ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីខ្លឹមសារស្តីពីជំនួបជម្រាបលាឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពីសំណាក់ឯកឧត្តម Jonathan Kings ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំកម្ពុជា។
នៅរសៀលថ្ងៃទី នៅរសៀលថ្ងៃទី២៣ ២៣ ខែមេសា ខែ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្តម Jonathan Kings ឯកអគ្គរដ្ឋទូតនូវែលសេឡង់ ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្ម ការទូតនៅកម្ពុជា។
នៅក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសារទរ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានបញ្ចប់ អាណត្តិបេសកកម្មដោយជោគជ័យ និងបានកោតសរសើរចំពោះការចូលរួមដ៏មានតម្លៃរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងការពង្រឹង និងពង្រីកបន្ថែមនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងនូវែលសេឡង់។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងការកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា និងកិច្ចសហ ប្រតិបត្តិការរឹងមាំរវាងប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់ នូវែលសេឡង់ដល់កម្ពុជា ក្នុងវិស័យនានារួមមាន អប់រំ កសិកម្ម ពាណិជ្ជកម្មនិងវិនិយោគ និងកិច្ចសហ ប្រតិបត្តិការអភិវឌ្ឍន៍ ជាពិសេស ការផ្តល់ជំនួយសម្រាប់សកម្មភាពបោសសម្អាតមីននៅកម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្តែងការអរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងសហការី នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) ព្រមទាំងស្ថាប័នពាក់ព័ន្ធកម្ពុជា ចំពោះ កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងការគាំទ្រក្នុងអាណត្តិបេសកកម្មរបស់ឯកឧត្តម។
នៅចុងបញ្ចប់នៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត និងបាន បញ្ជាក់ថា កបទ.សអ ត្រៀមខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតថ្មីនៃប្រទេស នូវែលសេឡង់ប្រចាំកម្ពុជា ដើម្បីបន្តលើកកម្ពស់ភាពជាដៃគូយូរអង្វែងរវាងប្រទេសទាំងពីរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី










