ប៊ីលីស៊ី៖ ក្នុងឱកាសចូលរួមវេទិកាសេវាសាធារណៈរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០២៦ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមជំនួបទ្វេភាគីនិងពិភាក្សាការងារជាមួយ (១) ឯកឧត្ដម Faquir Mahbub Anam រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាននៃប្រទេសបង់ក្លាដេស (២) លោកជំទាវ Tashi Pem ប្រធានរាជគណៈកម្មការមុខងារសាធារណៈនៃប្រទេសប៊ុយតង់ និង (៣) លោក Patrick Duong ប្រធានសាកលផ្នែកអភិបាលកិច្ចសម្រាប់ធនធានសាធារណៈនិងសេវាសាធារណៈ នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP Governance for Public Goods and Services)។ ក្នុងជំនួបជាមួយ ឯកឧត្ដម Faquir Anam ឯកឧត្ដមរដ្ឋមន្ត្រីទាំងពីររូបបានពិភាក្សាអំពីវឌ្ឍនភាពការងារនៃសំណើរបស់ប្រទេសបង់ក្លាដេសក្នុងការរដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov នៅប្រទេសបង់ក្លាដេសនិងការផ្សព្វផ្សាយបន្តនៅតំបន់អាស៊ីខាងត្បូង។ ក្នុងជំនួបជាមួយ លោកជំទាវ Tashi Pem ឯកឧត្ដមរដ្ឋមន្ត្រីក៏បានចែករំលែកអំពីបទពិសោធជោគជ័យនៃការដាក់ឱ្យប្រើថ្នាល verify.gov.kh ហើយឯកឧត្ដមរដ្ឋមន្ត្រីនិងលោកជំទាវបានដោះដូរយោបល់យ៉ាងស៊ីជម្រៅអំពីបរិវត្តកម្មឌីជីថលក្នុងវិស័យសាធារណៈនៃប្រទេសទាំងពីរ និងបានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពសហការ។ ក្នុងកិច្ចប្រជុំជាមួយ UNDP វិញ គណៈប្រតិភូក្រសួងបានណែនាំឱ្យក្រុមការងារ GPGS របស់ UNDP បានស្គាល់អំពីបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនៅកម្ពុជា ជាពិសេសសមិទ្ធផលទាំងកម្រិតជាតិនិងអន្តរជាតិនៃថ្នាល verify.gov.kh។ ភាគីទាំងពីរបានឯកភាពសិក្សាបន្តដើម្បីស្វែងរកឱកាសសហការផ្ទាល់ពាក់ព័ន្ធនឹងថ្នាល verify.gov.kh និងការកសាងសមត្ថភាពបរិវត្តកម្មឌីជីថល។ ក្នុងឱកាសវេទិកាសេវាសាធារណៈនេះដែរ ឯកឧត្ដម ជា សេរីវឌ្ឍ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាចំនួនពីរលើប្រធានបទ “សេវាសាធារណៈឆ្លាតវៃ៖ កាត់បន្ថយភាពស្មុគស្មាញ” និង ប្រធានបទ “ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលសម្រាប់សេវាសាធារណៈ”។ ក្នុងសិក្ខាសាលាទាំងពីរនេះ ឯកឧត្ដមអគ្គលេខាធិការ បានពន្យល់អំពីសមិទ្ធផលនិងសក្ដានុពលនៃថ្នាល verify.gov.kh និងកម្មវិធីទូរសព្ទ DG SuperApp ក្នុងការបម្រើសេវាសាធារណៈឱ្យមានភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងមានបរិយាបន្នចំពោះប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។ គម្រោងបរិវត្តកម្មឌីជីថលទាំងនេះ ជាការបំពេញភារកិច្ចរបស់ក្រសួងក្នុងការអនុវត្តវិធានការក្នុងបញ្ចកោណទី៥នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។រក្សាសិទ្ធដោយ៖សុទ្ធលី











