Monday, June 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក Robert Kaproth និងលោកជំទាវទេសាភិបាល បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាតុល្យភាពរវាងការលើកកម្ពស់នវានុវត្តន៍ហិរញ្ញវត្ថុ និងការធានាបាននូវស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុ

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ក្រសួងរតនាគារសហរដ្ឋអាមេរិក ដឹកនាំដោយលោកស្រី Katherine Diop អនុប្រធានបេសកកម្មស្តីទី នៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញ និងលោក Robert Kaproth ឧបការីរងទទួលបន្ទុកតំបន់អាស៊ីនិងប៉ាស៊ីហ្វិក នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

ក្នុងជំនួបនេះ លោកជំទាវទេសាភិបាល និងលោក Robert Kaproth បានផ្លាស់ប្តូរទស្សនាទានលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងការវិវត្តនៃស្ថានភាពសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ និងវឌ្ឍនភាពនៃការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ។

លោកជំទាវទេសាភិបាលបានជម្រាបជូនអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា កត្តាប្រឈម និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងភាពធន់នៃសេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មទីផ្សារនាំចេញ ការទាក់ទាញការវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់ ព្រមទាំងការរក្សាបានភាពធន់នៃវិស័យហិរញ្ញវត្ថុ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច។ ក្នុងឱកាសនេះដែរ លោក Robert Kaproth និងលោកជំទាវទេសាភិបាលក៏បានពិភាក្សាអំពីនិន្នាការនៃការអភិវឌ្ឍទ្រព្យសកម្មឌីជីថល និងការវិវត្តនៃក្របខណ្ឌបទប្បញ្ញត្តិអន្តរជាតិ ព្រមទាំងគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាតុល្យភាពរវាងការលើកកម្ពស់នវានុវត្តន៍ហិរញ្ញវត្ថុ និងការធានាបាននូវស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុផងដែរ។

កិច្ចពិភាក្សាក៏បានបញ្ជាក់ពីសារៈសំខាន់ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការនានា និងការរក្សាកិច្ចសន្ទនាប្រកបដោយស្ថាបនា ដើម្បីរួមចំណែកគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។រក្សាសិទ្ធដោយ៖សុទ្ធលី

×