ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញបន្ថែមឲ្យដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ ជាពិសេសសេវាសុរិយោដីឲ្យមានប្រសិទ្ធភាពខ្ពស់ និងល្អប្រសើរជាងមុនថែមទៀត។
ការជំរុញញបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ ខណៈឯកឧត្តម និងឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃ អគ្គនាយកដ្ឋានពន្ធដារ អញ្ជេីញដឹកនាំកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ ស្តីពីការពិភាក្សាលេីការជំរុញការផ្តល់សេវាសាធារណៈ ជាពិសេសសេវាសុរិយោដីជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញ ឱ្យកាន់តែល្អប្រសើរថែមទៀត។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ បន្ទាប់ពីស្តាប់របាយការណ៍របស់លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ស្តីពីវឌ្ឍនភាពនៃការផ្តល់សេវាសុរិយោដីរួចមក ឯកឧត្ដម គង់ វិបុល បានបញ្ជាក់ថាកិច្ចប្រជុំថ្ងៃនេះគឺជារឿងល្អបំផុតធ្វើយ៉ាងណាឲ្យមន្ត្រីជំនាញពាក់ព័ន្ធអាចបន្ស៊ីការងាររបស់ខ្លូន និងពិភាក្សារិះរកមធ្យោបាយដើម្បីជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសេីរ។ ជាមួយគ្នានេះដែរ ឯកឧត្ដមបានអនុញ្ញាតជូនឯកឧត្ដមអគ្គនាយករងធ្វេីបទបង្ហាញខ្លីស្តីពីយន្តការនៃការផ្តល់សេវាបង់ពន្ធប្រថាប់ត្រា និងការបង់ពន្ធនានាដែលអគ្គនាយកដ្ឋានបាននឹងកំពុងអនុវត្តដោយប្រេីប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ហើយផ្តល់លទ្ធភាពជូនមន្ត្រី និងប្រជាពលរដ្ឋអាចមេីលឃេីញពីលំហូរចរន្តការលិខិតស្នាមបានដោយងាយស្រួល។
កិច្ចប្រជុំនេះដែរ ឯកឧត្ដម ឃួង ស្រេង បានផ្តល់យោបល់ថាគួរមានយន្តការទំនាក់ទំនងផ្ទៃក្នុងរវាងមន្ត្រីផ្តល់សេវាទាំងភាគីអគ្គនាយកដ្ឋានពន្ធដារ ទាំងអង្គភាពច្រកចេញចូលតែមួយ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដេីម្បីជំរុញនីតិវិធីផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសេីរ ហើយការលេីកឡេីងនេះត្រូវបានទទួលការឯកភាពពីឯកឧត្ដម គង់ វិបុលផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក ត្រូវពង្រឹងការផ្ដល់សេវាសាធារណៈក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឱ្យកាន់តែល្អប្រសេីរ ពិសេសការផ្ដល់សេវាសុរិយោដី និងជំរុញផ្សព្វផ្សាយបន្ថែមពីផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ(Online) នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញផងដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី

















