ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៦ បានមានប្រសាសន៍ថា ក្រោយពីខ្ញុំបានបង្ហាញគ្រាប់បែកទម្លាក់ពីយន្ដហោះប្រភេទ MK-84 ទម្ងន់ជិត១តោនរបស់ទាហានសៀមឈ្លានពាន ដែលបានទម្លាក់មកលេីបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជានោះ មានសារព័ត៌មានថៃមួយចំនួន បានចុះផ្សាយបង្វែរការពិត ដោយសំអាងលេីតែមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តម ហេង រតនា បានថ្លែងបន្តថា ទន្ទឹមនឹងនេះមានបងប្អូនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋខ្មែរមួយចំនួនបានសាកសួរនិងស្នេីសុំឱ្យខ្ញុំជួយបកស្រាយបំភ្លឺបន្ថែម។ ក្នុងឱកាសនេះ ខ្ញុំសូមសង្ខេបខ្លឹមសាររបស់សារព័ត៌មានសៀមដែលបានលេីកឡេីងនិងត្រូវធ្វេីការបកស្រាយលើទិដ្ឋភាពចំនួន៣ចំនុចដូចខាងក្រោម៖
១. ការអធិប្បាយថា “គ្រាប់បែកទម្លាក់ពីយន្ដហោះរបស់ពួកគេ សុទ្ធតែបានផ្ទុះទាំងអស់” ខ្ញុំយល់ថាការអធិប្បាយនេះ ជាសក្ខីកម្មថ្មីមួយទៀតដែលទាហានសៀមសារភាពទទួលស្គាល់ថាបានប្រើប្រាស់គ្រាប់បែកទម្លាក់ពីយន្ដហោះក្នុងការរំលោភឈ្លានពានបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាពិតប្រាកដមែន។ ដោយឡែក ចំពោះកម្រិតនៃការផ្ទុះគ្រាប់បែកទម្លាក់ពីយន្ដហោះ ក៏ដូចជាគ្រាប់យុទ្ធភណ្ឌដទៃទៀតដែរ សុទ្ធតែមានកម្រិតអត្រាមិនផ្ទុះ (Failing rate)។ កាលេីកឡេីងពេលនេះ មិនខុសគ្នាពីអ្វីដែលមន្រ្តីជំនាញសៀមធ្លាប់បានលើកឡើងកន្លងមកពាក់ព័ន្ធការផ្ទុះសំណល់គ្រាប់បែកចង្កោមសៀមស្លាប់កុមារកម្ពុជា ក៏ពួកគេបានអះអាងដូចគ្នានេះដែរថា គ្រាប់បែកចង្កោមសៀមបានបាញ់មកលើបូរណភាពទឹកដីកម្ពុជាសុទ្ធតែផ្ទុះទាំងអស់អញ្ចឹងដែរ ប៉ុន្តែធាតុពិត សំណល់គ្រាប់បែកចង្កោមទាំងនោះ នៅតែបន្តបង្កគ្រោះថ្នាក់ដល់ជនសុីវិលជាបន្តបន្ទាប់ ហេីយអង្គភាពCMACនៅតែបន្តរកឃេីញជាហូរហែ។ ខ្ញុំយល់ថា អ្វីដែលសៀមបានលេីកឡេីងនេះ ជាការបង្ហាញនូវមោទនភាពនិងអំនួតអំពីឧត្តមភាពសម្ភាៈសឹក ព្រមទាំងគេចវេសពីការទទួលខុសត្រូវ ដោយភូតកុហកប្រជាជនសៀម និងសាធារណៈមតិអន្ដរជាតិតែប៉ុណ្ណោះ។
២. ការលើកឡើងថា “គ្រាប់បែកទម្លាក់ពីយន្ដហោះប្រភេទMK-84នោះ គឺជាសំណល់គ្រាប់ទម្លាក់ពីយន្ដហោះរបស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមនៅកម្ពុជានាទសវត្សរ៍១៩៦០-៧០នោះ គឺជាការបម្លែងការពិតតែប៉ុណ្ណោះនិងជាការទម្លាក់កំហុសព្រមទាំងមួលបង្កាច់លេីភស្តុតាងពិតប្រាកដនេះ។ សុំបញ្ជាក់ថា រាល់គ្រាប់បែកទម្លាក់ពីយន្ដហោះ ក៏ដូចជាគ្រាប់យុទ្ធភណ្ឌទាំងអស់សុទ្ធតែមានការកំណត់អត្តសញ្ញាណច្បាស់លាស់ដូចជា លេខកូដ ថ្ងៃខែឆ្នាំនិងក្រុមហ៊ុន ព្រមទាំងប្រទេសផលិត ដែលនេះជាបទដ្ឋានអន្ដរជាតិ។ ជាក់ស្ដែងគ្រាប់បែកទម្លាក់ពីយន្ដហោះប្រភេទMK-84 ដែលបានបង្ហាញក្នុងរូបភាពទាំង២គ្រាប់នេះមានលេខកូដ៖ 30003-923AS105 លេខឡូតិ៍គ្រាប់៖ IMI96G015-011 ផលិតដោយក្រុមហ៊ុនឧស្សាហកម្មយោធាអុីស្រាអ៊ែល នៅឆ្នាំ១៩៩៦។ ផ្អែកលេីមូលដ្ឋាននេះ សួរថា តេីគ្រាប់បែកដែលផលិតក្នុងឆ្នាំ១៩៩៦ អាចយកទៅប្រើប្រាស់ក្នុងសង្គ្រាមសហរដ្ឋអាមេរិកនៅកម្ពុុជាក្នុងអំឡុងឆ្នាំ១៩៦២-១៩៧៥ បានដែរឬ?
៣. ដោយឡែកចំពោះការលើកឡើងថា “គ្រាប់បែកMK-84នេះមិនអាចផ្ទៀងផ្ទាត់បាន ដោយសារគ្មានប្រភពត័ត៌មានច្បាស់លាស់ឡើយ”ត្រង់ចំនុចនេះ តាមធម្មតាការផ្ទៀតផ្ទាត់អាចដំណេីរការបាន ដោយការត្រួតពិនិត្យភស្តុតាងជាក់ស្តែងដូចជា គ្រឿងបង្គំគ្រាប់បែក ទីតាំងរណ្តៅគ្រាប់ សាក្សី និងទិន្នន័យការហោះហេីរទម្លាក់គ្រាប់បែកជាដេីម។ ជាក់ស្តែង រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្ដល់ទិន្នន័យការទម្លាក់គ្រាប់បែកនៅកម្ពុជាជូនរាជរដ្ឋាភិបាល ដេីម្បីគាំទ្រសកម្មភាពបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនិងគ្រាប់បែកទម្លាក់ពីយន្តហោះជាកិច្ចការមនុស្សធម៌ ក៏ដូចជាបង្ហាញនូវស្មារតីការទទួលខុសត្រូវខាងសីលធម៌ផងដែរ។ អង្គភាពCMACក៏បានប្រើប្រាស់ទិន្នន័យនោះ ដេីម្បីគាំទ្រកិច្ចប្រតិបត្តិការបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ សូមបញ្ជាក់បន្ថែមជាថ្មីថា ទីតាំងគ្រាប់បែករបស់ទាហានសៀមដែលអង្គភាពCMACបានរកឃើញ គឺគ្មាននៅក្នុងទិន្នន័យការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនោះទេ។
សរុបរួម គ្រាប់បែកទម្លាក់ពីយន្ដហោះMK-84 គ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភណ្ឌដទៃទៀតដែលអង្គភាពCMAC បោសសម្អាតនិងប្រមូលបាននោះ សុទ្ធតែមានកំណត់ត្រាទីតាំង អត្តសញ្ញាណគ្រាប់ ក៏ដូចជាស្ថានភាពគ្រាប់ច្បាស់លាស់ ដែលអាចផ្ដល់លទ្ធភាពដល់អ្នកជំនាញជាតិនិងអន្ដរជាតិ អាចពិនិត្យផ្ទៀងផ្ទាត់ និងសិក្សាលម្អិតបាន។ ចំណែកខ្លះនៃតឹងតាងទាំងនេះ ត្រូវថែរក្សាទុកជាមរតកប្រវត្តិសាស្ត្រដេីម្បីរំលឹកចងចាំនូវទុកសោកនាដកម្មសង្គ្រាមនិងការផ្សព្វផ្សាយនូវវប្បធម៌សន្តិភាពសម្រាប់មនុស្សជាតិ! ។
ការពិតនៅតែជាការពិត (ជួបរបស់ពិត) ដោយគ្មានការក្លែងបន្លំ លាបពណ៌ និងមួលបង្កាច់អ្វីឡើយ!! ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

















