខជនរួមជាតិរបសលោកថា៖ កម្ពុជាត្រូវតែបន្តការតស៊ូប្រឹងប្រែងតាមមធ្យោបាយការទូត និងច្បាប់អន្តរជាតិជាធរមាននានាដើម្បីចាប់បង្ខំឱ្យប្រទេសថៃបញ្ឈប់ការឈ្លានពានកម្ពុជា និងដកថយចេញពីបូរណភាពទឹកដីកម្ពុជាដែលថៃបានដណ្តើមកាន់កាប់ដោយកម្លាំងយោធាដោយខុសច្បាប់។
ជាអវសាននៃបទវិចារណកថាគឺដើម្បីឧទ្ទិសចំពោះថ្ងៃខួបកំណើត៧៥ឆ្នាំនៃ CPP ឬគណបក្សសម្តេច ហ៊ុន សែន សម្តេចពុកនៃកម្ពុជា យើងសូមដកស្រង់ប្រសាសន៍សម្តេចពុក ហ៊ុន សែន ប្រធាន CPP ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ហើយដែលត្រូវបានកត់ត្រាទុកក្នុងសៀវភៅសម្តេច ហ៊ុន សែន អ្នកគូសវាសជោគវាសនាកម្ពុជា ចងក្រង និងនិពន្ធដោយឯកឧត្តម កែវ បាភ្នំ ទេសរដ្ឋមន្ត្រី ប្រធានគណៈស្រាវជ្រាវប្រវត្តិបក្សរបស់គណបក្សប្រជាជនកម្ពុជាមកបញ្ជាក់ជូនជាត្រីវិស័យនាំផ្លូវដល់សមាជិកសមាជិកា CPP ទាំងអស់ឱ្យបានជ្រាបនោះគឺ៖ យើងត្រូវកសាងឱ្យបានជាប់ជានិច្ចនូវទឹកចិត្តស្នេហាជាតិស្រលាញ់ប្រជាជន និងស៊ូស្លាប់ជាជាងបាត់ឯករាជ អធិបតេយ្យជាតិ។ ម្យ៉ាងទៀត ការចាត់តាំង និងបំផុសឱ្យបានកម្លាំងសាមគ្គីប្រជាជនទាំងមូល ឱ្យក្លាយជាថាមពលដ៏ខ្លាំងក្លា គឺជាកិច្ចការដែលយើងត្រូវធ្វើជាប់ជាប្រចាំ…៕ រក្សាសិទ្ធដោយ៖CEN



