ភ្នំពេញ: តុលាការកំពូល កាលពី ព្រឹកថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ឆ្នាំ ២០២៦ នេះ បានប្រកាសសាលដីកា លើបណ្តឹងសារទុក្ខ របស់អ្នកកាសែត ជាប់ចោទ២នាក់ ដែលត្រូវបាន តុលាការជាន់ទាប ផ្តន្ទាទោស ពួកគេ ដាក់ពន្ធនាគារ ម្នាក់” កំណត់ រយៈពេល ១៤ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ។
តុលាការកំពូល បានសម្រេចតម្កល់ទណ្ឌកម្ម របស់ពួកគេ ទាំងពីរ រក្សាទុក ជាបានការ ដដែល និង ប្រកាសបិទ ការតវ៉ា។
លោកតាំង ស៊ុនឡាយ អនុប្រធាន តុលាការកំពូល និង ជាប្រធានចៅក្រមប្រឹក្សា ជំនុំជម្រះ បានថ្លែងអោយដឹង នៅអង្គសាវនាការថា: ជនជាប់ចោទទាំងពីរ មានឈ្មោះ ទី១- ឈ្មោះ ភាព ភារ៉ា ភេទប្រុស អាយុ ៤១ ឆ្នាំ
មកពី សារព័ត៌មានអនឡាញ ធីអេសភី ៦៨ ធីវីអនឡាញ និង ទី២- ឈ្មោះ លោក ផន សុភាព ភេទប្រុស អាយុ ៣៩ មកពីសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ TV Online ។
ជនជាប់ចោទ ទាំងពីរ ត្រូវបាន ជាប់ចោទពីបទ: “ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មាន ជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ” តាមបញ្ញតិ្តមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ និង ត្រូវបានចាប់ឃាត់ខ្លួន នៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៥ ជាប់ពាក់ព័ន្ធ នឹងការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ជុំវិញ ការថតរូបទាហាន នៅជិតទីតាំង ឈរជើងជួរមុខ ខណៈពេលអ្នកទាំងពីរធ្វើការក្នុងខេត្តឧត្តរមានជ័យ នៅជិតព្រំដែនកម្ពុជា-ថៃ អំឡុងថ្ងៃទី ២៥ ដល់ ៣១ ខែកក្កដា ឆ្នាំ២០២៥ ។
នៅក្នុងសំណុំរឿងក្តីនេះ តុលាការខេត្តសៀមរាប កាលពី ថ្ងៃទី ១៧ ធ្នូ ឆ្នាំ ២០២៥ បានផ្តន្ទាទោស ជាប់ចោទ ឈ្មោះ ភាព ភារ៉ា និង ឈ្មោះ ផន សុភាព ដាក់ពន្ធនាគារ ម្នាក់ៗ កំណត់ ១៤ ឆ្នាំពីបទ:
“ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មាន ជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ” តាមបញ្ញតិ្តមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ ។
តែ ពួកគេ បានប្តឹងឧទ្ធរណ៍។ តុលាការឧទ្ធរណ៍ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៦ ក៏ បានតម្កល់ ទោសរបស់ពួកគេ រក្សាទុក ដដែល។
បច្ចុប្បន្ននេះ អ្នកសារព័ត៌មានអនឡាញទាំំងពីររូបនេះ ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប ចាប់តាំងពីពេលចាប់ខ្លួនមក ៕ ដោយ: CEN រក្សាសិទ្ធដោយ៖សុទ្ធលី



