គិតចាប់ពីថ្ងៃទី១០មកដល់ថ្ងៃទី១៣ ខែមិថុនានេះគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញសហការ ជាមួយកម្លាំងជំនាញពាក់ព័ន្ធ បាន សហការចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដែល សង្ស័យបាននាំចូលស្តុកទុកចរាចរនិង ចែកចាយផលិតផលបង្កកនិងទំនិញ នាំចូលពីប្រទេសថៃខុសច្បាប់បាន សរុបចំនួន១០៧ទីតាំងក្នុងនោះក្រុមការងារចម្រុះបានសម្រេចបិទបណ្តោះអាសន្នទីតាំងចំនួន១២ទីតាំង ។
នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៤ មិថុនានេះ។
លោកស្រីបានបន្តថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ ក្នុងមូលដ្ឋានសរុបចំនួន ១៨កន្លែង ដែលសង្ស័យមាននាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលបង្កកមានប្រភពពីប្រទេសថៃ។
ក្នុងប្រតិបតិការទាំង១៨ទីតាំងនេះ សមត្ថកិច្ចចម្រុះបានរកឃើញទីតាំង ចំនួន២មានជាប់ពាក់ព័ន្ធនឹងទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ
១. ទីតាំងឃ្លាំងស្តុកទំនិញនាំចូលស្ថិតនៅ ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន អេសខេអេសខេ ឯ.ក ដោយ ក្រុមការងារ ចម្រុះបាន រកឃេីញ ទំនិញនាំចូលមកពីប្រទេសថៃ ចាប់ពីដើមខែកុម្ភ: ឆ្នាំ២០២៦ ពោលគឺ ក្រោយ ការ បិទ ព្រំដែន គោក ។ ទំនិញ ទាំងនោះ មានចំនួន ៦១មុខ ជាប្រភេទកាហ្វេ ទឹកសេរ៉ូ ម៉្សៅទឹកដោះគោ។
២. ទីតាំង ឃ្លាំង ស្ថិតនៅផ្ទះលេខ១០២ ផ្លូវ៧៩BT ភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ក្រុមការងារ ចម្រុះបាន ពិនិត្យរកឃើញផលិតផល ប្រភេទសាច់បង្កករួមមាន ៖ ដៃមឹក និង ជេីងទាដែលបាននាំចូលពីប្រទេស ថៃ។
ជាលទ្ធផលសម្រាប់ប្រតិបតិ្តការថ្ងៃទី១៣ ខែមិថុនានេះ សមត្ថកិច្ចសម្រេចបិទឃ្លុំទីតាំងឃ្លាំងទាំង២ខាងលើនេះជាបណ្តោះអាសន្ន និងបានសម្រេចឱ្យនាំខ្លួនម្ចាស់និងអ្នកគ្រប់គ្រងឃ្លាំងក្នុងខណ្ឌដង្កោ ចំនួន ២នាក់ និង ឃ្លាំងក្នុងខណ្ឌមានជ័យ ចំនួន១នាក់ទៅធ្វើការសាកសួរបន្ថែមនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

















