Friday, June 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងគោលដៅបង្ក្រាប និងបោសសម្អាតបណ្តាញឧក្រិដ្ឋកម្ម Online Scamsនេះឱ្យអស់ពីទឹកដីកម្ពុជា

ឯកឧត្តមសន្តិបណ្ឌិត ឆៃ​ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS (Tokyo Broadcasting System Television) កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានបង្ហាញអំពីយុទ្ធនាការយ៉ាងសកម្មរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។

ឯកឧត្តមសន្តិបណ្ឌិត បានគូសបញ្ជាក់ថា៖ «ជាការពិតណាស់ ការរាតត្បាត និងការគំរាមកំហែងនៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះឡើយ ប៉ុន្តែវាជាវិបត្តិសកលដែលកំពុងកើតមានឡើងនៅតាមបណ្តាប្រទេសជាច្រើនលើពិភពលោក។ ក្នុងនោះ ជនបរទេសជាច្រើនសញ្ជាតិ ត្រូវបានលួងលោមអូសទាញដោយក្រុមមេខ្លោងឧក្រិដ្ឋជន ដើម្បីយកទឹកដីកម្ពុជាធ្វើជាទីតាំងលបលួចប្រព្រឹត្តសកម្មភាពឆបោកទៅក្រៅប្រទេសវិញ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រមូលផ្តុំកម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងគោលដៅបង្ក្រាប និងបោសសម្អាតបណ្តាញឧក្រិដ្ឋកម្មទាំងនេះឱ្យអស់ពីទឹកដីកម្ពុជា ព្រមទាំងដាក់ចេញនូវវិធានការច្បាប់ដើម្បីទប់ស្កាត់យ៉ាងតឹងរ៉ឹង បង្ការមិនឱ្យកើតមានឡើងវិញជាដាច់ខាត។

យោងតាមលេខាធិការដ្ឋានគ.ប.ឆ.ប. សមត្ថកិច្ចកម្ពុជាបាន និងកំពុងអនុវត្តវិធានយ៉ាងម៉ឺងម៉ាត់ ដើម្បីការរឹតបន្តឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់នៅទូទាំងប្រទេស ការស្នាក់នៅរបស់ជនបរទេសដែលអាចជាប់ការសង្ស័យពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់កម្ពុជា ក៏ដូចជាការស៊ើបអង្កេតតាមដានបច្ចេកវិទ្យា ការសហការដោយបើកចំហជាមួយដៃគូអន្តរជាតិ និងការបន្តប្រតិបត្តិការបង្ក្រាប និងបោសសម្អាតលើការឆបោកគ្រប់ទម្រង់ដោយមិនដកដៃឡើយ។

ជាលទ្ធផល ចាប់តាំងពីដើម ឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួនជាង ៥០០ទីតាំង ក្នុងរាជធានី-ខេត្ត ដើម្បីគ្រប់គ្រង ហើយកំពុងបន្តការស៊ើបអង្កេតប្រមូលភស្តុតាង ក្នុងនោះបានបិទសៀល(Sealed) ចំនួនជាង ៤០០ ទីតាំង ព្រមទាំងបានដកហូតនិងព្យួរអាជ្ញាប័ណ្ណកាស៊ីណូចំនួន២៥ទីតាំង។ ទន្ទឹមគ្នានេះ សមត្ថកិច្ចបានដំណើរការសំណុំរឿងក្នុងនីតិវិធីតុលាការចំនួន ១៨៤ សំណុំរឿង ក្នុងនោះមាន ៥៥ សំណុំរឿងស្ថិតក្នុងដំណាក់កាលជំនុំជម្រះ ដែលពាក់ព័ន្ធនឹងជនត្រូវចោទចំនួន ១ ៧៦១ នាក់ ខណៈជនជាប់សង្ស័យសញ្ជាតិបរទេសមានចំនួនប្រមាណ ជាង២ពាន់នាក់ មាន៣៣ សញ្ជាតិ។

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ថា យុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចេញពីកម្ពុជា បាននិងកំពុងប្រព្រឹត្តទៅដោយភាពស្វាហាប់ និងមោះមុតបំផុត ទោះបីជាត្រូវប្រឈមនឹងភាពស្មុគស្មាញ និងឧបសគ្គជាច្រើនក្ដី។ ឈរលើស្មារតីនេះ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តយ៉ាងដាច់ខាត តាមរយៈការដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតដល់គ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវរួមគ្នាកម្ទេចរាល់ទីតាំងឆបោកទាំងនេះឱ្យស្រឡះពីទឹកដីកម្ពុជា។ សម្រាប់រាជរដ្ឋាភិបាល ការធានា និងថែរក្សាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ការការពារកេរ្តិ៍ឈ្មោះនិងកិត្តិយសជាតិ ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានសុវត្ថិភាព និងរីកចម្រើន គឺជាកិច្ចការអាទិភាព និងជាទិសដៅយុទ្ធសាស្ត្រក្នុងការដឹកនាំ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×