នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ។ បើទោះបីជា សម្តេច បានកត់សម្គាល់ពីលទ្ធផលគួរឱ្យពេញចិត្តចំពោះប្រតិបត្តិការនេះ ដែលធ្វើឱ្យអន្តរជាតិទទួលស្គាល់ថា កម្ពុជាបាននិងកំពុងបង្ក្រាប Scam Online យ៉ាងសកម្មក៏ដោយ សម្តេចធិបតី នៅតែចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ចំពោះអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ឱ្យបន្តបេសកកម្មនេះជានិច្ច ដោយដាច់ខាតមិនអនុញ្ញាតឱ្យបញ្ហានេះកើតមាននៅលើទឹកដីកម្ពុជាទៀតឡើយ។
បន្ថែមសម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យនិងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធនិងទំនិញខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់ ដោយស្មើភាពនិងតម្លាភាព ជាពិសេសដោយផ្តោតលើដើមខ្សែ ពោលគឺអ្នកដែលនាំចូល និងចែកចាយ។ វិធានការនេះត្រូវធ្វើឡើងទាំងមុខទំនិញជាគ្រឿងឧបភោគបរិភោគ ពីព្រោះវាប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងទាំងទំនិញដែលមានតម្លៃខ្ពស់ ពីព្រោះវាប៉ះពាល់ដល់ការប្រកួតប្រជែងដោយស្មើភាព។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានណែនាំឱ្យអាជ្ញាធរ មានសមត្ថកិច្ច ត្រូវផ្សព្វផ្សាយព័ត៌មានច្បាស់លាស់ជូនប្រជាពលរដ្ឋឱ្យបានជ្រាប និងបានលឿនរហ័សអំពីវិធានការរបស់ខ្លួន ដើម្បីចៀសវាងការយល់ច្រឡំ និងមានការបកស្រាយខុសពីគោលបំណងពិត។
សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពល។ សម្តេច បានណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម សហការជាមួយរដ្ឋបាលរាជធានី ខេត្ត បន្តតាមដានការវិវត្តន៍និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋបានដឹងអំពីផលវិបាកនៃការប្រែប្រួលអាកាសធាតុនេះ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត ត្រៀមមធ្យោបាយចាំបាច់ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់។ ចំណែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រៀមបំរុងស្បៀងនិងសម្ភារៈនានា ជួយអន្តរាគមន៍ដល់ប្រជាកសិករដែលនឹងរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា៕ រក្សាសិទ្ធដោយ៖សុទ្ធលី












