គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ធ្វើការត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញបានចំនួន ៧៩ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន៤១៥នាក់ (ស្រី ១២៤នាក់ ) ដោយមិនបានរកឃើញបទល្មើសអ្វីឡើយ។
នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៤ មិថុនានេះ។
លោកស្រីបានបន្តថា ក្នុងថ្ងៃនេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ តាមអនុក្រឹត្យលេខ០៣ សរុបចំនួន ១ទីតាំង មនុស្សចំនួន១នាក់ គិតជាថវិកាសរុបបានចំនួន ៤.០០០.០០០រៀល (បួនលានរៀលគត់ ) ។
លោកស្រី ដោ សម្ផស្ស បន្តទៀតថា៖ លទ្ធផលដែលសម្រេចបាននាពេលនេះ គឺបានមកពីការដឹកនាំ និងបញ្ជាផ្ទាល់ដ៏ម៉ឺងម៉ាត់ មិនរាថយរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បំពេញការងារព្រមៗគ្នា ដោយប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសគ្រប់ប្រភេទ រួមទាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(ONLINE SCAMS) នៅក្នុងមូលដ្ឋានរបស់ខ្លួន៕ រក្សាសិទ្ធដោយ៖សុទ្ធលី
























