លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:២០នាទីព្រឹក ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។ សូមគូសបញ្ជាក់ផងដែរថា មុនការចេញដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃយោធភូមិភាគទី៤ កម្ពុជា បានចេញលិខិតជូនដំណឹងជាផ្លូវការជូនទៅកាន់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃកងទ័ពភូមិភាគទី២ ថៃ រួចរាល់ហើយ។ សកម្មភាពនៃការចុះសង្កេតការណ៍របស់ប្រទេសសមាជិកក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសន្តិសុខ និងសន្តិភាព មិនត្រឹមតែរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ និងពិភពលោកទាំងមូលផងដែរ។
ជាការគួរឱ្យសោកស្តាយបំផុត ក្នុងអំឡុងពេលកំពុងសង្កេតការណ៍ និងត្រួតពិនិត្យនៅទីតាំងជាក់ស្តែង ក៏មានករណីផ្ទុះអាវុធបង្កឡើងដោយកម្លាំងយោធាថៃចំនួន ៥លើក ចន្លោះពីម៉ោង ១០:៣៥នាទីព្រឹក ដល់ម៉ោង ១១:០៩នាទី ដោយបានបាញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 សរុបចំនួន ៩គ្រាប់។
ជាមួយគ្នានេះ កងកម្លាំងរបស់កម្ពុជាបាននឹងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះគឺផ្ទុយទៅនឹងស្មារតីនៃបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នា ដើម្បីកាត់បន្ថយភាពតានតឹង និងលើកកម្ពស់សន្តិភាព សន្តិសុខ និងភាពស្ងប់ស្ងាត់នៅតាមបណ្តោយព្រំដែន។
ក្នុងនាមជារដ្ឋដែលគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ហើយការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺទាមទារការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់ដែលចងភ្ជាប់យើង។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
នាឱកាសដែរឯកឧត្តម មានចាន់យ៉ាដា អភិបាខេត្តឧត្តរមានជ័យ បានថ្លែងថា “យើងចង់ឱ្យពិភពលោកឃើញថា កម្ពុជាពិតជាជ្រើសរើសការចរចាតាមផ្លូវច្បាប់លើទំនាក់ទំនងយន្តការការទូត ជាជាងការប្រើប្រាស់កងកម្លាំងយោធាក្នុងការដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ”។
នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះខ្ញុំបាទនិងក្រុមការងារបានសម្របសម្រួលដំណើរទស្សនកិច្ចក្រុមអនុព័ន្ធយោធាបរទេសចំនួន១៣ប្រទេស ប្រចាំប្រទេសកម្ពុជា ដើម្បើចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ។
សូមក្រុមអនុព័ន្ធយោធាបរទេស ប្រចាំប្រទេសកម្ពុជា ជួយធ្វើជាសាក្សី និងរកយន្តការជំរុញឱ្យប្រទេសទាំងពីរប្រើយន្តការទ្វេភាគី ដោយឈរលើទិដ្ឋភាពបច្ចេសទេសច្បាប់ជាតិនិងអន្តរជាតិ ដើម្បីបញ្ចៀសកុំឱ្យមានសង្គ្រាមកើតឡើងរវាងប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាទុនដ៏សំខាន់សម្រាប់សេនានុព័ន្ធយោធាទាំង ១៣ ប្រទេស ក្នុងការរាយការណ៍ត្រឡប់ទៅរដ្ឋាភិបាលរៀងៗខ្លួន អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជា។ វាក៏ជាការផ្ញើសារទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជាគឺជាប្រទេសដែលប្រកាន់ខ្ជាប់នូវនីតិរដ្ឋ និងត្រៀមខ្លួនជានិច្ចក្នុងការសហការទ្វេភាគីដើម្បីសន្តិភាពយូរអង្វែង បញ្ចៀសឱ្យបានដាច់ខាតនូវសោកនាដកម្មសង្គ្រាមក្នុងយុគសម័យថ្មីនេះ៕រក្សាសិទ្ធដោយ៖សុទ្ធលី












