ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការងារក្នុងរដ្ឋបាលសាធារណៈប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីវិបស្សនាស្តីពី «ការរៀបចំយុទ្ធសាស្ត្រនៃការជ្រើសរើសមន្ត្រីបម្រើការងារក្នុងរដ្ឋបាលសាធារណៈ ២០២៦-២០៣០»។ កម្មវិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ ដោយមានការចូលរួមពីតំណាងការដ្ឋានកែទម្រង់នានា ព្រមទាំងតំណាងស្ថាប័ន អង្គការអន្តរជាតិ និងទីភ្នាក់ងារអន្តរជាតិ សរុបចំនួនជាង៣០រូប។
ថ្លែងក្នុងពិធីបើកកម្មវិធី ឯកឧត្តម យក់ ប៊ុនណា បានមានប្រសាសន៍បញ្ជាក់ថា ការរៀបចំយុទ្ធសាស្រ្តនៃ ការជ្រើសរើសមន្ត្រីបម្រើការងារក្នុងរដ្ឋបាលសាធារណៈសម្រាប់ឆ្នាំ២០២៦-២០៣០ នេះ គឺធ្វើឡើងដោយផ្អែកលើផែនការសកម្មភាពនៃវិធានការគន្លឹះទាំង៣ របស់រាជរដ្ឋាភិបាល។ ការរៀបចំនេះត្រូវធ្វើឡើងឱ្យមានភាពគ្រប់ជ្រុងជ្រោយ ដើម្បីធានាថាមន្ត្រីដែលត្រូវបានជ្រើសរើសចូលបម្រើការងារ នៅតាមអង្គភាពរបស់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពិតជាមានសមត្ថភាព ទេពកោសល្យ ជំនាញវិជ្ជាជីវៈ ឬឯកទេសច្បាស់លាស់។
យោងតាមប្រសាសន៍របស់ឯកឧត្តមប្រធានអង្គវិបស្សនា យុទ្ធសាស្ត្រនៃការជ្រើសរើសមន្ត្រីនេះមានគោលបំណង ធានានូវនីតិរដ្ឋ និងអភិបាលកិច្ចល្អ ក្នុងប្រព័ន្ធនៃការជ្រើសរើសមន្ត្រី, ទាក់ទាញនិស្សិត និងអ្នកជំនាញដែលមានសមត្ថភាពខ្ពស់ឱ្យចូលបម្រើការងាររដ្ឋ, បង្កើនជំនាញរបស់មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាគ្រប់ប្រភេទ, ជំរុញសមត្ថភាពរបស់ស្ថាប័នដែលមានតួនាទីបណ្តុះបណ្តាលមន្ត្រី, ពង្រឹងការរក្សាទុកមន្ត្រីរាជការ តាមរយៈការអភិវឌ្ឍអាជីព និងការផ្តល់ការលើកទឹកចិត្ត និងបង្កើនទំនុកចិត្តពីសាធារណជន មកលើមុខងារសាធារណៈ។
ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រដ៏មុតស្រួចមួយ កម្មវិធីបានជំរុញឱ្យអង្គវិបស្សនាធ្វើការពិភាក្សាយ៉ាងផុសផុល និងផ្តល់ធាតុចូល ដោយផ្តោតលើប្រធានបទសំខាន់ៗចំនួន ៣ រួមមាន៖ (១)ការកំណត់បញ្ហាប្រឈម៖ វាយតម្លៃលើបញ្ហាប្រឈមជាក់ស្តែង នៃការជ្រើសរើសមន្រ្តីបម្រើការងារក្នុងរដ្ឋបាលសាធារណៈនាពេលបច្ចុប្បន្ន (2)ការវិភាគ SWOT (ចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងការគំរាមកំហែង)ដោយ ធ្វើការវិភាគស៊ីជម្រៅលើការគ្រប់គ្រងបុគ្គលិក និងកម្លាំងការងារ (Work Force) ជាពិសេសផ្តោតលើប្រព័ន្ធជ្រើសរើសមន្ត្រីបច្ចុប្បន្ននិង (៣) ការកំណត់វិធានការយុទ្ធសាស្ត្រ៖ ដាក់ចេញនូវទិសដៅ និងវិធានការជាយុទ្ធសាស្ត្រ សម្រាប់ការជ្រើសរើសមន្រ្តី ក្នុងចន្លោះឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។
អនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ការចូលរួមរបស់ថ្នាក់ដឹកនាំ និងតំណាងមកពីការដ្ឋានកែទម្រង់ទាំងបួន នឹងក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការផ្តល់នូវធាតុចូល បទពិសោធន៍ និងឧត្តមានុវត្តន៍ (Best Practices) យ៉ាងសម្បូរបែប។ ធាតុចូលទាំងអស់នេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ និងគ្រប់ជ្រុងជ្រោយសម្រាប់ក្រុមការងារ យកទៅរៀបចំ «យុទ្ធសាស្ត្រនៃការជ្រើសរើសមន្ត្រី បម្រើការងារក្នុងរដ្ឋបាលសាធារណៈ ២០២៦-២០៣០» ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។ រក្សាសិទ្ធដោយ៖សុទ្ធលី











