ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅកាន់អ្នកវិនិយោគជប៉ុនថា សូមបន្តជឿជាក់លើរដ្ឋាភិបាលកម្ពុជា

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយនឹងលោក យ៉ូស៊ីហ៊ីសា កៃនូម៉ា ព្រមទាំងសហការីហើយសម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការឈរជើងយ៉ាងរឹងមាំរបស់ក្រុមហ៊ុន Minebea នៅក្នុងប្រទេសកម្ពុជា។ សម្ដេចក៏បានសម្ដែងនូវការពេញចិត្តនៅពេលដែលឃើញក្រុមហ៊ុន Minebea បានពង្រីកនូវការវិនិយោគជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឱកាសនោះលោកប្រធានក្រុមហ៊ុនបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យលោក និងសហការីបានជួបនៅក្នុងឱកាសនេះ។ លោកបានរំលឹកថា ជំនួបចុងក្រោយរបស់លោកជាមួយនឹងសម្ដេចតេជោប្រធានព្រឹទ្ធសភាគឺនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ដែលពេលនោះ មិនទាន់មានការផ្ទុះឡើង នៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃនោះទេ លោកបានលើកឡើងថា បើទោះបីជាយ៉ាងណាក៏ដោយជម្លោះព្រំដែនកម្ពុជា និងថៃ វាបានប៉ះពាល់ខ្លះដល់ការដឹកជញ្ជូន ក៏ប៉ុន្តែវាមិនបានប៉ះពាល់ដល់ដំណើររបស់ក្រុមហ៊ុន Minebea នោះទេ។
ក្រុមហ៊ុននៅតែបន្តភាពរឹងមាំនៅក្នុងប្រទេសកម្ពុជា ក្នុងការថែរក្សាអ្នកវិនិយោគ។លោកក៏បានរាយការណ៍ជូនសម្ដេចតេជោអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន Minebea ដែលមកដល់ពេលនេះ លោកបានលើកឡើងថា ក្រុមហ៊ុនមានីបៀបានបើករោងចក្រពីរកន្លែងហើយនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅខេត្តពោធិ៍សាត់ ដែលបានចូលរួមចំណែកនៅក្នុងការបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើនអ្នកផងដែរ។ លោកបានបញ្ជាក់ទៀតថា នៅក្នុងខេត្តពោធិ៍សាត់ក្រុមហ៊ុនកំពុងតែបង្កើតរោងចក្រថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ។ លោកប្រធានក្រុមហ៊ុនបានលើកឡើងថា ការវិនិយោគនៅក្នុងប្រទេសកម្ពុជា គឺជាការវិនិយោគដ៏ទុកចិត្ត ហើយលោកគ្មានការបារម្ភអ្វីនោះឡើយ ចំពោះបញ្ហាជម្លោះព្រំដែនកម្ពុជានិងថៃ។
សម្ដេចតេជោបានសម្ដែងនូវការរីករាយចំពោះរបាយការណ៍ដែលជាវឌ្ឍនភាពរបស់ក្រុមហ៊ុន Minebea។ សម្ដេចបានមានប្រសាសន៍ទៀតថា
ទោះបីជាប្រទេសកម្ពុជាជួបបញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ក៏មិនបានធ្វើឲ្យប៉ះពាល់ដល់ការវិនិយោគ ឬប្រតិបត្តិការនៃក្រុមហ៊ុននោះឡើយ។ សម្ដេចរីករាយពេលដែលឃើញវឌ្ឍនភាពនៃក្រុមហ៊ុនមានការរីកចម្រើន ដែលបង្ហាញពីភាពធុនរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា
ទោះបីជាមានឧបសគ្គខ្លះ ក៏ប៉ុន្តែមិនបានឲ្យក្រុមហ៊ុនជួបនូវផលប៉ះពាល់ឡើយ។
សម្ដេចតេជោពិតជារីករាយនៅពេលដែលក្រុមហ៊ុនចង់ពង្រីកលទ្ធភាព នៃការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
ជាចុងក្រោយ សម្ដេចតេជោបានរំលេចបន្ថែមទៀតដោយបញ្ជាក់ទៅកាន់អ្នកវិនិយោគជប៉ុនថា សូមបន្តជឿជាក់លើរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកលោកប្រធានក្រុមហ៊ុនបានធ្វើការជាមួយ នឹងរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចកាលនៅជានាយករដ្ឋមន្ត្រី និងបន្តមកដល់រដ្ឋាភិបាលបច្ចុប្បន្នដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលនឹងធ្វើឲ្យបរិយាកាសវិនិយោគកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ៕ រក្សាសិទ្ធិដោយ៖សុទ្ធលី