អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ មានគណនី TikTok ឈ្មោះ “thodanny1” បានផ្សព្វផ្សាយវីដេអូមួយ ដោយបានលើកឡើងអំពីការទាមទារប្រាក់ចំនួន ១០ដុល្លារអាម៉េរិក ជាថ្នូរនឹងការទទួលយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលអាចធ្វើឱ្យសាធារណជនមានការយល់ច្រឡំថា ជាការទាមទារប្រាក់ក្នុងការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។
ពាក់ព័ន្ធនឹងករណីខាងលើ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមបញ្ជាក់ជូនថា ករណីនេះមិនមែនជាការទាមទារប្រាក់ពីមន្ត្រីផ្តល់សេវាអត្តសញ្ញាណកម្មឡើយ។ តាមការស្រាវជ្រាវជាក់ស្តែង បានបង្ហាញថា មានប្រជាពលរដ្ឋមួយចំនួនធ្លាប់ដាក់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុកនៅក្រុមហ៊ុនឯកជន ក្នុងគោលបំណងបំពេញបែបបទធ្វើការងារ។ លុះនៅពេលលាឈប់ពីការងារ និងស្នើសុំយកអត្តសញ្ញាណបណ្ណរបស់ខ្លួនវិញ ត្រូវបានបុគ្គលិកក្រុមហ៊ុនទាមទារថវិកាចំនួន ១០ដុល្លារអាម៉េរិក។
អាស្រ័យហេតុនេះ ការផ្សព្វផ្សាយព័ត៌មានដោយមិនបានបញ្ជាក់ប្រភព និងខ្លឹមសារឱ្យបានច្បាស់លាស់ អាចធ្វើឱ្យសាធារណមតិយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ជាពិសេសលើការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ។
ក្នុងន័យនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមអំពាវនាវដល់ម្ចាស់គណនី TikTok ឈ្មោះ “thodanny1” ធ្វើការកែតម្រូវ ឬលុបចោលវីដេអូដែលមានខ្លឹមសារមិនត្រឹមត្រូវខាងលើ និងសូមចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានដែលអាចបង្កឱ្យមានការភាន់ច្រឡំដល់សាធារណជន។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមរំលឹកផងដែរថា យោងតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មាត្រា១២៩ បានកំណត់ថា «អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជាឯកសារផ្លូវការសម្រាប់បញ្ជាក់អត្តសញ្ញាណរបស់បុគ្គលដែលមានសញ្ជាតិខ្មែរ ហើយមិនអនុញ្ញាតឱ្យផ្ទេរ ឬយកទៅធ្វើជាវត្ថុធានា ឬបង្កើតសិទ្ធិប្រតិភោគណាមួយឡើយ»។ ដូច្នេះ ប្រជាពលរដ្ឋមិនគួរដាក់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុកជាការធានា ឬប្រគល់ឱ្យភាគីណាមួយរក្សាទុកដោយខុសគោលការណ៍ច្បាប់នោះទេ។រក្សាសិទ្ធដោយ៖សុទ្ធលី



