រាជធានីភ្នំពេញ ប្រទេសកម្ពុជា
«Human of This Planet» ដែលជាវេទិកាសម្រាប់ការចែករំលែករឿងរ៉ាវជាសកល បង្កើតឡើងដោយកញ្ញា ឆឺរីល អ៊ឹង (Cheryl Ng) សហការជាមួយ «Paradyms» ដែលជាស្ទូឌីយោគំនិតច្នៃប្រឌិត បង្កើតឡើងដោយលោក គីអូនី ខារីយ៉ន (Keoni Carrion) បានប្រកាសជាផ្លូវការអំពីការចាក់បញ្ចាំងស៊េរីខ្សែភាពយន្តឯកសាររបស់ខ្លួនដែលមានចំណងជើងថា «លើសពីសំឡេង»។ ព្រឹត្តិការណ៍បញ្ចាំងភាពយន្តឯកសារជាផ្លូវការនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៦:០០ ល្ងាច នៅវិទ្យាស្ថានបារាំងនៅកម្ពុជា (IFC) ក្នុងរាជធានីភ្នំពេញ ដោយមានវិទ្យាស្ថានបារាំងនៅកម្ពុជា (IFC) ចូលរួមជាដៃគូផ្តល់ទីតាំង និងជាសហម្ចាស់ផ្ទះរៀបចំកម្មវិធី។ រាត្រីដ៏ពិសេសនេះ នឹងនាំមកនូវការជួបជុំគ្នារវាងសហគមន៍នានាដែលមានវត្តមាននៅក្នុងខ្សែភាពយន្ត ផលិតករភាពយន្តឯករាជ្យ ព្រមទាំងសាធារណជន និងអ្នកសារព័ត៌មានផងដែរ។
ស៊េរីខ្សែភាពយន្តឯកសារនេះ បង្ហាញអំពីប្រជាជនកម្ពុជាដែលកំពុងការពារទឹកដី វប្បធម៌ និងសហគមន៍របស់ខ្លួន ដែលសាច់រឿងស្ដែងឡើងតាមរយៈការថតភាពយន្តបែបស៊ីជម្រៅ និងការចុះទៅរស់នៅផ្ទាល់ជាមួយតួអង្គ ដើម្បីឆ្លុះបញ្ចាំងពីសកម្មភាពបុគ្គលម្នាក់ៗ ដែលកំពុងបំពេញការងាររបស់ខ្លួននៅដាច់ឆ្ងាយពីកែវភ្នែកសាធារណជន។
ស៊េរីខ្សែភាពយន្តនេះមានចំនួន ៣ភាគ ដោយភាគនីមួយៗមានចំណងជើងដាច់ដោយឡែកពីគ្នា និងរំលេចពីជ្រុងផ្សេងៗគ្នានៃទេសភាពវប្បធម៌ដ៏រស់រវើករបស់ប្រទេសកម្ពុជា៖
ឫសគល់៖ ជាភាគទី១ ផលិតឡើងក្នុងភាពជាដៃគូជាមួយស្ថាប័ន 3CORsECO។ ភាគនេះបង្ហាញពីតួអង្គពីររូបក្នុងតំបន់ព្រៃនៅភាគខាងជើងនៃប្រទេសកម្ពុជា ដែលកំពុងបំពេញការងារដើម្បីការពារវប្បធម៌ជនជាតិដើមភាគតិចកួយ៖ រួមមានអតីតជនភៀសខ្លួនម្នាក់ ដែលបានក្លាយខ្លួនជាស្ថាបត្យករសហគមន៍ ដោយរូបលោកបាននាំយកទាំងជំនាញ និងបទពិសោធន៍ផ្ទាល់ខ្លួនដែលគាត់ធ្លាប់ឆ្លងកាត់ការផ្លាស់ប្តូរទីលំនៅមកជួយដល់សហគមន៍ជនជាតិដើមភាគតិចកួយ តាមរយៈការរចនាលំនៅឋាន សំណង់ និងការបង្កើតសហគ្រាសគ្រាប់ស្វាយចន្ទី ដែលជួយឱ្យជីវភាពរស់នៅរបស់ពួកគេនៅតែមានឫសគល់រឹងមាំនៅលើទឹកដីកំណើតរបស់ខ្លួន និងស្ត្រីវ័យក្មេងជនជាតិដើមភាគតិចកួយម្នាក់ទៀត ដែលកំពុងប្រើប្រាស់សំឡេង និងការបង្ហាញខ្លួនជាសាធារណៈដើម្បីថែរក្សាប្រពៃណីរបស់នាងឱ្យនៅរស់រវើក។
ចរន្តទឹក៖ ជាភាគទី២ ផលិតឡើងក្នុងភាពជាដៃគូជាមួយស្ថាប័ន Khmer Ocean Life។ ភាគនេះបង្ហាញពីដំណើរជីវិតរបស់ប្រជាជនកម្ពុជាពីររូប ម្នាក់មកពីខេត្តដែលគ្មានឆ្នេរសមុទ្រ និងម្នាក់ទៀតមកពីទីក្រុង ដែលបានរកឃើញផ្លូវឆ្ពោះទៅកាន់មហាសមុទ្រដោយនឹកស្មានមិនដល់ ស្របពេលដែលពួកគេកំពុងស្វែងរកដំណោះស្រាយចំពោះភាពស្មុគស្មាញនៃការការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏ផុយស្រួយនៅតាមបណ្តោយឆ្នេរសមុទ្រនៃប្រទេសកម្ពុជា។
កែច្នៃឡើងវិញ៖ ជាភាគទី៣ ផលិតឡើងក្នុងភាពជាដៃគូជាមួយស្ថាប័ន Remade in Cambodia។ ភាគនេះបង្ហាញពីអ្នករចនាម៉ូដវ័យក្មេងម្នាក់ ដែលបានបដិសេធមិនព្រមបោះបង់ក្តីស្រមៃនៅក្នុងឧស្សាហកម្មមួយដែលមិនទាន់បើកឱកាសឱ្យរូបលោក និងស្ត្រីជនជាតិខ្មែរម្នាក់ក្នុងវ័យជាង ៣០ឆ្នាំ ដែលបានបង្កើតស្ថាប័នមួយក្នុងការកែច្នៃកាកសំណល់វាយនភណ្ឌឱ្យទៅជាសម្លៀកបំពាក់ម៉ូដទាន់សម័យ។
ពិភពលោក ៣ ដែលភាពខុសគ្នាទាំងស្រុង។ ប៉ុន្តែ សំណួរដ៏មានអត្ថន័យមួយដែលចោទសួរឡើងនៅក្នុងរឿងរ៉ាវទាំងបីនោះគឺ៖ តើយើងត្រូវការអ្វីខ្លះដើម្បីការពារអ្វីៗដែលមានតម្លៃបំផុតសម្រាប់យើង?
កញ្ញា ឆឺរីល អ៊ឹង (Cheryl Ng) ស្ថាបនិកស្ថាប័ន Human of This Planet បានមានប្រសាសន៍ថា៖ «នៅក្នុងពិភពលោកមួយដែលគេតែងផ្តល់តម្លៃដល់សំឡេងណាដែលលឺជាងគេ ពួកយើងមានចេតនាជ្រើសរើសស្តាប់សំឡេងរបស់អ្នកដែលទូលរែកការទទួលខុសត្រូវដ៏ធំធេង តែមិនសូវមានគេលឺនិងស្គាល់។ ការនិទានរឿងគឺបង្កប់នូវការទទួលខុសត្រូវជាប្រព័ន្ធ។ ខណៈពេលដែលពិភពលោកបែរទៅយកចិត្តទុកដាក់លើបញ្ហានិរន្តរភាព ការផ្តោតលើការនិទានរឿងរ៉ាវផ្ទាល់ខ្លួននេះ គឺមានបំណងដើម្បីស្ដារតុល្យភាព និងកំណត់ថាតើនរណាដែលគួរតែត្រូវបានគេមើលឃើញ នរណាគួរទទួលបានមូលនិធិ និងនរណាដែលគួរទទួលបានការគាំទ្រនៅថ្នាក់មូលដ្ឋាន»។
ការចាក់បញ្ចាំងនាថ្ងៃទី១៩ ខែមិថុនា នៅវិទ្យាស្ថានបារាំងនៅកម្ពុជា នឹងបង្ហាញជូននូវខ្សែភាពយន្តទាំង ៣ភាគនេះ បន្ទាប់មកនឹងមានការពិភាក្សាដេញដោលដោយក្រុមវាគ្មិន ព្រមទាំងកម្មវិធីជជែកកសាងបណ្ដាញបើកទូលាយ ជាមួយតួអង្គក្នុងខ្សែភាពយន្តឯកសារ និងក្រុមការងារផលិតផងដែរ។ ខ្សែភាពយន្តនេះ នឹងត្រូវដាក់បញ្ចាំងដោយមានអក្សររត់ពីក្រោម (Subtitles) ជាភាសាអង់គ្លេស និងភាសាខ្មែរ។ ប្រសិនអ្នកត្រូវការព័ត៌មានបន្ថែម និងសម្ភារផ្សព្វផ្សាយ សូមចូលទៅកាន់គេហទំព័រ beyondthenoisefilm.com។
អំពីស្ថាប័នពាក់ព័ន្ធ
វេទិកា Human of This Planet
Human of This Planet គឺជាវេទិកាចែករំលែករឿងរ៉ាវជាសកល ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៤ ដោយកញ្ញា ឆឺរីល អ៊ឹង (Cheryl Ng) ដែលផ្ដោតលើការស្វែងរក និងលើកយករឿងរ៉ាវដែលមិនទាន់ត្រូវបានលាតត្រដាងរបស់មនុស្សគ្រប់ស្រទាប់វណ្ណៈមកបង្ហាញ។ វេទិកាដែលបានចាប់ផ្តើមដំបូងនៅប្រទេសកម្ពុជានេះ បាននាំយករឿងរ៉ាវរបស់ប្រជាជនកម្ពុជាទៅបង្ហាញជូនទស្សនិកជនអន្តរជាតិ តាមរយៈខ្សែភាពយន្តឯកសារ និងការនិទានរឿងបែបស៊ីជម្រៅ ដើម្បីបង្ហាញឱ្យឃើញពីទិដ្ឋភាពនៃប្រទេសមួយដែលមានភាពស្មុគស្មាញ មានភាពធន់ និងមានភាពទាក់ទាញខ្លាំង ជាងអ្វីដែលធ្លាប់លេចឡើងក្នុងសារព័ត៌មាន។ ការងាររបស់ស្ថាប័ននេះ គឺឈរលើជំនឿចិត្តយ៉ាងមុតមាំថា រឿងរ៉ាវដែលផ្តោតលើមនុស្ស ដែលត្រូវបាននិទានឡើងដោយការយកចិត្តទុកដាក់ខ្ពស់ និងចេញពីបេះដូងពិតៗ អាចផ្លាស់ប្តូរទស្សនវិស័យ និងជម្រុញឱ្យមានការប្រែប្រួលជាវិជ្ជមានលើបញ្ហាសំខាន់ៗបាន។ «Beyond the Noise» គឺជាស៊េរីខ្សែភាពយន្តឯកសារដំបូងបង្អស់របស់វេទិកា Human of This Planet។
គេហទំព័រ៖ humanofthisplanet.com | Instagram: @humanofthisplanet
អំពីស្ទូឌីយោ Paradyms
Paradyms គឺជាស្ទូឌីយោគំនិតច្នៃប្រឌិតដែលផ្ដល់សេវាពេញលក្ខណៈ (Full-service creative studio) បង្កើតឡើងដោយផលិតករភាពយន្ត លោក គីអូនី ខារីយ៉ន (Keoni Carrion) ដោយឈរលើការជឿជាក់ថា ការនិទានរឿងអាចជាកម្លាំងចលករនាំមកនូវការផ្លាស់ប្តូរប្រកបដោយអត្ថន័យនៅក្នុងពិភពលោក។ ដោយមានជំនាញឯកទេសលើការផលិតភាពយន្តឯកសារ មាតិកាពាណិជ្ជកម្មសម្រាប់ម៉ាកយីហោ និងភាពយន្តអត្ថាធិប្បាយជាច្រើនកន្លងមក ក្រុមហ៊ុន Paradyms ធ្លាប់បានសហការការងារជាមួយស្ថាប័នធំៗជាច្រើន រួមមាន HP, Rivian, Switzerland Tourism, Smile Train, Marine Conservation Cambodia, និង Khmer Ocean Life។ «Beyond the Noise» គឺជាស៊េរីខ្សែភាពយន្តឯកសារដំបូងបង្អស់របស់ Paradyms និងជាការចាប់ផ្តើមកិច្ចសហការច្នៃប្រឌិតបន្តបន្ទាប់ជាមួយស្ថាប័ន Human of This Planet។
គេហទំព័រ៖ paradyms.com
ព័ត៌មានទំនាក់ទំនងសម្រាប់អ្នកសារព័ត៌មាន
ផ្នែកសាកសួរព័ត៌មានទូទៅ — ក្រុមហ៊ុន Mekhala Radiant Communications
កញ្ញា Kounila Keo | អ៊ីមែល៖ kounila@mekha.la
ផ្នែកសាកសួរព័ត៌មានអំពីក្រុមការងារភាពយន្ត — Human of This Planet / Paradyms
កញ្ញា Cheryl Ng ស្ថាបនិកវេទិកា Human of This Planet
អ៊ីមែល៖ cheryl@humanofthisplanet.com | លេខទូរស័ព្ទ៖ +855 15 815 268
លោក Keoni Carrion ស្ថាបនិកស្ថាប័ន Paradyms
អ៊ីមែល៖ keoni@paradyms.com














