អគ្គស្នងការដ្ឋាននគរបាលជាតិ ច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានមិនពិត និងការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់សារព័ត៌មានក្នុងប្រទេសថៃ ដែលបានចោទប្រកាន់ថា កិច្ចប្រតិបត្តិការបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាការបង្ខាំងពលរដ្ឋថៃ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នេះ បានគូសបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការបំភ្លឺ និងច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានមិនពិត និងការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់សារព័ត៌មានក្នុងប្រទេសថៃ ដែលបានចោទប្រកាន់ថា កិច្ចប្រតិបត្តិការបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ស្ថិតនៅអគារ ១៣ជាន់ ក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាការបង្ខាំងពលរដ្ឋថៃ។
អគ្គស្នងការដ្ឋាននគរបាលជាតិ សូមបញ្ជាក់ជូនសាធារណជន និងស្ថាប័នសារព័ត៌មានជាតិ-អន្តរជាតិ មេត្តាជ្រាបថា នាពេលថ្មីៗនេះ កម្លាំងសមត្ថកិច្ច របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកកិច្ចប្រតិបត្តិការ បង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន និងទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) មួយកន្លែង ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនជាតិថៃសរុបចំនួន ៦៣៥នាក់, ស្រីចំនួន ៣៥៩នាក់ ដែលជាប់ពាក់ព័ន្ធក្នុងសកម្មភាពខុសច្បាប់នេះ។
ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចកម្ពុជាមិនមានចេតនា ឬទង្វើណាមួយក្នុងការបង្ខាំង ឬរំលោភបំពានលើជនជាតិថៃទាំងនោះឡើយ។ ផ្ទុយទៅវិញ ផ្អែកលើស្មារតីមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងពីរ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការទំនាក់ទំនងជាបន្ទាន់ជាមួយអាជ្ញាធរមាន សមត្ថកិច្ចថៃ ដើម្បីសម្របសម្រួល និងរៀបចំបញ្ជូនជនជាតិថៃទាំង ៦៣៥នាក់នោះ ត្រឡប់ទៅប្រទេសថ វិញប្រកបដោយសុវត្ថិភាព និងភាពថ្លៃថ្នូរ។
អគ្គស្នងការដ្ឋាននគរបាលជាតិ សូមថ្កោលទោសចំពោះការផ្សាយព័ត៌មានបំភ្លើសពីការពិត ដែលប៉ុនប៉ងមួលបង្កាច់ និងទំលាក់កំហុសមកលើកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសរបស់អាជ្ញាធរកម្ពុជា។ ទង្វើនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំងនគរបាលជាតិកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កជាការយល់ច្រឡំដល់សាធារណជន និងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។
អគ្គស្នងការដ្ឋាននគរបាលជាតិ សូមបញ្ជាក់ជាថ្មីថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលុបបំបាត់រាល់សកម្មភាពបទល្មើសបច្ចេកវិទ្យា និងការពារផលប្រយោជន៍ របស់ពលរដ្ឋក្នុងតំបន់។ ទន្ទឹមនឹងនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់បណ្តាញសារព័ត៌មានទាំងអស់ ឱ្យអនុវត្តវិជ្ជាជីវៈសារព័ត៌មានដោយភាពស្មោះត្រង់ ផ្អែកលើការពិត និងធ្វើការផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ឱ្យបានច្បាស់លាស់ មុននឹងធ្វើការផ្សព្វផ្សាយជាសាធារណៈ៕រក្សាសិទ្ធដោយ៖សុទ្ធលី













