ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឺជី (ZHAO Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន

នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឺជី (ZHAO Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ដែលជំនួបនេះធ្វើឡើងនៅមហាវិមានប្រជាជនចិន រដ្ឋធានីប៉េកាំង។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ សម្ដេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម ចាវ ឡឺជី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិននាពេលនេះ។ ឯកឧត្តមបានហៅទំនាក់ទំនងកម្ពុជា និងចិនថា ជាទំនាក់ទំនងមិត្តចាស់ មិត្តដែកថែប ដែលតែងតែជួយយកអាសាគ្នាទៅវិញទៅមក។ ឯកឧត្តម ក៏បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំទៅ គឺបានបង្ហាញនូវការពង្រឹងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំជាពិសេសគឺការជំរុញការអនុវត្ត ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគ្គសម័យថ្មី។

សម្ដេចតេជោ ហ៊ុន សែន បានអរគុណ ឯកឧត្តម ចាវ ឡឺជី ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្ដេច និងគណៈប្រតិភូកម្ពុជា។ សម្ដេចបានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ សម្ដេច សង្កត់ធ្ងន់ថា ទោះបីជាពិភពលោកមានការប្រែប្រួល អាកាសធាតុមានការប្រែប្រួលតែមិត្តភាព កម្ពុជា-ចិន មិនប្រែប្រួលឡើយ។

នៅក្នុងឱកាសនោះ សម្ដេចតេជោក៏បានលើកឡើងអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងនៅក្នុងក្របខណ្ឌស្ថាប័ននីតិប្រតិបត្តិ ស្ថាប័នបក្ស និងស្ថាប័ននីតិបញ្ញត្តិ ដោយ សម្ដេច បានបញ្ជាក់ថា សម្ដេច ចង់ឃើញស្ថាប័ននីតិបញ្ញត្តិ រវាងប្រទេសទាំងពីរដើរតួនាទីកាន់តែសកម្មបន្ថែមទៀត នៅក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ដើម្បីគាំទ្រដល់ស្ថាប័ននីតិប្រតិបត្តិ និងគណបក្សរវាងប្រទេសទាំងពីរដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តម ចាវ ឡឺជី បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់ សម្ដេចតេជោ ហើយ ឯកឧត្តម បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងចិនគឺជាការទាក់ទងទំនាក់ទំនងដោយការជឿជាក់គ្នា ដែលមិនអាចមានអ្នកណាមកបំបែកនូវមិត្តភាពនេះបានឡើយ។ ឯកឧត្តមក៏បានលើកឡើងអំពីការជំរុញនូវកិច្ចសហប្រតិបត្តិការក្នុងស្ថាប័ននីតិបញ្ញត្តិ រវាងប្រទេសទាំងពីរ។ ឯកឧត្តម ចង់ឃើញប្រទេសទាំងពីរ ពោលគឺស្ថាប័ននីតិបញ្ញត្តិរវាងកម្ពុជា និងចិន មានទំនាក់ទំនងគ្នាកាន់តែស្អិតរមួតបន្ថែមទៀត ក្នុងគោលដៅដើម្បីចូលរួមចំណែកក្នុងការជួយជ្រោមជ្រែងដោយការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគ្គសម័យថ្មី។

ចុងក្រោយ ឯកឧត្តម ចាវ ឡឺជី ក៏បានជូនពរឲ្យ សម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា ឱ្យបំពេញទស្សនកិច្ចក្នុងប្រទេសចិន ប្រកបដោយភាពជោគជ័យ៕រក្សាសិទ្ធដោយ៖សុទ្ធលី